
ភ្ញៀវទេសចរទៅលេងខេត្តកែបអំឡុងពីធីបុណ្យភ្ជុំបិណ្ឌ។ រូបថត រដ្ឋបាលខេត្ត
ភ្នំពេញៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១,២ លាននាក់ បានធ្វើដំណើរកម្សាន្តនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២២ កើនជិត ៩០ ភាគរយ បើធៀបនឹងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២១ ក្នុងនោះខេត្តបាត់ដំបង សៀមរាប និងកែប ទទួលបានភ្ញៀវច្រើនជាងគេ។ នេះបើយោងតាមទិន្នន័យក្រសួងទេសចរណ៍។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ២៤-២៦ ខែកញ្ញា ឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស ១ ២៥៩ ១២១ នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១ ២៤៤ ៦៤២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៤ ៤៧៩ នាក់។ ចំនួនសរុបខាងលើ គឺថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ (ថ្ងៃទី ២៤ ខែកញ្ញា) មានភ្ញៀវដើរកម្សាន្ត ៣៣៩ ៤៥៩ នាក់, ថ្ងៃទី២ (ថ្ងៃទី២៥ ខែកញ្ញា) មាន ៥១២ ១២៦ នាក់ និងថ្ងៃទី៣ (ថ្ងៃទី ២៦ ខែកញ្ញា) ចំនួន ៤០៧ ៥៣៦ នាក់។
បាត់ដំបង គឺជាខេត្តទទួលបានភ្ញៀវច្រើនជាងគេ ដោយមាន ២១០ ១២២ នាក់, សៀមរាប ១៤៣ ៤៧០ នាក់, កែប ១១៦ ៧៧៦ នាក់, ពោធិ៍សាត់ ៩៦ ៤៥២ នាក់, ព្រះសីហនុ ៨៤ ៥៥៧ នាក់, កំពង់ចាម ៧៩ ៥៧៤ នាក់, កំពត ៧៧ ៥៤៨ នាក់, កណ្តាល ៥៤ ៥៤៦ នាក់, កំពង់ឆ្នាំង ៥៤ ០២៦ នាក់ និងខេត្តប៉ៃលិន ៤៩ ៧៤៨ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ចំនួនភ្ញៀវដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺមានកំណើន ៨៩,៤៣ ភាគរយ បើធៀបរយៈពេល ៣ ថ្ងៃ នៃពិធីភ្ជុំបិណ្ឌ កាលពីឆ្នាំ ២០២១។
លោកថ្លែងថា៖ «ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ ២០២១ ដោយសាររាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាជនអាចទៅធ្វើបុណ្យតាមទីវត្តអារាមនានា ដោយពុំមានការរឹតត្បិតខុសពីឆ្នាំ ២០២១»។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែកញ្ញាថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានភ្ញៀវក្នុងស្រុក និងបរទេសដែលមកកម្សាន្តក្នុងខេត្តរតនគិរី ចំនួន ១៨ ១៦១ នាក់ ក្នុងនោះភ្ញៀវជាតិ ១៨ ០១៥ នាក់ និងជនបរទេសនៅកម្ពុជាចំនួន ១៤៦ នាក់។
លោកបន្តថា សម្រាប់តម្លៃកន្លែងស្នាក់នៅ និងម្ហូបអាហារ គឺមិនកើនឡើងខ្ពស់ទេ ព្រោះមុន និងក្នុងអំឡុងពេលពិធីនេះមន្ត្រីជំនាញបានចុះទៅណែនាំឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវតែធ្វើយ៉ាងណាថែរក្សា និងទាក់ទាញចិត្តឱ្យភ្ញៀវមកកម្សាន្តនៅលើកក្រោយៗទៀត។
លោកថ្លែងថា៖ «ដោយសារពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំមុនចំពេលមានជំងឺកូវីដ ១៩ រីករាលដាលខ្លាំង ដូច្នេះខេត្តរតនគិរី ទទួលបានភ្ញៀវតិចតួចបំផុត ប៉ុន្តែក្នុងឆ្នាំនេះយើងអាចនិយាយថា ចំនួនភ្ញៀវទេសចរបានកើនឡើងស្ទើរ ១០០ភាគរយ ខណៈការរៀបចំទទួលភ្ញៀវ និងការណែនាំពីវិធានការការពារជំងឺកូវីដ ១៩ ត្រូវបានផ្សព្វផ្សាយជាប្រចាំ»។
លោកបន្ថែមថា តាមរយៈការចេញដើរកម្សាន្តរបស់ប្រជាជនក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ លោករំពឹងថា វិស័យទេសចរណ៍នៅកម្ពុជានឹងបន្តវិវឌ្ឍខ្លួនឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកដោយសារការរីករាលដាលជំងឺកូវីដ ១៩។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បាននិយាយថា រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរក្នុងស្រុក និងបរទេសប្រមាណជាង ៨៤ ពាន់នាក់ កើនឡើងពី៥-១០ ភាគរយ បើធៀបនឹងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។ អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលនេះ គឺកំណើននៃជនជាតិអឺរ៉ុប ដែលខុសពីមុនមានតែជនជាតិចិន។
លោកបានបន្តថា ចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុត្រូវរំពឹងថា នឹងមានកំណើនខ្ពស់ចាប់ពីចុងឆ្នាំនេះតទៅ ខណៈបច្ចុប្បន្នក្រសួងទេសចរណ៍បានដាក់ចេញនូវគោលនយោបាយថ្មីៗជាបន្តបន្ទាប់ដើម្បីស្រូបយកកំណើនភ្ញៀវទេសចរពីគ្រប់ទិសទី។
លោកអះអាងថា៖ «សម្ទុះភ្ញៀវទេសចរមកខេត្តព្រះសីហនុនឹងមានចំនួនកាន់តែច្រើន ព្រោះក្រៅពីការដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗក្នុងវិស័យទេសចរណ៍ ភ្ញៀវទេសចរក៏មានជម្រើសមធ្យោបាយធ្វើដំណើរកាន់តែច្រើនទាំងផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ពិសេសផ្លូវល្បឿនលឿនដែលនឹងត្រូវបើកឱ្យចរាចរចាប់ពីដើមខែតុលា ខាងមុខនេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ថា ចរន្តនៃការចេញដើរកម្សាន្តរបស់ប្រជាជនក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺមានភាពល្អប្រសើរនៅគ្រប់កន្លែងហើយកន្លែងស្នាក់នៅ និងម្ហូបអាហារ នៅតាមកន្លែងកម្សាន្តនីមួយៗ ក៏មិនមានដំឡើងតម្លៃខ្ពស់នោះទេ។ តាមរយៈភាពរីករាយ និងការអនុវត្តបាននូវវិធីការពារការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅពេលនេះ នឹងចូលរួមចំណែកទាក់ទាញភ្ញៀវបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។
លោកស្រីបញ្ជាក់ថា៖ «ទំនុកចិត្តបានជំរុញឱ្យប្រជាជនចេញដើរកម្សាន្តឡើងវិញកាន់តែច្រើន។ នេះជាចំណុចនៃការចាប់ផ្តើម ហើយនឹងជួយលើកកម្ពស់ឱ្យវិស័យទេសចរណ៍កាន់តែល្អ»៕