
សៀមរាបៈ គម្រោងវិនិយោគសួនចិញ្ចឹមសត្វ និងអាងចិញ្ចឹមត្រីលំដាប់ពិភពលោក តម្លៃប្រមាណ ៧០ លានដុល្លារលើផ្ទៃដីប្រមាណ ១០០ ហិកតា (សាងសង់ជាដំណាក់កាល) របស់ក្រុមហ៊ុន Angkor Wildlife and Aquarium នៅក្នុងខេត្តសៀមរាបគ្រោងនឹងចាប់ផ្តើមបើកដំណើរការក្នុងចុងខែតុលាខាងមុខនេះហើយ។
ឧទ្យាននេះស្ថិតនៅក្នុងឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ដោយមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប។
អភិបាលស្រុកសូត្រនិគម លោក ម៉ក់ ប្រុស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១៩ ខែកញ្ញាថា Angkor Wildlife and Aquarium ត្រូវបានវិនិយោគដោយវិនិយោគិនក្នុងស្រុក និងបរទេស (អាមេរិក និងជប៉ុន) ក្នុងគោលបំណង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសក្នុងស្រុកសូត្រនិគម តាមរយៈការបង្កើតឱ្យមានកន្លែងកម្សាន្តលំដាប់ពិភពលោក សម្រាប់ទទួលភ្ញៀវទេសចរពីគ្រប់ទិសទី ព្រមទាំងបង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាជនក្នុងតំបន់។ លោកបន្តថា គម្រោងនេះត្រូវបានសាងសង់ឡើងយ៉ាងពិសេសដោយមានការនាំយកពូជត្រី និងសត្វចិញ្ចឹមកម្រៗជាច្រើនមកដាក់ក្នុងទីនោះ។
លោកបានថ្លែងថា៖ «គម្រោងនេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់កិត្យានុភាពតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពសម្បូរបែប និងចម្រុះកាន់តែច្រើន។ តាមរយៈគម្រោងនេះខ្ញុំរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនបានទៅទស្សនាក្នុងទឹកដីស្រុកសូត្រនិគម។ វាជាកន្លែងទស្សនាសត្វចម្រុះដ៏ច្រើន»។
បើតាមលោក ម៉ក់ ប្រុស ដែលទើបបានជួបជាមួយនឹងម្ចាស់គម្រោងវិនិយោគនេះកាលពីពេលថ្មីៗ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សួនចិញ្ចឹមសត្វ និងអាងចិញ្ចឹមត្រីលំដាប់ពិភពលោកនេះ គឺគ្រាន់តែជាការងារជំហានទី ១ របស់ក្រុមហ៊ុនប៉ុណ្ណោះ ដោយនៅជំហានបន្ទាប់ក្រុមហ៊ុនមានផែនការវិនិយោគលើការសាង់សង់តំបន់កម្សាន្តបែបធម្មជាតិ (មានកន្លែងរស់នៅ, ស្ទឹង) និងសាងសង់សណ្ឋាគារប្រណីត ជាដើម។
ម្ចាស់គម្រោងវិនិយោគនេះ ក៏កំពុងជំរុញឱ្យប្រជាជនក្នុងតំបន់បង្កើនការដាំដុះបន្លែផ្លែឈើ ដើម្បីទុក សម្រាប់ផ្គត់ផ្គង់ឱ្យភ្ញៀវទៅកម្សាន្តនោះទីនោះផងដែរ។ នេះបើតាម លោក ម៉ក់ ប្រុស។
បណ្តាញសង្គមផ្លូវការរបស់លោកស្រី ទាង អេង ដែលជាភរិយារបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាបកាលពីថ្ងៃទី ១៧ ខែកញ្ញាបានលើកឡើងថា នៅក្នុងឧទ្យានលំដាប់ពិភពលោករបស់ Angkor Wildlife and Aquarium គឺមានត្រីទឹកសាបរស់នៅក្នុងទន្លេមេគង្គដែលមានរូបរាងប្លែកធំ ពិសេសត្រីរាជទម្ងន់ដល់ទៅជាង ១០០ គីឡូក្រាម។
លោកស្រីសរសេរថា៖ «កុំច្រឡំថានៅស្រុកក្រៅពុកម៉ែ បងប្អូន នេះជាឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក គ្រោងនឹងបើកនៅចុងខែ ១០ ឆ្នាំ ២០២២ នាពេលខាងមុខនេះហើយនៅក្នុងខេត្តសៀមរាបយើងហ្នឹង ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន អមជាមួយប្រាសាទអង្គរ»។
នាយកចាត់ការទូទៅនៃក្រុមហ៊ុន Angkor Wildlife and Aquarium លោក ម៉េង ហៀង មិនអាចទាក់ទងបានទេកាលពីថ្ងៃទី ១៩ ខែកញ្ញា ប៉ុន្តែកាលពីខែមិថុនា លោកបាននិយាយថា នៅក្នុងកន្លែងរបស់លោកនឹងមានប្រភេទវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើក) និងពពួកសត្វនៅលើគោកជាច្រើនដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ ក្រៅពីសាងសង់កន្លែងចិញ្ចឹម ក៏មានការសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃផងដែរ។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនមានបំណងស្នើសុំគោលការណ៍នាំចូលប្រភេទសត្វព្រៃចំនួន ៨ ប្រភេទ ស្មើនឹង ៦១ ក្បាល ដែលមានដូចជា ដំរីអាស៊ី Asian elephant Elephas maximus ៨ ក្បាល,ខ្លាធំ Sumatran tiger Panthera tigris sumatrae ៨ ក្បាល,ខ្លាឃ្មុំតូច Sun bear Ursus malayanus ៥ ក្បាល,ភេតូច Oriental small-clawed otter Aonyx cinereus ១០ ក្បាល,ស្កាតូច Small asian mongoose Herpestes javanicus ១០ ក្បាល,កាំប្រមា East asian porcupine Hystrix brachyura ១០ ក្បាល,ពស់ថ្លាន់ធំ Reticulated python Python reticulatus ៥ ក្បាល,ពស់ខ្សែគោក្រហមត្នោត Oriental whip snake Ahaetulla prasina ៥ ក្បាល»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់បាននិយាយថា គម្រោងសួនសត្វនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ចាត់ទុកជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប ដែលជាខេត្តប៉ូលសេដ្ឋកិច្ចជាតិសម្រាប់វិស័យទេសចរណ៍។
លោកបានបន្ថែមថា សួនសត្វ មិនគ្រាន់តែជាចំណីចក្ខុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងថែរក្សា ការពារប្រភេទសត្វព្រៃ និងមច្ឆជាតិកម្ពុជាដែលជិតផុតពូជ និងខ្លះមានដោយកម្រ។ ម្យ៉ាងទៀត ជាកន្លែងផ្សព្វផ្សាយ អប់រំ និងយល់ដឹងបានស៊ីជម្រៅអំពីគ្រប់ប្រភេទសត្វដល់យុវជនកម្ពុជាជំនាន់ក្រោយ និងបម្រើវិស័យទេសចរណ៍នាពេលអនាគតដ៏ខ្លី៕
វីដេអូ៖