The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - SME Global Finance ដឹកនាំ​សមាជិក​មក​សិក្សា​ពី SME នៅ​កម្ពុជា

SME Global Finance ដឹកនាំ​សមាជិក​មក​សិក្សា​ពី SME នៅ​កម្ពុជា

Content image - Phnom Penh Post
លោក Matthew Gamser (​ឆ្វេង​) និង​លោក អ៊ិន ចាន់នី ផ្តល់​បទសម្ភាសន៍​។ សហការី

SME Global Finance ដឹកនាំ​សមាជិក​មក​សិក្សា​ពី SME នៅ​កម្ពុជា

ភ្នំពេញៈ វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច និង​មធ្យម SME Global Finance ដែល​គ្រប់គ្រង​ដោយ​ហិរញ្ញវត្ថុ​សហប្រតិបត្តិការ​អន្តរជាតិ (IFC) ​បាន​ជ្រើសរើស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច និង​មធ្យម​សកល​លើក​ទី​ ៩ នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​នាំយក​ប្រទេស ៦០ ​ជាមួយ​អ្នក​ចូលរួម​ជាង ៤០០ ​នាក់​ ដើម្បី​មក​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធ​លើ​ការអភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ​(SME)​។

ក្នុង​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ព្រឹត្តិការណ៍​វេទិកា​ហិរញ្ញវត្ថុ SME សកល​លើក​ទី​ ៩ ឆ្នាំ​ ២០២២ នេះ​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ថ្ងៃទី​ ១៩-២១ ខែកញ្ញា ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ឌីជីថល​នីយកម្ម​អាច​ជំរុញ និង​ពន្លឿន​ហិរញ្ញវត្ថុ​បៃតង ការបង្កើន​ប្រសិទ្ធភាព​ខ្សែចង្វាក់​ផ្គត់ផ្គង់ កែលម្អ​សុវត្ថិភាព​ទិន្នន័យ ដំណើរការ​ដោយ​ស្វ័យប្រវត្តិ និង​ការនាំ​ទៅរក​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​។

ក្នុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ Global SME Finance ទៅកាន់​ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពី​ថ្ងៃទី​ ១៩ ខែកញ្ញា ឆ្នាំ​ ២០២២ លោក Matthew Gamser អគ្គនាយក​វេទិកា​ហិរញ្ញវត្ថុ SME បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា បេសកកម្ម​ស្ថាប័ន​របស់​លោក​ដែល​នាំ​អ្នក​ចូលរួម​ជាង ៤០០ ​នាក់​មកពី​ ៦០ ​ប្រទេស​មក​កម្ពុជា​គឺ​ដើម្បី​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធ និង​កសាង​បណ្តាញ SMEs​។

លោក​ថ្លែងថា​៖ «​ជា​រៀងរាល់ឆ្នាំ យើង​មាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដោយ​យើង​ព្យាយាម​នាំ​មនុស្ស​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញ​ទៅមក​។ ក្នុងឆ្នាំនេះ ពួកយើង​ជ្រើសរើស​មក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​វា​ជា​កន្លែង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍ ដែល​យើង​មាន​ស្ថាប័ន​ដូចជា ធនាគារ​អេស៊ីលីដា ពិតជា​កត្តា​ជំរុញ​នៃ​របៀប​ដែល​អ្នក​អាច​បម្រើ​អាជីវកម្ម​ខ្នាតតូច មីក្រូសហគ្រាស និង​អ្នកប្រើប្រាស់​តាម​វិធី​ផ្សេងៗ ដែល​នឹងមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​»​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​មក​ទីនេះ ដោយសារ​បេសកកម្ម​របស់​យើង គឺ​លើកកម្ពស់​ការសិក្សា និង​ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​ថ្មី​។ យើង​អាច​កសាង​បាន ហើយ​ថែមទាំង​មាន​ការ​សន្ទនា​ដ៏ល្អ​ពី​មនុស្ស​ជាច្រើន​ពី​វិស័យ​សាធារណៈ​នៅទីនេះ​។ យើង​នឹង​មាន​កិច្ចពិភាក្សា​ល្អ​ពី​របៀប​បង្កើត​បរិយាកាស​ល្អ​ ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​គាំទ្រ​ប្រកប​ដោយ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​»​។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី លោក អ៊ិន ចាន់នី បាន​និយាយ​ថា ធនាគារ​លោក​បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន ដោយ​ផ្តើម​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​រហូត​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ធំជាងគេ​មួយ​នៅ​កម្ពុជា​។ អេស៊ីលីដា គឺជា​ធនាគារ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ប្រទេស​ជិតខាង​រួមមាន​ប្រទេស​ឡាវ ឆ្នាំ​ ២០០៨ និង​មីយ៉ាន់ម៉ា ក្នុង​ឆ្នាំ​ ២០១៣​។ ក្នុង​ខែឧសភា ឆ្នាំ​ ២០២០ អេស៊ីលីដា បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​ (​ផ.ម.ក​)៕

អត្ថបទគួរចាប់អារម្មណ៍