
ស្ថាប័នហិរញ្ញវត្ថុចំនួន ៣ បានចូលរួមគ្នាដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ការកសាងសមត្ថភាព និងការលើកកម្ពស់ប្រព័ន្ធអេកូបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់ការធ្វើធុរកិច្ចក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា (CAFT) កាលពីថ្ងៃទី ១៩ ខែកញ្ញា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតនៃក្របខ័ណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ។
លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នាទាំង ៣ ភាគីនេះមានគោលបំណងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ដ្រ និងក្លាយជានិមិត្តសញ្ញានៃការបន្តការប្តេជ្ញាចិត្តរវាងសមាគមទាំង ៣ ទៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។
លោកលើកឡើងថា៖ «ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាតឹកតាងបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់សមាគមទាំង ៣ ក្នុងការលើកកម្ពស់បន្ថែមទៀតលើការអភិវឌ្ឍក្របខ័ណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការអនុវត្តបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល»។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះថា ខ្ញុំបាទជឿជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ ២០២២ សមាជិកសមាគមទាំង ១២២ កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់ប្រាក់កម្ចីដល់ប្រជាជនប្រមាណ ២ លាននាក់ ដែលមានតម្លៃជាង ៨,៧ ពាន់លានដុល្លារ ខណៈដែលប្រាក់បញ្ញើពីប្រជាជនជាង ២,៦ លាននាក់មានតម្លៃ ៤,៦ ពាន់លានដុល្លារតួលេខនេះមិនរាប់បញ្ចូលធនាគារ ៥ ផ្សេងទៀតដែលជាសមាជិកនោះទេ។
លោកថ្លែងថា៖ «អនុស្សរណៈយោគយល់គ្នានេះនឹងរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចកវិទ្យាថ្មីៗ ជាពិសេសវាជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល និងរហ័សក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត»។
លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាបានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះគឺជាស្មារតីនៃកិច្ចសហការ ដែលជាកម្លាំងចលករ និងមាគ៌ាដ៏ត្រឹមត្រូវសម្រាប់សមាគមទាំង ៣ ដើម្បីរួមកម្លាំងគ្នាឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយបញ្ហាតាមវិស័យ ដោយលើកកម្ពស់ការយល់ដឹង ការអប់រំ និងសំខាន់បំផុតការបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលឧស្សាហកម្មនេះកំពុងជួបប្រទះ។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នា រវាងសមាគមទាំង ៣ ក៏បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។
លោកថ្លែងថា៖ «ការដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ដូចជាការទូទាត់និម្មិត បច្ចេកវិទ្យា contactless ការទូទាត់តាមទូរស័ព្ទដៃ ការទូទាត់ QR Code និងការវាយតម្លៃឥណទានតាមអនឡាញជាដើម។ ដូច្នេះជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ យើងជឿជាក់ថានឹងផ្តល់នូវភាពងាយស្រួល តម្លៃសមរម្យ លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនដែលពីមុន មិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ»៕