
ប្រជាកសិករបង្ហាញគ្រាប់ស្វាយចន្ទី ដែលទើបប្រមូលផលបាននៅខេត្តកំពង់ធំ នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញ៖ កសិករដាំស្វាយចន្ទីរំពឹងថា ស្វាយចន្ទីអាចនឹងមានតម្លៃកាន់តែប្រសើរឡើង ក្រោយទទួលដំណឹងថា សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ដំណាំស្វាយចន្ទីកម្ពុជា។
កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជាបានរៀបចំកិច្ចប្រជុំត្រៀមសន្និបាតកំណើតដំបូង «សហព័ន្ធស្វាយចន្ទីកម្ពុជា» មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធ។
លោក ប៉ាន់ ផល្លី កសិករដាំស្វាយចន្ទីចំនួន ៣៥ ហិកតានៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រាប់ថា ការបង្កើតសហព័ន្ធស្វាយចន្ទីគឺពិតជារឿងដែលល្អណាស់ ព្រោះវានឹងផ្តល់ផលដល់កសិករ។
លោកថ្លែងថា៖ «ល្អណាស់បង្កើតសហព័ន្ធនេះឡើង ព្រោះវាបានផលដល់កសិករ ហើយកសិករមានទំនុកចិត្តក្នុងការដាំស្វាយចន្ទី ក៏ដូចជាផលដំណាំដែលកសិករធ្វើបាន ហើយមានទីផ្សារ។ ពួកគាត់ខិតខំប្រឹងថែទាំដំណាំបន្តទៀត»។
លោកបន្តថា ជារៀងរាល់ឆ្នាំស្វាយចន្ទីមានតម្លៃប្រសើរនៅដើមរដូវ ដោយមានតម្លៃជិត ៥ ០០០ រៀលក្នុង ១ គីឡូក្រាម ប៉ុន្តែដល់ពេលកសិករប្រមូលផលច្រើន ឬចុងរដូវ តម្លៃនៅសល់ត្រឹមជាង ៣ ០០០ ពាន់រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម។
លោកបន្ថែមថា កាលពីឆ្នាំ ២០២១ ការប្រែប្រួលអាកាសធាតុ សត្វល្អិតបំផ្លាញច្រើន ហើយគួបផ្សំនឹងឈ្មួញទម្លាក់តម្លៃនៅចុងរដូវធ្វើឱ្យលោកខាតបង់ថវិកាចំនួនជាង ៣ ម៉ឺនដុល្លារពីមុខរបរដាំស្វាយចន្ទីនេះ។
លោកថ្លែងថា៖ «កាលពីឆ្នាំមុនមានសត្វល្អិតមកបំផ្លាញ បានផលជាងពាក់កណ្តាលប៉ុណ្ណោះ ខាតបង់ថវិកាចូលជាង ៣ ទៅ ៤ ម៉ឺនដុល្លារដែរហ្នឹង។ ឥឡូវខ្ញុំចង់ឱ្យបង្កើតសហព័ន្ធហ្នឹងឡើងទៅប្រហែលឈ្មួញមិនអាចទម្លាក់តម្លៃទេ»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាសង្ឃឹមថា ការបង្កើតសហព័ន្ធស្វាយចន្ទីនេះ នឹងបម្រើផលប្រយោជន៍ដល់កសិករ ហើយផ្តល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ខណៈកន្លងមកសហព័ន្ធបានបង្កើតឡើងមកច្រើនណាស់ ប៉ុន្តែមិនបានបម្រើដល់កសិករពិតប្រាកដនោះទេ។
លោកថ្លែងបន្តថា៖ «ច្រើនបម្រើប្រយោជន៍ដល់ក្រុមហ៊ុននាំចេញ ដូច្នេះបានជាសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជូនសមាជិកគោលដៅរបស់យើងចំនួន ៤ រូប ដើម្បីចូលរួមក្នុងការបង្កើតសហព័ន្ធនេះ ដើម្បីផ្តល់ប្រយោជន៍ឱ្យបានច្រើនដល់កសិករ»។
លោកបន្តទៀតថា សហព័ន្ធស្វាយចន្ទីកម្ពុជាផ្តោតទៅលើការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស និងទាក់ទាញក្រុមអ្នកវិនិយោគ មកវិនិយោគវិស័យស្វាយចន្ទីនៅកម្ពុជា ខណៈសមាគមស្វាយចន្ទីកម្ពុជាធ្វើការនៅមូលដ្ឋានជាមួយសិប្បកម្មកែច្នៃតាមខេត្ត និងកសិករផ្ទាល់តែម្តង។
លោកឱ្យដឹងថា បច្ចុប្បន្នសហព័ន្ធស្វាយចន្ទីកម្ពុជាកំពុងរៀបចំលក្ខន្តិកៈផ្សេងៗ ដើម្បីបញ្ជូនឱ្យក្រសួងមហាផ្ទៃទទួលស្គាល់។
លោកមានប្រសាសន៍បន្ថែមថា៖ «ជាទូទៅក្រសួងពាណិជ្ជកម្ម ជាអ្នកគ្រប់គ្រងសហព័ន្ធ ព្រោះក្រសួងពាណិជ្ជកម្ម ជាអ្នករកទីផ្សារ និងការនាំចេញ ដូច្នេះសហព័ន្ធនឹងធ្វើការជាប់ជាមួយក្រសួងពាណិជ្ជកម្ម»។
លោកបញ្ជាក់ថា នៅក្នុងក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជាតម្រូវឱ្យមានកសិករពី ៥ ទៅ ៦ រូប ក្រុមហ៊ុនកែច្នៃក្នុងស្រុកយ៉ាងហោចណាស់ចំនួន ៣ និងក្រុមហ៊ុននាំចេញពី ២ ទៅ ៣ រូប។
ក្រសួងពាណិជ្ជកម្មដាក់ក្ដីសង្ឃឹមថា ក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជានឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្ស និងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាបំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត។
យោងតាមទិន្នន័យពីក្រសួងកសិកម្មបង្ហាញថា នៅត្រីមាសទី ១ ឆ្នាំ ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅមានចំនួន ២៧១ ៩៩៤,៤៨ តោន ថយចុះចំនួន ៣៩,៦៧ ភាគរយ និងគ្រាប់ស្វាយចន្ទីកែច្នៃ ចំនួន ២១៣,៤១ តោនកើនឡើង ៣១១,៨៣ ភាគរយ៕