ភ្នំពេញៈ លទ្ធផល​ល្អ​ពី​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ការបើក​ប្រទេស និង​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​បាន​ឆាប់រហ័ស​បាន​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​ភាពវិជ្ជមាន​ស្ទើរ​គ្រប់​វិស័យ​ជា​បណ្តើរៗ​ជាក់ស្តែង​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​វិនិយោគឯកជន​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៧៥ ដែលមាន​ទុនវិនិយោគ ២,៤​ ពាន់​លាន​ដុល្លារ កើន​ ១៥៩,៣ ​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​ចុងសប្តាហ៍​មុន​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២២ ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​ល្អប្រសើរ​ឡើង​បន្តិច​ហើយ ដោយ​គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ចំនួន ៧៥ ​គម្រោង កើនឡើង ២២ ​គម្រោង​។ គម្រោង​វិនិយោគ​ទាំងនេះ​មាន​ទុនវិនិយោគ​សរុប ២,៤​ ពាន់​លាន​ដុល្លារ កើន ១៥៩,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ គម្រោង​ទាំង ៧៥ បង្កើត​ការងារ​ថ្មី​បាន​ប្រមាណ ៦២ ​ពាន់​នាក់ កើនឡើង ៦៥,៩ ​ភាគរយ​។

បើតាម​របាយការណ៍​ក្នុង​ចំណោម​គម្រោង​ទាំង ៧៥ គឺ​នាំមុខ​ដោយ​វិស័យ​សេវាកម្ម ឧស្សាហកម្ម ថាមពល និង​ទេសចរណ៍​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២០ ខែកញ្ញា ថា កត្តា​សំខាន់​ដែល​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​កាលានុវត្តភាព​ថ្មីៗ​ជា​បន្តបន្ទាប់​ក្នុង​ពេលនេះ គឺ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​បាន​ឆាប់រហ័ស​ជាងគេ​ក្នុង​តំបន់​ (​តាំងពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ ​២០២១) និង​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​អន្តរជាតិ​ធំៗ​ជា​ដៃគូ​។

លោក​បន្តថា ក្រៅពី​ចំណុច​ខាងលើ ការចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ព្រមទាំង​លក្ខណៈ​អំណោយផល​នៃ​ច្បាប់​វិនិយោគ​ថ្មី ក៏​ជា​ចំណែក​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​លើ​ការផលិត ឬ​កែច្នៃ​ទំនិញ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ភាពល្អ​ប្រសើរ​នៃ​ទីផ្សារ​នាំចេញ និង​លក្ខណៈ​អំណោយផល​ផ្សេងៗ​ទៀត​ ដែល​កម្ពុជា​មាន​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​គម្រោង​វិនិយោគ​ថ្មីៗ​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ច្រើន​ថែមទៀត​នៅពេល​ខាងមុខ​»​។

ទាក់ទង​នឹង​ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស លោក លឹម ហេង បាន​ពន្យល់​ថា ការវិនិយោគ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ភាគច្រើន​ជា​គម្រោង​វិនិយោគ​ដែល​ត្រូវការ​កន្លែង​ធំៗ​ (​ដូចជា​វិស័យ​កសិកម្ម ឬ​ឧស្សាហកម្ម​) ឬ​នៅក្បែរ​តំបន់​ដែល​មាន​វត្ថុធាតុដើម​ សម្រាប់​បំពេញ​ឱ្យ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។

ទោះជា​យ៉ាងណា​លោក​អះអាង​ថា​៖ «​មិន​សំខាន់​ថា​វិនិយោគ​នៅ​កន្លែង​ណា​ទេ សំខាន់​ឱ្យតែ​កម្ពុជា​ទទួល​បាន​ការចូល​មក​វិនិយោគ គឺជា​ការល្អ​។ កំណើន​នៃ​ការវិនិយោគ​នឹង​ជួយ​បង្កើន​ការងារ និង​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ឱ្យ​ដឹងថា នៅពេល​ប្រទេស​មួយ​ទទួល​បាន​កំណើន​នៃ​ការវិនិយោគ​ជា​បន្តបន្ទាប់ គឺ​មានន័យថា​ប្រទេស​នោះ​គឺមាន​ស្ថិរភាព​នយោបាយ​ល្អ និង​អាច​ផ្តល់​ផលចំណេញ​ច្រើន​ដល់​អ្នកវិនិយោគ​ នៅពេល​ពួកគេ​បញ្ចេញ​ទុន​។ ដើម្បី​អាច​ផ្តល់​ផលចំណេញ​បាន គឺ​ទាមទារ​ឱ្យ​ផលិតផល​ត្រូវតែ​មាន​ទីផ្សារ ហើយ​តម្លៃ​ផលិតផល​នោះ​ក៏ត្រូវ​តែ​មាន​ភាព​ប្រកួតប្រជែង​។

លោក​លើកឡើង​ថា​៖ «​កំណើន​ការចូលមក​វិនិយោគ​នឹង​ជួយ​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​កាន់តែ​ច្រើន ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាន់តែ​មាន​តុល្យភាព​ជាមុន​»​។

ស្ថិតិ​នាំចេញ​-​នាំចូល​ទំនិញ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញថា រយៈពេល ៨ ​ខែ​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ-​នាំចូល​ទំនិញ​ក្នុង​ទឹកប្រាក់​សរុប ៣៧ ៤០៥,៩២ ​លាន​ដុល្លារ កើន ២១,៥ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន ៣០ ៧៩២,៦៩ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​មាន​ចំនួន ១៥ ៦៤១,៩​ លាន​ដុល្លារ កើន ២៦,៣ ​ភាគរយ និង​នាំចូល ២១ ៧៦៤,០២ ​លាន​ដុល្លារ កើនឡើង ១៨,៣ ​ភាគរយ​៕