ភ្នំពេញៈ ស្ថាប័នរដ្ឋ​ចំនួន ២ មកពី​វិស័យ​មូលបត្រ និង​បរធនបាលកិច្ច​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​សក្តានុពល​នៃ​វិស័យ​មូលបត្រ វិស័យ​បរធនបាលកិច្ច​ទៅដល់​សាធារណជន​ឱ្យ​កាន់តែ​ធំ​ទូលាយ និង​បង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក ជាពិសេស​គឺ​ការបង្កើត​ផលិតផល​ថ្មីៗ​ក្នុង​វិស័យ​ទាំងនេះ​។

លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា​ (SERC) និង លោក សុខ ដារ៉ា អគ្គនាយក​នៃ​និយតករ​បរធន​បាលកិច្ច​បាន​ចុះហត្ថលេខា​ជាមួយ​លោក គុយ វ៉ាត ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន Zillennium Group, លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​លោក Gao Shan នាយក​ផ្នែក​ទំនាក់​ទំនង​ធុរកិច្ច​នៃ​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា​។

លោក គុយ វ៉ាត បាន​ប្រកាស​ចាត់ទុក​កិច្ចសហការ​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​វិស័យ​មូលបត្រ និង​វិស័យ​បរធន​បាលកិច្ច​ទៅដល់​សាធារណជន ការកសាង​សមត្ថភាព ការចែករំលែក​ចំណេះដឹង និង​ជំនាញ និង​ការទាក់ទាញ​ការចូលរួម​ឱ្យ​កាន់តែ​ច្រើន និង​ការវិនិយោគ​ក្នុង​វិស័យ​ទាំង​ ២ ​នេះ​។

លោក​ថ្លែងថា​៖ «​កិច្ចសហការ​នេះ​បង្ហាញ​ពី​ចំណង និង​ការរឹតបន្ដឹង​កិច្ចសហការ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​បង្កើន​សមិទ្ធផល​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​។​»

លោក ច្រឹក សុខនីម បាន​លើកឡើង​ថា កិច្ចសហការ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្ត​ទុកដាក់​យ៉ាងសំខាន់​ពី​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​ការជួយ​ជ្រោមជ្រែង​ដល់​វិស័យ​ឯកជន​។

លោក សុខ ដារ៉ា អគ្គនាយក​នៃ​និយតករ​បរធន​បាលកិច្ច​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា​ថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺជា​ការបើក​ទំព័រ​ថ្មី​មួយ​រវាង​វិស័យ​ឯកជន និង​ស្ថាប័ន​រដ្ឋាភិបាល ដែល​សម្រេច​បាន​នូវ​កិច្ចសហការ​ដ៏សំខាន់​ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​មូលបត្រ និង​បរធន​បាលកិច្ច​ទៅដល់​សាធារណជន​។

លោក​ថ្លែងថា​៖ «​វិស័យ​បរធន​បាលកិច្ច​មាន​តួនាទី​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ និង​ជំរុញ​ការវិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​វិស័យនេះ​នឹង​ផ្តល់​ជា​ថ្នាល​ថ្មី​មួយ​បន្ថែមទៀត​ទាក់ទង​នឹង​ការបង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន ទោះ​អ្នកវិនិយោគ​នោះ​មិន​មាន​បទពិសោធ ឬ​ការយល់ដឹង​ពី​ផ្សារ​ក្នុងស្រុក ក៏​នៅតែ​អាច​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​បានដែរ​។ នោះ​គឺ​តាមរយៈ​ការប្រគល់​សិទ្ធិ​ទៅដល់​អ្នកជំនាញ ដែលជា​ក្រុមហ៊ុន​ដើរតួ​ជា​ប្រតិបត្តិករ​បរធនបាល ដើម្បី​វិនិយោគ ឬ​ចាត់ចែង​ទ្រព្យសម្បត្តិ​ជំនួស​ម្ចាស់ទ្រព្យ​»​។

លោក ស៊ូ សុជាតិ បាន​លើកឡើង​ថា ទោះបី​វិស័យ​មូលបត្រ​កម្ពុជា​បាន​ដំណើរការ​អស់​រយៈពេល​ជាង ១​ ទសវត្សរ៍​ក៏ដោយ បើ​គិតពី​ថ្ងៃ​ដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​លើកដំបូង​តាំងពី​ថ្ងៃទី ​១៨ ខែមេសា ឆ្នាំ​ ២០១២ ការយល់ដឹង​ពី​វិស័យ​មូលបត្រ​នៅ​កម្ពុជា​នៅមាន​កម្រិត​នៅឡើយ​។

លោក​និយាយ​ថា​៖ «​ការលើក​កម្ពស់​ពី​ការយល់ដឹង និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ពិសេស​ការយល់ដឹង​ពី​វិស័យ​មូលបត្រ​នៅ​កម្ពុជា​គឺជា​ការងារ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​ផ្សេងទៀត​ដែល​យើង​បានកំណត់ ព្រោះ​វិស័យនេះ​នឹង​មិនអាច​រីកចម្រើន​បាន​លឿន​នោះទេ ប្រសិន​បើ​ការយល់ដឹង​នៅមាន​កម្រិត​នៅឡើយ​៕