ភ្នំពេញៈ កម្ពុជា​-​ចក្រភព​អង់គ្លេស បាន​ប្ដេជ្ញា​នឹង​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយគ្នា​ឱ្យ​កាន់តែ​ល្អ និង​រីកចម្រើន​បន្ថែមទៀត ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅក្នុង​រយៈពេល​ ៨ ​ខែ ​ឆ្នាំ​២០២២ មានទឹក​​ប្រា​ក់ជាង ៦៨៧ ​លាន​ដុល្លារ កើន​ប្រ​​មាណ ២១០​ លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។​

​ការប្តេជ្ញា​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយលោក James Duddridge រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​ចក្រភព​អង់គ្លេស នា​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម​របស់​ក្រុម​ប្រទេស G20 នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​ ២៣ ខែកញ្ញា​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ជំនួប​ជាមួយ លោក James Duddridge និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ចក្រ​​ភព​អង់គ្លេស​ដែល​តែង​ផ្ដល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អជា​មួយ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន​ដូចជា ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា ​(GSP) ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ការជួយ​ពង្រឹង​ការនាំ​ចេញ​វិស័យ​យានយន្ដ និង​អេ​ឡិច​​ត្រូ​និក និង​ការបរិច្ចាគ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ​១៩ ជាដើម​។​

​លោក James Duddridge បានបង្ហាញ​ការរីករាយ​ចំពោះ​ជំនួប​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពា​ណិ​ជ្ជ​កម្ម ក៏ដូចជា​ដើម្បី​ពង្រឹង​ទំនាក់​​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​​អង់គ្លេស​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ ​២០២២ ការ​​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់​សរុប ៦៨៧ ​លាន​ដុល្លារ កើនឡើង ៤៤ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន ៤៧៧,០៨​ លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស ចំនួន ៦២៧,២២​ លាន​ដុល្លារ កើន ៤២,១ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​ចក្រភព​អង់គ្លេស​មាន ៥៩,៧៨​ លាន​ដុល្លារ កើនឡើង ៦៧,៤​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា ការ​​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចក្រភព​​អង់គ្លេស​មាន​កំណើន​ជា​បន្តបន្ទាប់ ដោយ​លើកលែងតែ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ ​១៩ រាលដាល​ខ្លាំង​ប៉ុណ្ណោះ​។ ចក្រភព​អង់គ្លេស គឺជា​ទីផ្សារ​ធំ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​ក​សិ​​ផល​មួយចំនួន​។ GSP ដែល​ចក្រភព​អង់គ្លេស​ផ្តល់ឱ្យ​កម្ពុជា អាចជា​ផ្នែក​មួយ​នៃ​ការ​ប៉ះប៉ូវ​ពី​ការបាត់បង់ EBA ចំនួន ២០​ភាគរយ​របស់​សហគម​ន៍​អឺរ៉ុប​ដែល​ផ្តល់ឱ្យ​កម្ពុជា​។​

​លោក​លើកឡើងថា​៖ «​ដោយសារ​កម្ពុជា​ទទួល​បាន GSP ពី​អង់គ្លេស ហើយ​អង់គ្លេស​មាន​កិច្ចព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្ម​មួយចំនួន​ជាមួយ​សហភាព​អឺរ៉ុប ដូច្នេះ​តាមរយៈ​នេះ ​ទំ​និ​ញ​កម្ពុជា​ក៏បាន​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប​តាមរយៈ​អង់គ្លេស​ផងដែរ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៧ ខែកញ្ញា​ថា ចក្រភព​អង់គ្លេស ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ដូច្នេះ​កម្ពុជា​ត្រូវខិតខំ​បង្កើន​គុណភាព​ផលិតផល​របស់ខ្លួន​ឱ្យ​បានល្អ​បន្ថែមទៀត​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅ​ទីនោះ​។ ទំនាក់ទំនង​ផ្នែក​នយោបាយ និង​ពា​​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​ចក្រភព​អង់គ្លេស គឺមាន​ភាពល្អប្រសើរ​តាំងពី​អង់គ្លេស​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​។​

​លោក​បន្ថែមថា​៖ «​តាមរយៈ​ទំនាក់​​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ទាំង ២ ​ខ្ញុំ​រំពឹងថា​ ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង ២ នឹងមាន​សម្ទុះ​ថែមទៀត​។ ការផ្តល់ GSP របស់​អង់គ្លេស​នឹង​ជួយ​ឱ្យ​ទំនិញ​មួយចំនួន​របស់​កម្ពុជា អាច​ឆ្លងទៅ​ប្រទេស​តំបន់​អឺរ៉ុប​ផងដែរ​»​។​

​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) គិត​ត្រឹម​ដំណាច់ឆ្នាំ ​២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ កើន ១១,២​ ភាគរយ ​បើ​ធៀប​ឆ្នាំ ​២០២០​។ ក្នុងនោះ​ការវិនិយោគ​របស់​ចក្រ​ភព​អង់គ្លេស​មាន ១,៤ ​ពាន់​លាន​ដុល្លារ ស្មើ ៣,៤ ​ភាគរយ ​នៃ​ការ​វិនិយោគ​បរទេស​ផ្ទាល់​នៅ​កម្ពុជា​។​

​ក្នុង​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចក្រភព​អង់គ្លេស មាន​ចំនួន ៧៨៨,៦៥​ លាន​ដុល្លារ ធ្លាក់ចុះ ១០,៦ ភាគរយ​ ធៀប​ឆ្នាំ ​២០២០ ក្នុងនោះ​ការ​​នាំចេញ​របស់​កម្ពុជា មាន ៧៣១,៨៤ លាន​ដុល្លារ ធ្លាក់ចុះ ១១,៩​ ភាគរយ​និង​ទំនិញ​នាំមក​ពី​អង់គ្លេស​មាន ៥៦,៨១​ លាន​ដុល្លារ​កើនឡើង ១០,២​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕