
កម្មករកំពុងធ្វើការក្នុងរោងចក្រកាត់ដេរ ១ កន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ធនាគារពិភពលោក (WB) ព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កម្ពុជានឹងកើនឡើង ៤,៨ ភាគរយ សម្រាប់ឆ្នាំ ២០២២ ដោយកើនឡើងពី ៤,៥ ភាគរយនៅក្នុងការព្យាករកាលពីខែមេសាកន្លងមក ដែលគាំទ្រដោយការកើនឡើងការនាំចេញសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងឧស្សាហកម្មផលិតកង់ ក៏ដូចជាកសិកម្ម ដែលបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។
បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពអត្រានៃភាពក្រីក្ររបស់ធនាគារពិភពលោកឆ្នាំ ២០២២ ដែលចេញផ្សាយនៅថ្ងៃទី ២៦ ខែកញ្ញា ការរីករាលដាលវីរុសកូវីដបានកើតឡើងវិញ ដែលភាគច្រើនបណ្តាលពីការរីករាលដាលវីរុសបំប្លែងថ្មីអូមីក្រុង។ យ៉ាងណាក៏ដោយ មិនមានការរាយការណ៍ថាមានការស្លាប់ទាក់ទងនឹងវីរុសកូវីដ ១៩ នោះទេ ចាប់តាំងពីដើមឆ្នាំនេះ ដែលបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ក្នុងការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។
ធនាគារពិភពលោកបានបន្តថា៖ «នៅចុងខែសីហា ឆ្នាំ ២០២២ ប្រជាជនប្រហែល ៨៦ ភាគរយ បានទទួលវ៉ាក់សាំងការពារវីរុសកូរ៉ូណា ២ ដូស។ បន្ទាប់ពីការអនុម័តយុទ្ធសាស្ត្រ «រស់នៅជាមួយជំងឺកូវីដ ១៩» នៅចុងឆ្នាំមុន សេដ្ឋកិច្ច បានងើបឡើងវិញជាបណ្តើរៗ ដែលជំរុញដោយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញ»។
ធនាគារដដែលបានបន្ថែមថា៖ «ទោះបីយ៉ាងណា ក្នុងនាមជាប្រទេសនាំចូលថាមពលកម្ពុជាបានរងផលប៉ះពាល់ដោយសារតែវិបត្តិតម្លៃប្រេងពិភពលោក។ អតិផរណាខ្ពស់ ដែលភាគច្រើនបានជំរុញដោយការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ បានប៉ះពាល់ទៅដល់ប្រាក់ចំ-ណូលពិតប្រាកដ និងអំណាចទិញរបស់ប្រជាពលរដ្ឋ ដែលជាការរារាំងដល់ការងើបឡើងវិញនៃការប្រើប្រាស់ទំនិញ»។
នៅត្រីមាសទី២ ឆ្នាំ ២០២២ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចទទួលបានសម្ទុះដោយសារការវិនិយោគ និងពាណិជ្ជកម្មដែលបានស្ទុះកើនឡើង។ តម្លៃគម្រោងវិនិយោគផ្ទាល់បរទេស (FDI) ដែលអនុម័តបានកើនឡើងដល់ ៣១៥ លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំ ២០២២។ ការនាំចេញ (មិនរាប់បញ្ចូលមាស) បានបង្កើនល្បឿនបន្ថែមទៀត គឺកើនឡើង ៣៣,០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងអំឡុង ដែលភាគច្រើនជំរុញដោយការងើបឡើងវិញការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងទៅទីផ្សារអាមេរិក។
ទីផ្សារនាំចេញឈានមុខគេរបស់កម្ពុជា នៅតែរឹងមាំដោយកើនឡើង ៣៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២។ វិស័យសេវាកម្ម ពិសេសវិស័យធ្វើដំណើរ និងទេសចរណ៍ក៏មានភាពប្រសើរវិញខ្លះដែរ។
ដោយកត្តាជំរុញបណ្តាលពីការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ អតិផរណាតម្លៃទំនិញប្រើប្រាស់ក៏បានកើនឡើងផងដែរ។ ទោះយ៉ាងណា អតិផរណាបានធ្លាក់ចុះពី ៧,៨ ភាគរយ ក្នុងខែមិថុនា ឆ្នាំ ២០២២ មកនៅត្រឹម ៥,៤ ភាគរយក្នុងខែកក្កដា ឆ្នាំ ២០២២។ អត្រាប្តូរប្រាក់បានបន្តមានស្ថិរភាពនៅត្រឹម ៤ ១០០ រៀល ក្នុង ១ ដុល្លារអាមេរិក។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ២១ ខែកញ្ញា បានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កម្ពុជាត្រូវបានព្យាករថា នឹងមានចំនួន ៥ ភាគរយ ក្នុងឆ្នាំ ២០២២ និងជិត ៥,៥ ភាគរយ ក្នុងឆ្នាំ ២០២៣។
ប្រធានបេសកកម្មរបស់ IMF ប្រចាំកម្ពុជា លោក Alasdair Scott ក្នុងសន្និសីទសារព័ត៌មានអនឡាញ កាលពីថ្ងៃទី ២០ ខែកញ្ញា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ទុះងើបឡើងវិញ ប៉ុន្តែប្រឈមនឹងបញ្ហាថ្មីៗជាច្រើន។ កំណើន GDP បានស្ទុះងើបឡើងវិញនៅក្នុងឆមាសទី២ ឆ្នាំ ២០២២ ដែលភាគច្រើនជំរុញដោយការនាំចេញទំនិញ។
លោកថ្លែងថា៖ «ទោះបីមានសម្ពាធថ្មីៗ ក៏ការស្ទុះងើបឡើងវិញត្រូវបានព្យាករថា នឹងបន្តផងដែរ។ កំណើន GDP ពិតប្រាកដ ត្រូវបានគេព្យាករថា នឹងមានចំនួន ៥ ភាគរយ នៅឆ្នាំ ២០២២ បន្ទាប់ពីដំណើរការនាំចេញដ៏រឹងមាំកាលពីដើមឆ្នាំ និងជិត ៥,៥ ភាគរយ នៅឆ្នាំ ២០២៣ ដែលបានគាំទ្រដោយការបន្តការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការគាំទ្រគោលនយោបាយដែលកំពុងបន្ត បើទោះបីបានរារាំងដោយសម្ពាធពីខាងក្រៅ និងផលប៉ះពាល់ដោយសារការកើនឡើងតម្លៃលើប្រាក់ចំណូលដែលអាចចំណាយពិតប្រាកដក៏ដោយ។ អតិផរណាត្រូវរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះនឹងធ្លាក់ចុះកាន់តែទាបនៅឆ្នាំ ២០២៣ ហើយនឹងធ្លាក់ចុះបន្ថែមទៀតបន្ទាប់ពីនោះ ដោយសន្មតថា វាភាគច្រើននៅតែកម្រិតចំពោះទំនិញនាំចូល»។
ធនាគារពិភពលោកបានព្យាករថា សម្រាប់ឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវរំពឹងថា នឹងកើនឡើងដល់ ៥,២ ភាគរយ ដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈអត្រាភាពមានការងារធ្វើកើនឡើងរួមជាមួយនឹងការប្រើប្រាស់របស់រដ្ឋាភិបាលដ៏រឹងមាំ ក្នុងអំឡុងពេលឆ្នាំបោះឆ្នោត និងអតិផរណាបានធ្លាក់ចុះ។ ឧស្សាហកម្មធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវបានរំពឹងថា នឹងមានការជំរុញដែលបានគាំទ្រដោយការស្ដារឡើងវិញនៃតម្រូវការក្នុងស្រុក និងទេសចរណ៍៕