ភ្នំពេញៈ កម្ពុជា​សង្ឃឹម​ថា វិនិយោគិន​កូរ៉េ​នឹង​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ចំពោះ​កាលានុវត្តភាព​នៃ​ការ​វិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ បាន​កាន់តែ​ច្រើន ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈពេល ៨ ​ខែ ​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជិត ៥៥០ ​លាន​ដុល្លារ កើន​ជាង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​។

ការលើក​ឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​នៃ​ជំនួប​ពិភាក្សា រវាង លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ពាណិជ្ជកម្ម​ជាមួយ លោក KIM Byung Kwan ប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ (Korea Importers Association - KOIMA) និង​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Bronte Family Ltd នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ១៩ ខែ​កញ្ញា ដើម្បី​ពិភាក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​។

លោក កឹម ស៊ីថន បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សមាគម​អ្នក​នាំចូល​កូរ៉េ មក​ប្រទេស​កម្ពុជា​នា​ពេលនេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ និង​ចាប់​យក​កាលានុវត្តភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​អ្នក​វិនិយោគិន​កូរ៉េ​នៅ​កម្ពុជា​។ លោក​បន្ត​ថា បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កំពុង​ធ្វើការ​កែទម្រង់​ជាច្រើន​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ឱ្យ​បាន​កាន់តែ​ប្រសើរ ដែល​មាន​ដូចជា ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ក្នុងការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ ការចុះ​បញ្ជី​ក្រុមហ៊ុន និង​ការចុះ​បញ្ជី​ម៉ាក​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល មាន​តម្លាភាព និង​ប្រសិទ្ធភាព​។

លោក​បាន​ថ្លែង​ថា​៖«​ខ្ញុំ​សង្ឃឹម​ថា​ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជួយ​ឱ្យ​លោក​ប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ និង​គណៈប្រតិភូ​ជ្រាប​ច្បាស់​ថែមទៀត​ពី​សក្តានុពល​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​»​។

បន្ថែម​ពី​លើ​នេះ កឹម ស៊ីថន ក៏បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​កូរ៉េ ឱ្យ​ប្រើប្រាស់​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់ និង​ដៃគូ​សេដ្ឋកិច្ច ដែល​កម្ពុជា​ជា​សមាជិក ជាពិសេស​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP), កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា​-​កូរ៉េ (CKFTA) ដើម្បី​ជំរុញ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទំហំ​កាន់តែ​ធំ​បន្ថែម​ទៀត​។

លោក KIM Byung Kwan បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ប្រាប់​ថា សមាគម​អ្នក​នាំចូល​កូរ៉េ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៧២ ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ៨ ៣០០ ក្រុមហ៊ុន ហើយ​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​ចំណី​អាហារ គ្រឿង​បន្លាស់ Software គ្រឿង​សម្អាង វត្ថុ​ធាតុដើម វាយនភណ្ឌ កសិកម្ម និង​សេវាកម្ម​ជាដើម​។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ថា ប្រទេស​កម្ពុជា និង​កូរ៉េ មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​ជា​យូរ​មក​ហើយ ហើយ​ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​កូរ៉េ​មាន​ដូចជា វាយនភណ្ឌ និង​ផលិតផល​កសិកម្ម ជាដើម​។ ក្រៅពី​ការនាំ​ចេញ​ផលិតផល កម្ពុជា​ក៏មាន​ពលករ​របស់ខ្លួន​ជាច្រើន​កំពុង​បម្រើ​ការងារ ​នៅក្នុង​ប្រទេស​កូរ៉េ​ផងដែរ​។

ទាក់ទង​នឹង​ចំនួន​ទឹកប្រាក់​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​កូរ៉េ​នៅ​មាន​ចំនួន​ទាប​បើ​ធៀប​នឹង​ការ​នាំចូល​នោះ​លោក​វណ្ណៈ បាន​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគ​កូរ៉េ​ឱ្យ​ចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ផលិត​សម្រាប់​នាំ​ទៅ​ទីផ្សារ​កូរ៉េ​វិញ​។

លោក​លើក​ឡើង​ថា​៖«​ប្រទេស​កូរ៉េ​ជា​ទីផ្សារ​ធំ និង​មាន​ប្រជាពលរដ្ឋ​ច្រើន ដូច្នេះ​បើ​កម្ពុជា​អាច​ផលិត​ផលិតផល​ណា​ដែល​មាន​តម្រូវការ​នាំចូល​ច្រើន វា​នឹង​ជួយ​ឱ្យ​កម្ពុជា​ពង្រីក​ទីផ្សារ​បាន​កាន់តែ​ធំ​ទៅកាន់​ទីនោះ​»​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ថា ក្នុង​រយៈពេល ៨ ​ខែ​ដើម​ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៥៤៩,៩៣ ​លាន​ដុល្លារ កើន​ឡើង ៦,៤ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​។ ក្នុងនោះ​ការនាំ​ចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់ ១៥៦,៦២ ​លាន​ដុល្លារ កើនឡើង ២១ ​ភាគរយ និង​នាំចូល​មាន​ទឹកប្រាក់ ៣៩៣,៣១ ​លាន​ដុល្លារ កើន​ឡើង ១,៥ ​ភាគរយ​៕