
ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនបានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តលើកកម្ពស់រាល់ការវិនិយោគរបស់ជប៉ុននៅប្រទេសកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំង ២ កាន់តែរឹងមាំ ១ កម្រិតទៀត។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ធ្វើឡើងក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ អំឡុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមបុណ្យសពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលកន្លងទៅទទួលនាវាជប៉ុនក្នុងការចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ លោកក៏បានលើកឡើងថា៖ «ការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើសុំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងលើកឡើងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្របខ័ណ្ឌការរក្សាសន្តិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ នឹងបន្តពង្រឹងពង្រីកប្រតិបត្តិការជាមួយប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
កាលពីដើមខែកញ្ញា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសអំពីការវិនិយោគរបស់ក្រុមហ៊ុន Toyota ក្នុងការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន ៣៦,៧ លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ ១៥០ នាក់។
យោងតាមរបាយការណ៍របស់ CDC គិតត្រឹមខែសីហា ឆ្នាំ ២០២២ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន ១៤៩ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៩ ប៊ីលានដុល្លារ៕