ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លោក ប៉ាន សូរស័ក្តិ បាន​ឱ្យ​ដឹងថា កម្ពុជា​កំពុងស្ថិត​លើផ្លូវ​ ដើម្បី​បញ្ចប់​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​ (PEDs) ​ទាំង​ ១៩ នៅ​ឆ្នាំនេះ ដោយ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​។ ក្នុងនោះ​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​ ៥ ក្នុង​ចំណោម​ ៩ ​ដែល​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​។

សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​ចំនួន ១៩ របស់​កម្ពុជា​នៅ​ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ត្រូវ​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី២៨ (AEM) ​កាលពី​ថ្ងៃទី​ ១៦ មីនា ឆ្នាំ​ ២០២២​។

ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​ថ្ងៃទី​ ១៨ ខែកញ្ញា ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ (AEM) ​នៅក្នុង​ខេត្ត​សៀមរាប​ សម្រាប់​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ក្នុង​ដំណើរ​ផ្លូវ​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​បញ្ជាក់ថា សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព ៥ ក្នុង​ចំណោម ​៩ ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​យើង​គឺ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​»​។

លោក​បន្ថែមថា សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​ទាំងនោះ រួមមាន​កម្មវិធី​ការងារ​ ដើម្បី​គាំទ្រ​ការអនុវត្ត​ក្របខ័ណ្ឌ​សម្រាប់​សេដ្ឋកិច្ច​សារាចរ​ សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កញ្ចប់​ឧបករណ៍​គោលនយោបាយ​, ការរួមបញ្ចូល​បទប្បញ្ញត្តិ​ដែល​ផ្តោតលើ​ភាព​ជា​សហគ្រិន​ស្ត្រី​នៅក្នុង​គោលនយោបាយ​មីក្រូ-សហគ្រាស​ធុន​តូច និង​មធ្យម ​(MSME) ​អាស៊ាន​, ការចាប់ផ្តើម​ការចរចា​ សម្រាប់​កិច្ចព្រម​ព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​ការប្រកួត​ប្រជែង​ការចាប់ផ្តើម​ការចរចា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ATIGA), និង​ពិធីសារ​ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ការធ្វើ​ចរាចរណ៍​រូបវន្តបុគ្គល​ (​រង់ចាំ​ការចុះហត្ថលេខា​លើ​ពិធីសារ​)​។

លោក​លើកឡើង​ថា​៖ «PEDs ដែល​នៅ​សេសសល់​ក៏​ស្ថិត​នៅ​លើផ្លូវ​ដែល​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំនេះ​ដែរ​។ ខ្ញុំ​សូម​បញ្ជាក់ថា ការសម្រេច​ចុងក្រោយ​នៃ PEDs នឹង​ធានាថា អាស៊ាន​នឹងមាន​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​ សម្រាប់​តំបន់​នេះ​ ដើម្បី​លើកកម្ពស់​ការតភ្ជាប់​ឌីជីថល វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​បង្រួម​គម្លាត​អភិវឌ្ឍន៍​ សម្រាប់​ភាព​ប្រកួតប្រជែង​របស់​អាស៊ាន លើកកម្ពស់​សមាហរណកម្ម​បរិយាប័ន្ន​ភាព​ធន់ និង​ការប្រកួត​ប្រជែង​របស់​អាស៊ាន និង​ពង្រឹង​អាស៊ាន​សកល​ សម្រាប់​កំណើន និង​អភិវឌ្ឍ​»​។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​សេចក្តី​ថ្លែងការណ៍​រួម​ថា រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​ស្វាគមន៍​ចំពោះ​ការបញ្ចប់​ PEDs ចំនួន ៤ ក្រោម​ការត្រួត​ពិនិត្យ​របស់ AEM​។

លោក​និយាយ​ថា​៖ «​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​កត់សម្គាល់​ពី​វឌ្ឍនភាព​ដែល​បានធ្វើ​ឡើង​នៅក្នុង​ការអនុវត្ត PEDs ផ្សេងទៀត​ក្នុង​ឆ្នាំ​ ២០២២ ក្រោម​ការត្រួតពិនិត្យ​របស់ AEM ហើយ​ទន្ទឹង​រង់ចាំ​ការបញ្ចប់​ទាន់​ពេលវេលា​នៅ​ឆ្នាំ​ ២០២២»​។

បើ​យោង​តាម​លោក សុវិជាតិ​សេដ្ឋកិច្ច​អាស៊ាន​បាន​កើនឡើង ៣,៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ជាមួយ​នឹង​កំណើន​ដែល​ជំរុញ​ដោយ​ការស្ទុះ​ងើបឡើង​វិញ​នៃ​ការប្រើប្រាស់ ការវិនិយោគ និង​ពាណិជ្ជកម្ម គាំទ្រ​ដោយ​ដំណើរការ​ប្រកប​ដោយ​ជោគជ័យ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង ដែល​អាច​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​បើក​ដំណើរការ​ក្នុង​ស្រុក​ឡើងវិញ​។

លោក​ឱ្យ​ដឹងថា គិត​ត្រឹម​ពាក់កណ្តាល​ខែសីហា ឆ្នាំ​ ២០២២ អត្រា​ការចាក់​វ៉ាក់សាំង​គ្រប់​ដូស​ក្នុង​តំបន់​អាស៊ាន​សម្រេចបាន ៦៩,០​ ភាគរយ ខណៈ​ប្រជាជន ៣០,៥ ​ភាគរយ បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​។ សម្ទុះ​កំណើន​សេដ្ឋកិច្ច​នឹង​បន្ត​ដល់​ឆ្នាំ​ ២០២២ ជាមួយ​នឹង​ការព្យាករ​កំណើន ៥,០ ភាគរយ និង​ឆ្នាំ​ ២០២៣ ជាមួយ​នឹង​ការ​ព្យាករ​កំណើន ៥,២ ​ភាគរយ​។

យោងតាម​លោក សុវិជាតិ ​លោក​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាងខ្លាំង​ក្នុង​ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​អាស៊ាន​នៅក្នុង​ឆ្នាំ ​២០២១ ដោយសារ​ពាណិជ្ជកម្ម​ទំនិញ​ដែល​ជំរុញ​ដោយ​ផលិតផល​អគ្គិសនី​កើនឡើង ២១,៥ ​ភាគរយ និង​ឥន្ធនៈ​កើនឡើង ៥២,២ ​ភាគរយ​សម្រេចបាន ៣ ៣៤០,៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១ ឬ​កើន ២៥,២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ទន្ទឹមនឹងនេះ ការវិនិយោគ​សម្រេចបាន ១៧៤,១ ​ពាន់​លាន​ដុល្លារ ឬ​កើនឡើង ៤២,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ជាមួយ​នឹង​ការកើនឡើង​ដ៏រឹងមាំ​ត្រូវបាន​កត់សម្គាល់​ក្នុង​វិស័យ​ផលិតកម្ម ហិរញ្ញវត្ថុ និង​សេវាកម្ម​ធានារ៉ាប់រង​»៕