នៅពេល​វិនិយោគិន​នៅ​អាស៊ី​ចាប់ផ្តើម​ជួញដូរ​ក្នុង​សប្តាហ៍​ដ៏សំខាន់​មួយ​នេះ ជាមួយ​ការប្រជុំ​គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក (Fed) តម្លៃ​គូ​ជួញដូរ XAU/USD មាន​ស្ថិរភាព​នៅ​តម្លៃ​ប្រហែល​១ ៦៧៥​ ដុល្លារ (​ក្នុង​ ១ ​អោនស៍​)​។ បន្ទាប់ពី​ទិន្នន័យ​បាន​បង្ហាញថា នៅតែ​មាន​តម្រូវការ​ខ្ពស់​សម្រាប់​បុគ្គលិក​​នៅ​សហរដ្ឋអាមេរិក តម្លៃ​មាស​បាន​ធ្លាក់ចុះ ស្របពេល​មាន​ការរំពឹងទុក​ថា Fed នឹង​ដំឡើង​អត្រា​ការប្រាក់​កាន់តែ​លឿន​។

មុនពេល Fed ធ្វើការ​សម្រេចចិត្ត​លើ​អត្រា​ការប្រាក់​របស់ខ្លួន តម្លៃ​មាស​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅតែ​មាន​ការប្រែប្រួល​ខ្លាំង​។ Fed ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​ការដំឡើង​អត្រា​ការប្រាក់ ០,៧៥% ជា​លើក​ទី​ ៣​ ជាប់ៗ​គ្នា​។ សន្ទស្សន៍​ប្រាក់​ដុល្លារ​អាមេរិក (DXY) បច្ចុប្បន្ន​កំពុង​នៅ​កម្រិត ១០៩,៥០ ដែល​ជា​ចំណុច​ដ៏សំខាន់​។ ការព្យាករ​សម្រាប់​កំណើន​នៅ​ឆ្នាំ​ ២០២៣ ត្រូវបាន​កែសម្រួល​ចុះក្រោម​ដោយ​អ្នក​សេដ្ឋកិច្ច Goldman Sachs​។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​សហរដ្ឋ​អាមេរិក (GDP) ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ១,១% ដែលជា​លទ្ធផល​​នៃ​ការ​រឹតបន្តឹង​របស់ Fed និង​គោលនយោបាយ​ដែល​មាន​ស្រាប់ ដែល​នឹង​កំណត់​វិសាលភាព​ សម្រាប់​កំណើន​សកម្មភាព​សេដ្ឋកិច្ច​។

គួរ​បញ្ជាក់ថា តម្លៃ​មាស​បច្ចុប្បន្ន​ស្ថិត​នៅក្រោម​តម្លៃ ១ ៧០០ ដុល្លារ និង​កំពុងស្ថិត​ក្នុង​ទិសដៅ​ធ្លាក់ចុះ​។ នេះ​បើ​យោង​ទៅ​តាម​ការវិភាគ​ផ្នែក​បច្ចេកទេស ហើយ​កំពុង​ប្រែប្រួល​ក្នុង​តម្លៃ​ចន្លោះ​ពី ១ ៦៨០ មក ១ ៦៥០ ដុល្លារ​៕