ភ្នំពេញ​៖ បន្ទាប់ពី​ការរង់ចាំ​អស់​រយៈពេល​ជិត ​១ ​ឆ្នាំ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគីរវាង​កម្ពុជា​-​កូរ៉េខាងត្បូង (CKFTA) ត្រូវបាន​រដ្ឋសភា​កូរ៉េ​ផ្តល់​សច្ចាប័ន​រួចរាល់ ដែល​នេះ​ជាការ​បើកផ្លូវ​សម្រាប់​ប្រទេស​ទាំង​ ២ ចាប់ផ្តើម​អនុវត្ត​ការដោះដូរ​ទំនិញ​ទៅវិញទៅមក​ដោយ​សេរី​។​

​ប្រទេស​កូរ៉េ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​កម្ពុជា កាលពី​ខែតុលា ឆ្នាំ​ ២០២១ កន្លងទៅ​។​

​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​អង្គារ ទី ​២៧ ខែកញ្ញា ឆ្នាំ​ ២០២២ រដ្ឋសភា​កូរ៉េ​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) ជាមួយ​កម្ពុជា​រួចរាល់​ហើយ ដែល​នឹង​ធ្វើឱ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ទី​២​ របស់​កម្ពុជា អាច​ចូល​ជាធរ​មាននៅ​ ៦០ ​ថ្ងៃ បន្ទាប់ពី​រាជរដ្ឋាភិបាល​កូ​រ៉ ជូនដំណឹង​ផ្លូវការ​មក​កម្ពុជា​។​

​សារព័ត៌មាន The Korea Times បានឱ្យដឹងថា សភា​កូរ៉េ​បានផ្តល់​សច្ចាប័ន លើ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ដំណាលគ្នា​នឹង​ការផ្តល់​សច្ចាប័ន លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កូរ៉េ ជាមួយនឹង​អ៊ីស្រាអែល​ផងដែរ​។​

​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល បាន​បញ្ជាក់ថា «​រដ្ឋាភិបាល​កូរ៉េ​នឹង​ជូនដំណឹង​ដល់​អ៊ីស្រាអែល និង​កម្ពុជា អំពី​ការបញ្ចប់​នីតិវិធី​ក្នុងស្រុក​ទាំងអស់ ដើម្បីឱ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ចូល​ជា​ធរមាន​»​។​

​បន្ទាប់ពី​សភា​កូរ៉េ​ផ្តល់​សច្ចាប័ន​រួចហើយ រដ្ឋាភិបាល​កូរ៉េ​នឹងធ្វើ​ការជូនដំណឹង (Notification) ដល់​កម្ពុជា នៅ​រយៈពេល ៦០ ​ថ្ងៃ បន្ទាប់ពី​ការជូនដំណឹង​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ (CKFTA) នឹងត្រូវ​ចូល​ជា​ធរមាន​។​

​ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា​៖ «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េ នឹង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​កូរ៉េ​បន្ថែមទៀត ដូចជាផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម​ជាដើម​»​។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ទី​២ ​របស់​កម្ពុជា បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន បាន​ចូល​ជា​ធរមាន កាល​ខែមករា ឆ្នាំ​ ២០២២ ដំណាលគ្នា​នឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលមាន​ការចូលរួម​ប្រទេស​ចំនួន​ ១៥ រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ និង​ដៃគូ​ពាណិជ្ជកម្ម​សេរី ចំនួន​ ៥​ ទៀត មាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​នូ​វែ​ល​សេ​ឡង់​៕