ភ្នំពេញៈ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ឆ្នាំ​ ២០២២ ជា​ឆ្នាំ​ដំបូង​នៃ​ការងើប​ឡើងវិញ​វិស័យ​ទេសចរណ៍​ពី​វិបត្តិ​ដែល​បណ្តាល​មកពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​អនុសាសន៍​សំខាន់ៗ​ចំនួន ៥ ដែល​នឹង​រួមចំណែក​នៅក្នុង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​ឆាប់​មាន​ភាព​ល្អប្រសើរ​ឡើងវិញ​។

ថ្លែង​ក្នុង​សារលិខិត​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១៩ ខែកញ្ញា ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ ២០២២ ដែល​នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​ការគិតគូរ​ឡើងវិញ​ពី​ទេសចរណ៍​» (Rethinking Tourism) ​នៅ​ថ្ងៃទី​ ២៧ កញ្ញា ខាងមុខ លោក ហ៊ុន សែន បាន​លើកឡើង​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​លោក​មាន​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ក្នុង​ការចូលរួម​ជាមួយ​បងប្អូន​ជនរួមជាតិ ក៏ដូចជា​ប្រជាជាតិ​ទាំងអស់​នៅលើ​ពិភពលោក ដើម្បី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ​ «​ការគិតគូរ​ឡើងវិញ​ពី​ទេសចរណ៍​» ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៧ ខែកញ្ញា ជា​រៀងរាល់​ឆ្នាំ​។

លោក​បន្តថា ប្រធានបទ​ឆ្នាំនេះ​ពិតជា​ឆ្លើយតប​នឹង​សភាពការណ៍​ទេសចរណ៍​សកលលោក តំបន់ និង​កម្ពុជា​ដែល​បាននិង​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ស្មុគស្មាញ​ប្រទាក់​ក្រឡា​គ្នា​ជាច្រើន​ដូចជា ការបន្ត​អូសបន្លាយ​នៃ​ជំងឺ​កូវីដ​ ១៩, បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​, ការកើនឡើង​ការបែងចែក​ប្លុក និង​ប្រព័ន្ធ​ពហុប៉ូល សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា និង​ការប្រែប្រួល​អាកាសធាតុ ជាដើម​។ កត្តា​ទាំងនេះ​បាន​ធ្វើឱ្យ​អត្រា​អតិផរណា​កើនឡើង​យ៉ាងគំហុក​, បន្ទច់បង្អាក់​ខ្សែចង្វាក់​តម្លៃ និង​ផលិតភាព​សកល​, និង​ជាពិសេស​ធ្វើឱ្យ​សម្ទុះ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សកលលោក និង​តំបន់​មាន​ការថមថយ​គួរឱ្យ​កត់សម្គាល់ ដែលជា​បច្ច័យ​អវិជ្ជមាន​ទៅដល់​សម្ទុះ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ​។

លោក​បន្តថា បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​បាន​ក្លាយជា​វិស័យ​អាទិភាព​មួយ​ដែល​ចូលរួម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។ ដើម្បីឱ្យ​ការអភិវឌ្ឍ​វិស័យនេះ​មាន​ភាពរឹងមាំ គឺ​ទាមទារ​ឱ្យមាន​ការគិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទៅលើ​បញ្ហា​មួយចំនួន​ដូចជា ការជំរុញ​ការធ្វើ​ពិពិធ​កម្ម គំនិត​ច្នៃប្រឌិត នវានុវត្តន៍ ដើម្បី​ធានា​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​​ទេសចរណ៍​ក្នុង​កម្រិត​តំបន់ និង​សកលលោក​។

លោក​បាន​បញ្ជាក់​ថា​៖ «​តាមរយៈ​បញ្ហា​ប្រឈម​ទាំងអស់​នេះ កម្ពុជា​ក៏​អាច​ដកស្រង់​នូវ​មេរៀន និង​បទពិសោធ ដើម្បី​ជា​កាលានុវត្តភាព​ក្នុង​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ប្រកប​ដោយ​ភាពធន់​នឹង​វិបត្តិ​កាន់តែ​ប្រសើរ​ជាង​មុន និង​ជា​ធាតុ​ចូល​ដ៏សំខាន់​ក្នុង​ការគិតគូរ​ធ្វើការ​អភិវឌ្ឍ និង​កែទម្រង់​ស៊ីជម្រៅ​ ចំពោះ​អនាគត​របស់​វិស័យ​ទេសចរណ៍​សម្រាប់​ទាំងអស់​គ្នា​»​។

អនុសាសន៍ ៥ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​មានដូចជា ការជំរុញ​ពិពិធកម្ម​ការអភិវឌ្ឍ​ផលិតផល និង​គោលដៅ​ទេសចរណ៍​ប្រកប​ទៅ​ដោយ​គុណភាព សុវត្ថិភាពភាព​ទាក់ទាញ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ការផ្សព្វផ្សាយ តាម​គ្រប់​រូបភាព​, ជំរុញ​ការកសាង​ផែនការ​រួមគ្នា ការប្រើប្រាស់​រួមគ្នា និង​អភិបាលកិច្ច​ស៊ីចង្វាក់​រួមគ្នា​ដោយ​ឈរ​នៅលើ​អភិក្រម​ «​ពីក្រោម​ឡើងលើ​» ​តាម​គោលដៅ​ទេសចរណ៍​អាទិភាព​, និង​ការផ្តល់​អាទិភាព​ដល់​ការជំរុញ​ឌីជីថលូបនីយកម្ម​ក្នុង​ដំណើរការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បី​ពង្រឹង​ភាពធន់ ចីរភាព គុណភាព និង​ឧត្តមភាព​ប្រកួតប្រជែង​។

ចំណែក​អនុសាសន៍ ២ ​ទៀត គឺ​ការពង្រឹង​ជំនាញ​ដែល​មាន​ស្រាប់ និង​ការបណ្តុះ​បណ្តាល​ជំនាញ​បន្ថែម ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យកម្លាំង​ពលកម្ម​នៅក្នុង​វិស័យ​ទេសចរណ៍​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបត់បែន​តាម​និន្នាការ​ទេសចរណ៍​, និង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី រួមមាន កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន (ASEAN), អេកម៉ិក (ACMECS), CLMV (​កម្ពុជា​ ឡាវ មីយ៉ាន់ម៉ា វៀតណាម​), ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង​សហគមន៍​ទេសចរណ៍​អន្តរជាតិ​នានា​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២២ ខែកញ្ញា​ថា វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចាប់ផ្តើម​ងើបឡើង​វិញ​ពី​វិបត្តិ​ជាង ២ ឆ្នាំ​ដោយ​វត្តមាន​នៃ​ជំងឺ​កូវីដ ១៩​។ បច្ចុប្បន្ន​ទោះបី​មាន​ភ្ញៀវ​បរទេស​មួយចំនួន​បាន​ចូលមក​កម្ពុជា​វិញ​ជា​បណ្តើរៗ ប៉ុន្តែ​ភ្ញៀវ​ទាំងនោះ គឺ​ភាគច្រើន​មកពី​ប្រទេស​ជិតខាង​តែប៉ុណ្ណោះ​។ លោក​បន្តថា វិស័យ​ទេសចរណ៍ គឺមាន​ទំនាក់​ទំនង​នឹង​វិស័យ​ជាច្រើន ពិសេស​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​សកល ដែល​កំពុង​កើតមាន​វិបត្តិ​ជា​បន្តបន្ទាប់​។

លោក​បាន​អះអាង​ថា​៖ «​ការកំណត់​អនុសាសន៍​ថ្មីៗ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ឆាប់​មាន​ភាពល្អប្រសើរ​ឡើងវិញ​ ១ ​កម្រិត​»៕