
ភ្ញៀវទេសចរទៅលេងទឹកធ្លាក់កាចាញ ក្នុងខេត្តរតនគិរី នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ ខណៈពិធីបុណ្យភ្ជុំបិណ្ឌនឹងឈានមកដល់នៅចុងសប្តាហ៍នេះ (ថ្ងៃទី ២៤-២៦ ខែកញ្ញា ក្រសួងទេសចរណ៍បានប្រកាសក្រើនរំឭកដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរឱ្យពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP ឱ្យបានល្អឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរចេញកម្សាន្តពិសេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
នីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ក្នុងន័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។ ប្រភេទអាជីវកម្មទេសចរណ៍ធំៗទាំង ៤ ដែលត្រូវបានកំណត់ក្នុង SOP រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍, អាជីវកម្មភោជនីយដ្ឋានអាហារដ្ឋានទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
គោលការណ៍សំខាន់ៗដែលត្រូវអនុវត្តក្នុង SOP មានដូចជា ការស្គេន QR Code, ការពាក់ម៉ាស់, វាស់កម្តៅ, ការចាក់វ៉ាក់សាំង, ការរក្សាគម្លាត, ការលាងសម្អាតដៃ, និងការសម្លាប់មេរោគ ជាដើម។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៨ ខែកញ្ញាថា ទោះបីជំងឺកូវីដ ១៩ កំពុងបន្តការចម្លងក្នុងចំណោមប្រជាជនក្នុងស្រុក ប៉ុន្តែការអនុវត្ត SOP គឺត្រូវបានមនុស្សជាច្រើនមើលរំលងទៅហើយ។ ការរំឭកឱ្យគ្រប់ផ្នែកពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ គិតគូរពី SOP គឺពិតជាមានភាពចាំបាច់ណាស់ក្នុងការផ្តល់នូវទំនុកចិត្ត ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់ការឆ្លងរាលដាលកូវីដ ១៩ នៅកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រទាំងស្រុងចំពោះការរំឭកពី SOP ព្រោះជំងឺកូវីដ ១៩ កំពុងតែនៅជុំវិញយើងគ្រប់គ្នា។ ការអនុវត្ត SOP ដោយប្រសិទ្ធភាពគឺមិនត្រឹមតែជួយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយធ្វើឱ្យសង្គមទាំងមូលរីកចម្រើន ហើយចំនួនភ្ញៀវបរទេសមកលេងកម្ពុជាក៏នឹងកើនឡើងផងដែរ»។
លោកអះអាងថា បើតាមការសង្កេត ការអនុវត្ត SOP ពេលនេះគឺមានតែ ២-៣ ប៉ុណ្ណោះក្នុងចំណោម ១០ ទីតាំង។
ម្ចាស់ភោជនីយដ្ឋានដើមព្រីងនៅក្នុងខេត្តបាត់ដំបង លោក វិចិត្រ បានប្រាប់ថា ការក្រើនរំឭករបស់ក្រសួងទេសចរណ៍ទាក់ទងនឹងការពង្រឹងវិធានការ SOP គឺជារឿងល្អ ប៉ុន្តែលោកសង្កេតឃើញថា បច្ចុប្បន្នភ្ញៀវភាគច្រើនមិនអនុវត្តវិធានការទាំងនោះទេ បើទោះបីកន្លែងរបស់លោកដាក់ម៉ាស៊ីនវាស់កម្តៅ និងអាល់កុលលាងដៃ។
លោកបញ្ជាក់ថា៖ «ទោះមិនមានការរំឭករបស់ក្រសួង ក៏ខ្ញុំនៅតែដាក់ឧបករណ៍វាស់កម្តៅ និងណែនាំឱ្យបុគ្គលិកធ្វើការដោយយកចិត្តទុកដាក់ និងចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ជាប្រចាំ»។
រយៈពេល ៧ ខែ ឆ្នាំ ២០២២ ទេសចរផ្ទៃក្នុងចេញដើរកម្សាន្តមានជាង ១,២ លាននាក់ កើន ៨៩០ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះទេសចរជាតិ ១,១ លាននាក់ កើនឡើង ៧៩៩ ភាគរយ និងទេសចរបរទេសផ្ទៃក្នុងជាង ៨ ម៉ឺននាក់ កើន ១ ៣៥២ ភាគរយ៕