
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី១៩ ឆ្នាំ ២០២២ នៅទីក្រុងណានីង កាលពីថ្ងៃទី ១៦ ខែកញ្ញា។ រូបថត SPM
ភ្នំពេញៈ កម្ពុជាគាំទ្រការដាក់ឱ្យដំណើរការជាផ្លូវការនៃ «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់ ៣.០» ស្ថិតក្រោមដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីធ្វើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិនឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅដោយផ្តោតទៅលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម។
នេះគឺជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី១៩ ឆ្នាំ ២០២២ នៅទីក្រុងណាននីង ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មីដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់ ៣.០» តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី ១៦ ខែកញ្ញា។
លោកថ្លែងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងចិន សម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនចាប់តាំងពីការចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិនក្នុងឆ្នាំ ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានាជាបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ «ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រគំនិតផ្តួចផ្តើមស្តីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះទៅជាទម្រង់ ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិនឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម(SMEs)»។
«ខ្ញុំជឿថា ការចាប់ផ្តើមអនុវត្ត (RCEP) ក្នុងឆ្នាំនេះ ក្រៅពីការបង្កើតបន្ថែម និងនាំមកនូវកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគជាច្រើនសម្រាប់ប្រទេសក្នុងតំបន់ ក៏បាន និងកំពុង រួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់ការលូតលាស់វិស័យខាងលើនេះផងដែរ ជាពិសេសនឹងក្លាយជា«ក្របខ័ណ្ឌស្នូល»សម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនទម្រង់ ៣.០ នាពេលខាងមុខ»។ នេះបើយោងតាមការថ្លែងអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឱ្យដឹងក្នុងវេទិកាមួយកាលពីខែឧសភាថា រហូតមកដល់ពេលនេះនៅតែមានការយកចិត្តទុកដាក់កម្រិតទាបចំពោះកិច្ចព្រមព្រៀង (RCEP) នេះ ដោយសារមានកត្តាជាក់ស្ដែងមួយចំនួនដូចជា ការនាំចេញរបស់កម្ពុជាភាគច្រើនជាគោលដៅសម្រាប់ទីផ្សារប្រទេសលោកខាងលិច, ក្រុមហ៊ុនផលិតនៅកម្ពុជាហាក់ពុំទាន់ដឹងច្បាស់ពី RCEP, និង កត្តាមួយទៀត គឺវិស័យឯកជនភាគច្រើនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះកំណើនប្រកបដោយសក្តានុពលនៅក្នុងទីផ្សារដែលមានកិច្ចព្រមព្រៀង RCEP ដែលមានប្រជាជនជិត ២,៣ ពាន់លាននាក់នេះទេ។
លោកបញ្ជាក់ថា៖«រោងចក្រកាត់ដេរភាគច្រើននៅក្នុងប្រទេសជាសមាជិក RCEP អាចទទួលបានប្រយោជន៍ភ្លាមៗពីកិច្ចព្រមព្រៀង RCEP ដោយមិនចាំបាច់កែតម្រូវខ្សែចង្វាក់ផ្គត់ផ្គង់បច្ចុប្បន្នរបស់ពួកគេ»។
បើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាបានសម្រេចបាន «ភាពស៊ាំសហគមន៍រឹងមាំ» ដែលអនុញ្ញាតឱ្យបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ ២០២១ មក។
លោកបានបញ្ជាក់ថា នៅក្នុងរយៈពេល ២ ឆ្នាំមកនេះ រដ្ឋាភិបាលបានខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យអនុវត្តកម្មវិធីកែទម្រង់ជាបន្តបន្ទាប់តាមរយៈការដាក់ឱ្យអនុវត្តនូវ«ច្បាប់វិនិយោគថ្មី» «ក្របខ័ណ្ឌគោលនយោបាយសង្គមសេដ្ឋកិច្ចឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥» និង «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣» និងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។
អាស៊ាន-ចិន ជាដៃគូពាណិជ្ជកម្មដ៏ធំមួយក្នុងតំបន់។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មអាស៊ាន និងចិន មានទឹកប្រាក់ជិត ៩ ពាន់លានដុល្លារ៕