ភ្នំពេញៈ កម្ពុជា​ប្រមូល​បាន​ប្រាក់​ជាង ៣០៤ ​លាន​ដុល្លារ​ ពី​​ការ​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ៨ ​ខែ​ ដើម​ឆ្នាំ​ ២០២២ ថយ​​ជាង ៦ ​ភាគ​រយ ​បើ​ធៀប​នឹង​​​រយៈ​ពេល​ដូច​គ្នា​​ឆ្នាំ​ ២០២១​​។ នេះ​បើ​តាម​ទិន្នន័យ​ពី​អគ្គ​​នាយក​ដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ទិន្នន័យ​​បង្ហាញ​ថា ចាប់ពី​ខែ​មករា​ដល់​ខែ​សីហា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ និង​ឈើកៅស៊ូ ក្នុង​ទឹក​ប្រាក់​សរុប ៣០៤ ៣៨៥ ១៦០ ដុល្លារ ធ្លាក់​ចុះ​ ៦,៧២ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​មាន​ចំនួន ៣២៦ ៣៣៨ ៧២៨ ដុល្លារ។

បើយោង​តាម​ទិន្នន័យ​ការ​នាំចេញ​ជ័រកៅស៊ូ ក្នុង​រយៈពេល​​ ៨ ​ខែ​ឆ្នាំ​ ២០២២ គឺ​មាន​​​បរិមាណ​ ១៩៤ ០១៤ ​តោន កើន​ឡើង ១ ៤៥៣ ​តោន​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ប្រមូល​បាន​ប្រាក់​ ៣០១,២៩ ​លាន​ដុល្លារ។ រីឯ​ការ​នាំ​ចេញ​ឈើ​កៅស៊ូ មាន​ ២០ ៦២៩ ​ម៉ែត្រ​គុប និង​ប្រមូល​បាន​ប្រាក់ ៣ ០៩១ ៥៨៩ ​លាន​ដុល្លារ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​កៅស៊ូ លោក ហ៊ឹម អូន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​ថា បញ្ហា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដែល​នៅតែ​បន្ត​ជួប​បញ្ហា​ដោយសារ​វិបត្តិ​មួយ​ចំនួន​ដូចជា ជំងឺ​កូវីដ​ ១៩ វិបត្តិ​ភូមិសាស្រ្ត​នយោបាយ​រវាង​ចិន-អាមេរិក និង​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ បាន​ធ្វើ​ទីផ្សារ​​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​មិន​សូវល្អ​ទេ​។ លោក​បន្ត​ថា ទោះយ៉ាងណា​ទីផ្សារ​នេះ​​​នឹង​អាច​​​ដំណើរការ​ល្អ​ឡើង​វិញ​នៅ​ពេល​ស្ថានភាព​​​​ពេលនេះ​កន្លង​ផុត​ទៅ ពិសេស​ការ​លុប​បំបាត់​ជំងឺ​កូវីដ​ ១៩ ដែល​នឹង​អនុញ្ញាត​ឱ្យ​ការ​ធ្វើ​ដំណើរ​ច្រើន​ដូច​មុន​អំឡុង​​ឆ្នាំ​ ២០១៩ ​។

លោក​​​ថ្លែង​ថា៖​ «ទោះបី​ពេលនេះ​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​មិនមាន​ទីផ្សារ​ល្អ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា​វា​នឹង​ល្អ​ឡើង​វិញ​ក្នុងពេល​ឆាប់ៗ ពិសេស​ការ​ប្រមូល​ទិញ​ពី​​សំណាក់​រោងចក្រ​ផលិត​កៅស៊ូ​កង់​រថយន្ត​ក្នុង​ស្រុក ដែល​នឹង​ដំណើរការ​នៅ​ពេល​ខាង​មុខ»។

លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ​សុភក្តិនីកា ដែល​ជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​កៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិ​ បាន​និយាយ​ថា ទីផ្សារ​ផលិតផល​កៅស៊ូ​ធម្មជាតិ​លើ​ពិភពលោក​ក្នុង​រយៈពេល​ប្រមាណ ២ ​​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​សូវ​ល្អ​ទេ ដោយ​មាន​តម្លៃ​ប្រមាណ​ ១ ៦០០ ​ដុល្លារ​​ ក្នុង​ ​១ ​តោន។ ទន្ទឹម​​នឹង​តម្លៃ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​នេះ​ អ្នក​វិនិយោគ​នៅ​កម្ពុជា​ក៏​​ជួប​នឹង​បញ្ហា​ប្រឈម​សំខាន់​ៗ​​មួយ​ចំនួន​ដែរ ពិសេស​ការ​កើន​ឡើង​នៃ​តម្លៃ​ពលកម្ម​ និង​មិនសូវ​មាន​កម្មករ​​។​ លោក​បន្ត​​ថា ​ទោះបី​នៅ​កម្ពុជា​ពេលនេះ​ មាន​រោងចក្រ​ផលិត​កង់​កៅស៊ូ​មួយ​ចំនួន​កំពុង​​ដំណើរការ​ ក៏​តម្រូវការ​​ជ័រ​កៅស៊ូ​ហាក់​មិន​ទាន់​​មាន​ច្រើន​ទេ ដោយ​ទិន្នផល​ជ័រ​កៅស៊ូ​​​កម្ពុជា​ នៅ​តែ​ពឹង​ផ្អែក​ខ្លាំង​​លើ​ការ​នាំ​ចេញ​។

លោក​បាន​បញ្ជាក់​ថា៖​ «​បញ្ហា​ទី​ផ្សារ និង​តម្លៃ​ពលកម្ម​ខ្ពស់​​ធ្វើឱ្យ​ការ​ដាំដុះ និង​វិនិយោគ​ថ្មី​លើ​ផលិតកម្ម​កៅស៊ូ មិន​រីក​ចម្រើន​ទេ​នា​ពេល​នេះ»។

ទោះបី​យ៉ាងណា​ជាមួយ​នឹង​ក្តី​សង្ឃឹម​ចំពោះ​រោងចក្រ​ផលិត​​កង់​រថយន្ត​ក្នុង​ស្រុក លោក សុភក្តិ ដែល​ពេល​ថ្មីៗ​នេះ​ទើប​បាន​ជួប​​ជាមួយ​​នឹង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ផលិត​កង់​រថយន្ត​នៅ​ក្នុង​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង បាន​និយាយ​ថា៖​«​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ដំណើរការ​ល្អ​ ចង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ផលិត​កង់​កៅស៊ូ​រថយន្ត​​នេះ​នឹង​ដំណើរការ​កាន់តែ​ល្អ ហើយ​ក្រុមហ៊ុន​នឹង​បញ្ជា​ទិញ​ផលិតផល​ជ័រកៅស៊ូ​ក្នុង​ស្រុក​កាន់តែ​ច្រើន​»​។

យោង​តាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ដីដាំ​កៅស៊ូ​សរុប ៤០៤ ០៤៤​ ហិកតា ក្នុង​នោះ​ផ្ទៃដី​កំពុង​ចៀរជ័រ ​ចំនួន ៣១០ ១៩៣ ​ហិកតា និង​​ផ្ទៃដី​ថែទាំ​​ចំនួន ៩៣ ៨៥១ ​​ហិកតា​។ ជ័រ​កៅស៊ូ​ពី​ខែ​មករា-ខែ​សីហា ឆ្នាំ​ ២០២២ មាន​តម្លៃ​ជា​មធ្យម​​ ១ ៥៥៣​ ដុល្លារ​ក្នុង​ ១​ តោន ថយចុះ ១១៩ ​​​ដុល្លារ​ ឬ​​ស្មើ​នឹង -៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១។

កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​ប្រមូល​ផល​ជ័រ​កៅស៊ូ​បាន​ចំនួន ៣៦៨ ០០០ ​តោន ក្នុង​នោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ៣៦៦ ០០០ ​តោន ​រក​​​​ចំណូល​បាន ៦១០ ២៥៥ ៨០០ ​ដុល្លារ។​នេះ​​បើ​​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ៕