ហុងកុង​គ្រោង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ក្លា​ជាមួយ​កម្ពុជា ដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​ក្នុងការ​បង្កើន​ឱកាស ការវិនិយោគទុន​ដែល​ធ្វើ​ឲ្យ​តំបន់​ស្វយ័ត​ហុងកុង​នឹង​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​កម្ពុជា​នាពេល​ខាងមុខ​។

លោក Algernon Yau អគ្គលេខា​ធិការនៃ​ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ហុងកុង បាន​លើកឡើង​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២២ នា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ថា ហុងកុង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ពង្រីក​ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា បន្ទាប់ពី​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​ត្រូវបាន​រដ្ឋាភិបាល​ចិន​ដាក់បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទាំង​ក្របខ័ណ្ឌ​តំបន់​ស្វយ័ត​ពិសេស​ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​។

អគ្គលេខាធិការ​នៃ​ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ហុងកុង​រូបនេះ​អះអាង​ថា ហុងកុង​ប្រាកដ​នឹង​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​នៅ​ថ្ងៃមុខ​ជាក់​ជាមិនខាន ក៏​ព្រោះ​រដ្ឋបាល​ហុងកុង​ក៏ដូចជា​រដ្ឋបាលកណ្តាល​ទីក្រុង​ប៉េកាំង​ខិតខំបង្កើន​ឱកាស​វិនិយោគ​នានា​ទាំង​តំបន់​ដីគោក និង​ដី​កោះ​។

លោក Algernon Yau បាន​គូសបញ្ជាក់​ពី​មូលហេតុ​នានា​ដែលជា​កត្តា​អំណោយផល​ដល់​ភាពជា​ដៃគូ​សម្រាប់​កម្ពុជា​-​ហុងកុង រួមមាន ទម្រង់​សេដ្ឋកិច្ច​ទីផ្សារសេរី ប្រព័ន្ធ​ពន្ធ​សាមញ្ញ​ និង​មានតម្លៃ បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ បរិយាកាស​ធុរកិច្ច​អន្តរជាតិ និង​ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​តំបន់​អាស៊ាន​។

នា​រាជធានី​ភ្នំពេញ​នៅក្នុង​ពិធី​អបអរសាទរ​ខួប ២៥ ​ឆ្នាំ​ដែល​កោះ​ហុងកុង​បាន​វិល​មក​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន​ក្រោយ​របប​អាណានិគម​អង់គ្លេស ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង ៤០០ ​នាក់​ព្រមទាំង​វត្តមាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang Wentian ផង​នោះ លោក Algernon Yau បាន​ថ្លែង​សុន្ទរកថា​ដូច្នេះ​ថា​៖ «​ក្រោម​ការប្រឹងប្រែង ជ្រោមជ្រែង​ពី​រដ្ឋបាល​កណ្តាល​ជាមួយ​នឹង​គោលនយោបាយ​ប្រទេស​មួយ ប្រព័ន្ធ​គ្រប់គ្រង​ ២ ហុងកុង​បាន​កែប្រែ​ខ្លួន​ទៅជា​ទីក្រុង​លំដាប់​ពិភពលោក​នា​រយៈកាល ២៥ ​ឆ្នាំ​ចុងក្រោយ​នេះ »​។

លោក​បាន​ថ្លែង​បន្ថែមថា​៖ «​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ធ្វើការ​ជាមួយ​ដៃគូ​ក្នុង​តំបន់​របស់​យើង រួមទាំង​កម្ពុជា​ផង ដើម្បី​ចាប់យក​ឱកាស​អាជីវកម្ម​ដែល​មិន​ធ្លាប់មាន​ពីមុនមក »​។

នា​អំឡុង​ដំណើរ​ទស្សនកិច្ច ​៤ ​ថ្ងៃ​នៅ​កម្ពុជា​របស់​អគ្គលេខាធិការ​នៃ​ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ហុងកុង លោក​ Algernon Yau​ បាន​ជួបពិភាក្សា​ជាមួយ​សមាស​ភាគី​អាស៊ាន​នានា​ ដើម្បី​ជំរុញ​វត្តមាន​របស់​ហុងកុង​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) ផងដែរ​។

ទោះបី​ស្ថិត​ក្នុង​វិបត្តិ​កូវីដ ​១៩​ក្តី កាលពី​ឆ្នាំ​ ២០២១ កន្លងទៅ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ហុងកុង បាន​កើនឡើង​ក្នុង​រង្វង់ ៨% គិត​ជា​ទឹកប្រាក់​ទំហំ​ប្រមាណ ១,២ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម ហុងកុង​។ តាម​ទិន្នន័យ​នេះ ហុងកុង​ឈរ​នៅ​លំដាប់​ទី​ ១១ ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​កម្ពុជា​។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​៕