ភ្នំពេញៈ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway Plc) ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុផលិតផល​ក្នុងស្រុក Royal Group បាន​ទទួល​ការយល់ព្រម​ជាគោលការណ៍​ពី​ក្រុមប្រឹក្សា​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ (NBFSA) ​ដែលជា​ការបើក​ផ្លូវ​ឱ្យមាន​ការរៀបចំ​បោះផ្សាយ​មូលបត្រ​បំណុល​ដែល​ខ្លួន​គ្រោង​មូលធន​ប្រហែល​ ១០ ​លាន​ដុល្លារ​ ពី​ទីផ្សារ​មូលបត្រ​កម្ពុជា​ (CSX)​។

ការអនុម័ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​របស់ NBFSA ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន NBFSA លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា និង​មាន​ការចូលរួម​ពី​និយតករ​មូលបត្រ​កម្ពុជា​ (SERC) ផងដែរ​។

លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២០ ខែកញ្ញា​ថា ខណៈ​ដែល​ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ សម្រាប់​ការចុះបញ្ជី វា​នឹង​តម្រូវឱ្យ​ពួកគេ​ធ្វើការ​ជាមួយ CSX សម្រាប់​ការរៀបចំ​បោះផ្សាយ​។

លោក​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​គិតថា​ ក្រុមហ៊ុន​នឹងមិន​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការរៀបចំ​បោះផ្សាយ​នោះទេ ដោយសារ​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​។ នៅ​ជំហាន​បន្ទាប់ ក្រុមហ៊ុន​នឹង​បន្ត​នីតិវិធី​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា​ សម្រាប់​ការចុះបញ្ជី​»​។

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​របស់ CSX លោកស្រី គឹម សុផានីតា បានឱ្យ​ដឹងថា​បន្ទាប់ពី​ក្រុមហ៊ុន​ទទួល​បាន​ការយល់ព្រម​ជា​គោលការណ៍ ក្រុមហ៊ុន​នឹងដាក់​ពាក្យសុំ​លក់​មូលបត្រ​បំណុល​របស់​ពួកគេ​ទៅកាន់​សាធារណជន និង​/​ឬ​អ្នកទិញ​គោលដៅ​ដែល​ត្រូវគេ​ហៅថា «​ការធ្វើ​រ៉ូតសូ និង​បើក​ដំណើរការ​បរិវិសកម្ម​»​។

អ្នកស្រី​ប្រាប់ថា​៖ «​នៅពេល​ដែល​ពួកគេ​បានបញ្ចប់​ដំណើរការ​ចេញ​មូលបត្រ​បំណុល និង​ទទួល​បាន​លិខិត​យល់ព្រម​ពី SERC ជំហាន​ចុងក្រោយ គឺ​ត្រូវដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ទៅ ​CSX​។ ខ្ញុំ​រំពឹងថា​ក្រុមហ៊ុន​អាចដាក់​ពាក្យសុំ​ចុះបញ្ជី​នៅ​ពាក់កណ្តាល​ខែតុលា​ ប្រសិនបើ​អ្វីៗ​ដំណើរការ​ទៅដោយ​រលូន​»​។

ក្រុមហ៊ុន Royal Railway ទទួល​ការយល់ព្រម​ជា​គោលការណ៍​ពី CSX កាលពី​ថ្ងៃទី​ ៧ ​ខែកញ្ញា​។ សញ្ញាបណ្ណ​សាជីវកម្ម​របស់ Royal Railway នឹង​ត្រូវ​បានចេញ​ជា​លើកដំបូង​នៅលើ​ CSX នៅ​ឆ្នាំ​នេះហើយ ក្រុមហ៊ុន​នេះ​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទី​២ របស់ Royal Group ដែល​ចេញ​មូលបត្រ​បំណុល​ប្រភេទ​នេះ​ បន្ទាប់ពី​ក្រុមហ៊ុន​ Telcotech Ltd កាលពី​ថ្ងៃទី​ ៩​ ខែកញ្ញា ឆ្នាំ​ ២០២១ បាន​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ដែលមាន​តម្លៃ ៨០ ​ពាន់​លាន​រៀល ​(២០​ លាន​ដុល្លារ​)​។

កាលពី​ថ្ងៃទី​ ១២ ខែមិថុនា ឆ្នាំ​ ២០០៩ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​កិច្ចព្រមព្រៀង​សម្បទាន​រយៈពេល ៣០ ​ឆ្នាំ​ឱ្យ​ដល់ Toll (Cambodia) Co Ltd ​ដែលជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន Toll Holding Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​អូស្ត្រាលី និង​ក្រុមហ៊ុន​ Royal Group ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្លូវដែក​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ទោះជា​យ៉ាងណា កាលពី​ឆ្នាំ​ ២០១៤ ក្រុមហ៊ុន Toll Holding បាន​ផ្ទេរ​ភាគហ៊ុន​ ៥៥ ​ភាគរយ​របស់ខ្លួន​ក្នុង​ក្រុមហ៊ុន Toll Cambodia ទៅឱ្យ​ក្រុមហ៊ុន​ Royal Group ដែល​បន្ទាប់មក​បាន​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន​នេះ​ទៅ​ជា​ក្រុមហ៊ុន Royal Railway Cambodia​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ១៦ បាន​ចុះបញ្ជី​លើ CSX ក្នុងនោះ ៧​ បាន​ចេញ​លក់​ភាគហ៊ុន​នៅ​ទីផ្សារ​គោល​ហើយ​ក្រុមហ៊ុន ២ ចុះបញ្ជី​នៅលើ​ទីផ្សារ​កំណើន និង​សាជីវកម្ម ៧ ចុះបញ្ជី​មូលបត្រ​បំណុល​របស់​ខ្លួន​៕