ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ប្រមាណ​ជាង ៤៥៥ លាន​ដុល្លារ​ ពី​ការនាំ​ចេញ​កង់​យក​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២២ កើន​ឡើង​ជាង​ពាក់កណ្តាល​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​

​ស្ថិតិ​បាន​បង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែមិថុនា ឆ្នាំ ២០២២ ការ​នាំចេញ​កង់​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ទឹក​ប្រាក់​សរុប ៤៥៥,៨៩ លាន​ដុល្លារ កើន ៥៥,៤៨ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ដែល​មាន ២៩៣,២ លានដុល្លារ។

​ក្នុងនោះ​ការនាំចេញ​នៅ​ត្រីមាស​ទី១ ឆ្នាំ ២០២២ មាន ២៣១,០២ លាន​ដុល្លារ កើន ៥០,១ ភាគរយ​ធៀប​ត្រីមាស​ទី១ ឆ្នាំ ២០២១ និង​ត្រីមាស​ទី​២ មាន ២២៤,៨៧ លាន​ដុល្លារ កើន ៦១,៤៥ ភាគរយ​ធៀប​ត្រីមាស​ទី​២ ឆ្នាំ ២០២១។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យសភា​កម្ពុជា​លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ២២ ខែកញ្ញា​ថា បញ្ហា​សុខភាព បម្រែបម្រួល​តម្លៃ​ប្រេង​ឥន្ធនៈ និង​បែបផែន​នៃ​ជីវិត​រស់​នៅ​បែប​ថ្មី​កំពុង​តែ​ធ្វើ​ឱ្យ​មនុស្ស​មាន​តម្រូវការ​កង់​ជិះ​កាន់តែ​ច្រើន ពិសេស​នៅ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​។ ម្យ៉ាងទៀត កំណើន​ការនាំ​ចេញ​កង់​នេះ ក៏​ដោយសារ​តែ​កម្ពុជា​មាន​ទីផ្សារ​ប្រទេស​ធំៗ​ជាច្រើន​ទទួល​ទិញ​ផងដែរ។​

​លោក​បាន​ថ្លែងថា​៖ «​ទីផ្សារ​នាំចេញ​កង់​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​នៅតែ​ល្អ ហើយ​វា​នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត​ព្រោះ​មនុស្ស​កាន់តែ​ច្រើន​បាន​គិត​ពី​ការហាត់​ប្រាណ និង​ការជួយ​ការពារ​បរិស្ថាន​ជា​ចម្បង»។​

​លោក​បន្ថែមថា កំណើន​ការ​នាំចេញ​នេះ​ក៏​បង្កើន​ឱកាស​ការងារ​ថ្មីៗ និង​ធ្វើឱ្យ​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​ចម្រុះ​ផងដែរ។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា វិបត្តិ​ជំងឺ​ផ្លូវ​ដង្ហើម​សកល​កូវីដ ១៩ បាន​ធ្វើឱ្យ​ទីផ្សារ​នាំចេញ​ផលិតផល​មួយ​ចំនួន​ធ្លាក់​ចុះ ប៉ុន្តែ​សម្រាប់​ការ​នាំចេញ​កង់ គឺមាន​កំណើន​ជាប្រចាំ​។ កំណើន​ការ​នាំចេញ​នេះ គឺ​ដោយសារ​តែ​ក្នុង​អំឡុង​ពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ខ្លាំង គឺ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​បាន​លើក​ទឹកចិត្ត​ឱ្យ​ប្រជាជន​ខ្លួន​កាត់បន្ថយ​ការប្រើ​មធ្យោបាយ​សាធារណៈ​ដូចជា​រថយន្ត​ក្រុង ដោយ​ងាក​ទៅ​ប្រើ​មធ្យោបាយ​ផ្ទាល់ខ្លួន​ដូចជា កង់ ឬ​រថយន្ត​ផ្ទាល់​ខ្លួន​ជំនួស​វិញ។

​លោក​បន្តថា ម្យ៉ាងទៀត​និន្នាការ​ការប្រើប្រាស់​កង់​សម្រាប់​ហាត់ប្រាណ និង​ការ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ដែល​បណ្តាល​មក​ពី​ផ្សែង​យានយន្ត​ប្រើ​ប្រេង​ឥន្ធនៈ​ក៏​កំពុង​បាន​ដំណើរ​ការល្អ​ផងដែរ។​

​លោក​បញ្ជាក់ថា​៖ «​កង់​គឺជា​ទីផ្សារ​ដ៏​ល្អ ហើយ​ចំនួន​អ្នក​ប្រើ​ប្រាស់​កង់​នឹង​មាន​ចំនួន​កាន់​តែច្រើន​នៅ​ពេល​ខាងមុខ»។​

​បើតាម​លោក លឹម ហេង កង់​ដែល​ផលិត​នៅ​កម្ពុជា គឺជា​កង់​មានគុណ​ភាពល្អ និង​ជា​ម៉ាក​ល្បីៗ​លើ​ពិភពលោក​។ វិនិយោគិន​ដែល​បាន​បោះទុន​វិនិយោគ​លើ​ការ​ផលិត​កង់​នៅ​កម្ពុជា ភាគច្រើន​មកពី​កោះ​តៃវ៉ាន់ និង​មាន​ទីតាំង​ភាគ​ច្រើន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត។​

​បើតាម​ក្រសួងពាណិជ្ជកម្ម គិត​ត្រឹម​ឆ្នាំ ២០២១ កម្ពុ​ជាមាន​រោងចក្រ​ផលិត​កង់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត ខេត្ត​ស្វាយរៀង​ចំនួន ៥ ។ ប្រទេស​នាំចូល​កង់​ច្រើន​ពី​កម្ពុជា​មាន​ដូចជា អាមេរិក​, កាណាដា​, អង់គ្លេស​, អឺរ៉ុប ជាដើម។​

​ក្នុង​ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​កង់​សរុប ៦៣០,៦៩ លាន​ដុល្លារ កើន ២០,៥៨ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២០​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច៕​