ភ្នំពេញៈ ស្វាយចន្ទី​ (សរីរាង្គ) ​ប្រមាណ ៤,៥ ​តោន​ដែល​កែច្នៃ​ និង​វេច​ខ្ចប់​ដោយ​សិប្បកម្ម​កែច្នៃ គ្រាប់​ស្វាយចន្ទី​ជ័យសំបូរ ត្រូវបាន​ក្រុមហ៊ុន Top Planning Japan (TPJ) នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ឡើង​វិញ​កាលពី​ ២ ​សប្តាហ៍​មុន បន្ទាប់ពី​បាន​ផ្អាក​ជិត​កន្លះ​ឆ្នាំ​ដោយសារ​​អាជ្ញាធរ​ជប៉ុន​​តម្រូវ​ឱ្យ​សិប្បកម្ម​រៀបចំ​នីតិវិធី​មួយ​ចំនួន​។

ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Top Planning Japan ​(TPJ) ​​សិប្បកម្ម​កែច្នៃ​​ស្វាយចន្ទី ជ័យសំបូរ បាន​នាំ​ចេញ​ស្វាយចន្ទី​ (គ្រាប់​ស្វាយចន្ទី​ទូទៅ)​ ទៅ​ទីផ្សារ​ជប៉ុន​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​ ២០២១ ដោយ​គិត​ត្រឹម​ខែ​មីនា ឆ្នាំ​ ២០២២ សិប្បកម្ម​នេះ​​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ទៅ​ទីផ្សារ​ជប៉ុន​សរុប​ជាង​ ៤៥ ​តោន​។ ទោះ​យ៉ាង​ណា​ ដោយ​កង្វះ​នីតិវិធី​មួយ​ចំនួន​ការ​នាំ​ចេញ​ត្រូវបាន​ផ្អាក​ចាប់​ពី​ខែ​មេសា ឆ្នាំ​ ២០២២ ព្រោះ​ភាគី​ជប៉ុន​​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព និង​ការ​វេច​ខ្ចប់​តាម​លក្ខណៈ​ស្តង់ដា ដែល​ភាគី​ជប៉ុន​ចង់​បាន។

លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់​សិប្បកម្ម​​កែច្នៃ​គ្រាប់​ស្វាយចន្ទី ជ័យសំបូរ ដែល​មាន​ទីតាំង​​ក្នុង​ខេត្ត​កំពង់ធំ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី​២១ ខែ​កញ្ញា​ថា បន្ទាប់​ពី​បាន​បំពេញ​នីតិវិធី​មួយ​ចំនួន​រួច​មក ​គ្រាប់​ស្វាយចន្ទី​ (សរីរាង្គ) ​របស់​សិប្បកម្ម​​ជ័យសំបូរ ប្រមាណ​ ៤,៥ តោន​ត្រូវបាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា តាមរយៈ​ក្រុមហ៊ុន TPJ ។ បន្ទាប់ពី​ការ​នាំ​ចេញ​ខាង​លើ សិប្បកម្ម​នឹង​បន្ត​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី (ធម្មតា) ​ទៅ​ជប៉ុន​បន្ត​ទៀត​​ក្នុង​​ពេល​ខាង​មុខ​។

លោកស្រី​លើក​ឡើង​ថា៖​ «​បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​យើង​បាន​នាំ​ចេញ​​លើក​ដំបូង​​គ្រាប់​ស្វាយចន្ទី​សរីរាង្គ​ប្រមាណ ៤,៥ ​តោន​ទៅ​ទីផ្សារ​​ជប៉ុន។ តាម​គម្រោង​ការ​នាំ​ចេញ​បន្ទាប់ គឺ​មាន​ទាំង​ប្រភេទ​សរីរាង្គ និង​ធម្មតា ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​កំណត់​ពេល​ច្បាស់​លាស់​​ទេ»។

គ្រាប់​ស្វាយចន្ទី​សរីរាង្គ​កែច្នៃ​រួច​​សិប្បកម្ម​ជ័យសំបូរ ​បញ្ចេញ​លក់​ក្នុង​តម្លៃ​ជា​មធ្យម​ ១៦ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម និង​​គ្រាប់​ស្វាយចន្ទី​ធម្មតា​មាន​តម្លៃ​ ១០,៥ ​ដុល្លារ។​ នេះ​បើ​តាម​លោកស្រី ឡៃហ៊ួត។

ទោះបី​​ពេល​នេះ​មាន​ក្រុមហ៊ុន Top Planning Japan​ (TPJ) ទទួល​​ទិញ​ក៏​​ដោយ ក៏​ម្ចាស់​សិប្បកម្ម​ខាង​លើ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​លោកស្រី​កំពុង​ព្យាយាម​​សិក្សា​ពី​បច្ចេកទេស និង​រៀបចំ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ល្អ​ថែម​ទៀត​សម្រាប់​ត្រៀម​ពង្រីក​​ការ​នាំ​ចេញ​ឱ្យ​បាន​កាន់​តែ​ច្រើន​។

លោក អួន ស៊ីឡុត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ស្វាយចន្ទី​ គឺ​ជា​កសិផល​ដ៏​មាន​សក្តានុពល​មួយ​របស់​កម្ពុជា​សម្រាប់​​កែច្នៃ​នាំ​ចេញ​ ដោយ​ក្នុង​ ១ ​ឆ្នាំៗ កម្ពុជា​អាច​រក​ប្រាក់-​ចំណូល​បាន​ដល់​ខ្ទង់​​ពាន់​លាន​ដុល្លារ​ពី​​ការ​នាំ​ចេញ​។ ដោយ​សារ​នៅ​កម្ពុជា​មិន​សូវ​មាន​ការ​វិនិយោគ​លើ​ឃ្លាំង​ស្តុក និង​កន្លែង​កែច្នៃ​ ដូច្នេះ​​គ្រាប់​ស្វាយចន្ទី​មិន​​ទាន់​កែច្នៃ​ជា​ច្រើន​តោន​​ត្រូវបាន​​នាំ​ទៅ​ប្រទេស​ជិតខាង​ជា​រៀងរាល់​ឆ្នាំ​។ លោក​បន្ត​ថា បើ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​លើក​ទឹក​ចិត្ត​ ផលិតផល​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​ច្រើន​សម្រាប់​ចំណូល​គ្រួសារ និង​ចំណូល​ជាតិ​។

លោក​និយាយ​ថា៖​ «​ដោយសារ​​ក្នុង​ឆ្នាំ​ ២០២២​ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​​​តាំង​ពី​ដើម​ឆ្នាំ​ ដូច្នេះ​ទិន្នផល និង​គុណភាព​គ្រាប់​ស្វាយចន្ទី​ក្នុង​ឆ្នាំ​នេះ​​មិនសូវ​បាន​ល្អ​​ដូច​ឆ្នាំ​ ២០២១ ទេ​»​។

បើ​យោង​តាម​លោក ស៊ីឡុត សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី ជ័យសំបូរ គឺ​ជា​ស្ថាប័ន​ទី​៣ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​មាន​ការ​ទទួល​ស្គាល់​គុណភាព​កម្រិត​អន្តរជាតិ​បន្ទាប់ពី​ក្រុមហ៊ុន Ample Agro Product Co., Ltd និង Welwilling Agricultural Technology (Cambodia) Co., Ltd ដែល​វិញ្ញាបនបត្រ​នេះ​នឹង​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ដោយ​ស្រប​ច្បាប់​ទៅ​​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ បន្ថែម​ពី​លើ​នេះ​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី ជ័យសំបូរ ក៏​ទទួល​បាន​វិញ្ញាបនបត្រ Organic Processed Food Oversea Processor Certificate ដែល​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​ផង​ដែរ​។

តាម​ការ​ប៉ាន់ស្មាន​នៅ​ក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ក្នុង​ទឹកប្រាក់​សរុប ១ ៦០៤,៨៧ លាន​ដុល្លារ កើន​ឡើង ២៣៣,៣២​ ភាគរយ​ធៀប​នឹង​​ឆ្នាំ​ ២០២០ ។ សម្រាប់​បរិមាណ គឺ​មាន​ចំនួន ៩៣៧ ៩៧៤,២៦ ​តោន កើន ៣២៨,៣៤ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០។ ទីផ្សារ​សំខាន់ៗ​រួមមាន ប្រទេស​វៀតណាម​, ថៃ​, ឥណ្ឌា​, ជប៉ុន, ចិន និង​កូរ៉េ​។ នេះ​បើ​តាម​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​៕