ក្រុមហ៊ុន FWD Cambodia បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​នៅ​ខែកញ្ញា ឆ្នាំ​ ២០២១ ជាមួយនឹង​ចក្ខុវិស័យ​ក្នុង​ការផ្តល់​បទពិសោធ​ន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង​។​

​លោក​អគ្គនាយក ចាន់ រដ្ឋា ​បានចាប់ផ្តើម​ដំណើរ​លើ​វិស័យ​ធានារ៉ាប់រង​នេះ​នៅ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដែល​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​ ២០១២ មុនពេល​ដែល​លោក​ចាប់ផ្ដើម​ជាមួយ​ក្រុមហ៊ុន FWD Cambodia នៅ​ឆ្នាំ​ ២០២០​។​

​ក្នុងនាម​ជា​សមាជិក​ដំបូង​បំផុត​មួយរូប​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា គាត់​លោក​បាន​ប្រាប់​មក ​ភ្នំពេញ បុ​ស្តិ៍​ ពី​ការប្តេជ្ញា​របស់​ក្រុមហ៊ុន FWD ក្នុង​ការផ្ដល់​បទពិសោធ​ន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​លោក​ស្ដីពី​ដំណើរ​រយៈពេល​មួយឆ្នាំ​នៅ​ប្រទេស​កម្ពុជា​ របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​លំដាប់​អន្តរជាតិ​មួយ​នេះ​។​

តើ​ក្រុមហ៊ុន​ FWD ផ្តល់​បទពិសោធន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង​យ៉ាងដូចម្តេច​ជាពិសេស​នៅ​កម្ពុជា​?

​ការផ្តល់​បទពិសោធន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង ​គឺជា​ចក្ខុវិស័យ​របស់​យើង​នៅ​គ្រប់​ទីផ្សារ​អាជីវកម្ម​របស់​យើង រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ យើង​ចង់​ផ្តល់​បទពិសោធន៍​ថ្មី​ដល់​ប្រជាជន​ក្នុងការ​ចូលរួម​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​។​

​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ យើង​បាន​នាំមក​នូវ​ភាពសាមញ្ញ​ក្នុង​វិធី​ដែល​យើង​ប្រតិបត្តិ​អាជីវកម្ម​ជាមួយ​អតិថិជន​។ យើង​សហការគ្នា និង​ខិតខំ​ប្រឹងប្រែង​ផ្ដល់នូវ​ភាពច្បាស់លាស់​លើ​រាល់​កិច្ច​ការដែល​យើង​ធ្វើ រួមទាំង​ការប្រើប្រាស់​ពាក្យ​ផងដែរ​ដើម្បីឱ្យ​អតិថិជន​ងាយស្រួល​យល់​។​

​ការប្រើប្រាស់​បច្ចេកវិទ្យា ដែល​យើង​ផ្តោត​សំខាន់​បច្ចេកវិទ្យា​ឌីជីថល​ គឺជា​គន្លឹះ​សំខាន់​សម្រាប់​យើង​ពីព្រោះ​យើង​ចង់​ផ្តល់​សេវាកម្ម​ឱ្យបាន​លឿន​បំផុត​ដល់​អតិថិជនរ​បស់​យើង​ទៅតាម​តម្រូវការ​ពួកគាត់​។​បច្ចេកវិទ្យា​ឌីជីថល​ គឺជា​មធ្យោបាយ​មួយ​ដើម្បី​ធានាថា​យើង​អាចធ្វើ​កិច្ចការ​ទាំងនេះ​បាន​ជាមួយនឹង​តម្លៃ​សមរម្យ​។​

​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-commerce)​ ធ្វើឱ្យ​ការទទួលយក​សេវាកម្ម​នានា​កាន់តែ​ដែលមាន​ភាពសាមញ្ញ ងាយស្រួល និង​លឿន​។​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ការប្រើប្រាស់ E-commerce ​នេះ​កំពុងតែ​រីកដុះដាល​ជាខ្លាំង​ហើយ​ក្នុងនោះ​ខ្ញុំ​អាច​និយាយបានថា​ យើង​គឺជា​តួអង្គ​ដំបូង និង​ឈានមុខ​គេ​មួយ​ក្នុងការ​ផ្តល់ជូន​នូវ​បទពិសោធន៍ ​E-commerce ដែលមាន​លក្ខណៈ​ពេញលេញ​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​។​

​ការដាក់ឱ្យ​ប្រើប្រាស់​ផលិតផល​ Life Cancer Care ​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​បទពិសោធន៍​របស់​អតិថិជន និង​ការផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ឌីជីថល​របស់​យើង​។ Life Cancer Care ផ្ដល់​ទាំង​ការធានារ៉ាប់រង​អាយុជីវិត និង​ការព្យាបាល​ជំងឺមហារីក ហើយ​អតិថិជន​របស់​យើង​អាច​ទទួលបាន​ការការពា​រ​ដោយ​ខ្លួនឯង​ដោយ​ប្រើពេល​ខ្លី​ជាទីបំផុត​តាមរយៈ​ទូរស័ព្ទដៃ​របស់ខ្លួន​។​

​ហេតុអ្វី​បានជា FWD សម្រេចចិត្ត​ចាប់យក​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​? តើ​ការធ្វើ​បែបនេះ​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​?

​បច្ចេកវិទ្យា​ឌីជីថល​អនុញ្ញាតឱ្យ​យើង​នាំមក​នូវ​ភាពសាមញ្ញ​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ធ្វើ ហើយ​ភាពសាមញ្ញ​នៅក្នុង​វិស័យ​ធានារ៉ាប់រង​មានន័យ​ខ្លាំងណាស់​សម្រាប់​អតិថិជន​។​

​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ cloud-based ១០០% ​របស់​យើង​តាំងពី​ដំបូង យើង​អាច​ផ្តល់នូវ​ភាពបត់បែន ល្បឿន​លឿន និង​ប្រសិទ្ធភាព​ការងារ​ជូន​ក្រុមការងារ​របស់​យើង ក៏ដូចជា​ការទំនាក់ទំនង​ជាមួយ​អតិថិជន និង​ដៃគូ​អាជីវកម្ម​របស់​យើង​ផងដែរ​។ ទំនើបកម្ម​នេះ​ធ្វើ​ឲ្យ​ឱ្យ ​FWD Cambodia ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែល​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ពេលអនាគត​ដើម្បី​ក្រុមគ្រួសារ​កម្ពុជា​។​

​បន្ថែម​លើ​ផលិតផល Life Cancer Care​ ដែល​ខ្ញុំ​ទើបតែ​និយាយ​មុននេះ​, កាលពីពេល​ថ្មីៗ​នេះ យើង​ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់​កម្ម​វិធី​ទូរស័ព្ទ «Omne» នៅក្នុង​ទីផ្សារ ដែល​អនុញ្ញាតឱ្យ​អតិថិជន​និង​សាធារណជន​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​អំពី​បណ្ណ​សន្យា​រ៉ាប់រង​កម្មវិធី​កម្សាន្ត ដូចជា​តន្ត្រី ហ្គេម ការ​គូររូប មុខងារ​សុខភាព និង​មុខងារ​ជាច្រើន​ទៀត​។​

​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល យើង​ក៏​អាចជួយ​ការពារ​បរិស្ថាន​ផងដែរ​។ ជាមួយនឹង​ថវិកា​ដែល​សន្សំ​បាន​ពី​ការមិន​ប្រើ​ក្រដាស យើង​អាច​ផ្តួចផ្តើម​យុទ្ធនាការ​សហគមន៍​មួយ​ដែលមាន​ឈ្មោះថា «​ធានារ៉ាប់រង​ខ្ញុំ បំភ្លឺ​សហគមន៍​យើង​» ដើម្បី​បំភ្លឺ​សហគមន៍​តាមរយៈ​អំពូល​សូ​ឡា​ជាពិសេស​ចំពោះ​សហគមន៍​ក្រីក្រ​ដែល​ខ្វះ​អគ្គិសនី​ប្រើប្រាស់​នៅពេល​យប់​។​

​បង្គោល និង​អំពូល​សូ​ឡា​នីមួយៗ​មានឈ្មោះ​អតិថិជន​នៅលើ​នោះ​។ បច្ចុប្បន្ន យើង​បានផ្តល់​អំពូល​ចំនួន ១ ០០០ ​ដើម​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុងនោះ​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តតាកែវ កំពត មណ្ឌលគិរី កំពង់ស្ពឺ និង​តំបន់​ជាច្រើន​ទៀត​។​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​នៅ​សហគមន៍​ស្ទឹងមានជ័យ គឺជា​អង្គការ​មួយ​ក្នុងចំណោម​សហគមន៍​ផ្សេងទៀត ដែល​យើង​បានផ្តល់​អំពូល​ភ្លើង​ឱ្យ​។​

​ខ្ញុំ​ពិតជា​រីករាយ​ណាស់​នៅពេលដែល​បាន​ជួប​ប្រជាជន​រស់នៅក្នុង​សហគមន៍​នោះ ហើយ​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា​ការរស់នៅ​របស់​ពួកគាត់​បានល្អ​ប្រសើរឡើង​។ បច្ចុប្បន្ន កូនៗ​របស់​ពួកគាត់​ទទួល​អត្ថប្រយោជន៍​ពី​អំពូល​សូ​ឡា​នេះហើយ​ក្មេងៗ​អាច​ទៅ​សាលារៀន និង​ត្រលប់មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​នៅពេល​ល្ងាច ធ្វើឱ្យ​ឪពុកម្តាយ​លែងមាន​កង្វល់​ទៀត​។​

​ការដែល​យើង​អាចធ្វើ​បែបនេះ​បាន​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​នៃ​អត្ថប្រយោជន៍​ដែល​បានមកពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​។​ការធ្វើ​អាជីវកម្ម​បែបនេះ​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​បរិស្ថាន សហគមន៍ អតិថិជន និង​សម្រាប់​ក្រុមហ៊ុន​ផ្ទាល់​ផងដែរ​។​

FWD Cambodia គឺជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ប្រតិបត្តិការ​ដោយ​ជនជាតិខ្មែរ​។ តើ​លោក​យល់​យ៉ាងណា​ចំពោះ​រឿងនេះ​?

​គណៈ​គ្រប់គ្រង​របស់​យើង​សុទ្ធតែជា​ជនជាតិខ្មែរ ដោយមាន​ការគាំទ្រ​ពី​ការិយាល័យ​ស្នាក់ការ​កណ្តាល ដែល​នេះ​អនុញ្ញាតឱ្យ​យើង​យល់ច្បាស់​អំពី​អ្វីដែល​ប្រជាជន​កម្ពុជា​ត្រូវការ​។​ជា​ឧទាហរណ៍ ទាក់ទង​នឹង​គម្រោង​សហគមន៍ យើង​ដឹងថា​កន្លែង​ណា​ត្រូវការ​ជំនួយ​បំផុត និង​អ្វីដែល​ផ្តល់​ប្រយោជន៍​បំផុត​សម្រាប់​សហគមន៍​និង​អតិថិជន ខណៈដែល​យើង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​។​

​ការផ្តល់​បទពិសោធន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​បទពិសោធន៍​របស់​អតិថិជន​។ យើង​មិនអាច​អះអាងថា​យើង​បានសម្រេច​រឿងនេះ​ទេ លុះត្រា​អតិថិជន​ប្រាប់​យើង​ថា​យើង​បានធ្វើ​វា​ហើយ​។​សមិទ្ធផល​មួយទៀត​ដែល​យើង​បានធ្វើ​សម្រាប់​និង​ជាមួយ​អតិថិជន​របស់​យើង​គឺ​ការបង្កើត​កម្មវិធី​អប់រំ និង​កម្សាន្ត​សម្រាប់​កូនៗ​អតិថិជន​របស់​យើង​ដែល​យើង​ហៅថា ​«E-Gen Kid»​។​

​ដូច្នេះ​ប្រសិនបើ​លោកអ្នក​អញ្ជើញ​មកកាន់​ការិយាល័យ​រប​ស់ FWD Cambodia នៅ​ព្រឹក​ថ្ងៃ​សៅរ៍ នោះ​លោក​អ្នកនឹង​ឃើញ​អតិថិជន​របស់​យើង​ជាច្រើន​ជាមួយ​កូនៗ​របស់​ពួកគាត់​ក្នុង​ថ្នាក់រៀន​សរសេរ​កូដ​។ យើង​ផ្តល់ជូន​នូវ​ថ្នាក់រៀន​​សរសេរ​កូដ​សម្រាប់​កូនៗ​របស់​អតិថិជន​យើង ហើយ​យើង​ក៏​បើក​ក្លឹប​អាន ក៏ដូចជា​ថ្នាក់​គូរគំនូរ​ផងដែរ​។​

​ទាំងនេះ ​គឺជា​ចំណែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​ផ្តល់​បទពិសោធន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង​។ ហើយ​តាមរយៈ​វិធី​នេះ​យើង​នឹង​មានឱកាស​ជួប​ជាមួយ​អតិថិជន​ជា​រៀងរាល់​សប្តាហ៍​។​

​តើ​លោក​អាច​ប្រាប់​យើង​អំពី​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​បានទេ​? ជា​ឧទាហរណ៍​លោក​ទើបតែ​ប្រកាស​អំពី​ភាពជា​ដៃគូ​អាជីវកម្ម​ជាមួយ​ធនាគារ ជីប ម៉ុង នាពេល​ថ្មីៗ​នេះ​។​

​មនុស្ស​ម្នាក់ៗ​មាន​តម្រូវការ និង​ការចង់បាន​ខុសៗ​គ្នា ហើយ​តាមរយៈ​ការសហការ​ជាមួយ​ដៃគូ យើង​អាច​ពង្រីក​សមត្ថភាព​ក្នុងការ​បម្រើ​អតិថិជន​របស់​យើង​តាម​វិធី​ផ្សេងៗ​គ្នា​ជាច្រើន​។​

​ដូចជា​ការចូលរួមរ​បស់​អតិថិជន នៅពេលដែល​យើង​ដំណើរការ​ថ្នាក់រៀន​សរសេរ​កូដ​ស​ម្រា​ប់​កូនៗ​របស់​អតិថិជន​យើង​ជា​រៀងរាល់​ចុង​សប្តាហ៍ គឺ​យើង​បាន​ចាប់​ដៃគូ​ជាមួយ Tech for Kids​។​ហើយ​ដើម្បី​បើក​ក្លឹប​អាន យើង​ធ្វើការ​ជាមួយ​អង្គការ Sipar​ ដែលមាន​ជំនាញ​ខាង​ផលិត​សៀវភៅ​រឿង និង​សម្ភារៈ​អាន​សម្រាប់​កុមារ​។​

​ដូចគ្នា​ដែរ ដើម្បី​ចែកចាយ​ផលិតផល និង​សេវាកម្ម​របស់​យើង​ទៅដល់​អតិថិជន​ឱ្យ​កាន់តែ​ទូលំទូលាយ យើង​បានធ្វើការ​ជាមួយ​ដៃគូ​ក្នុងស្រុក​ជាច្រើន​ទៀត​។​

​យើង​មាន​មោទន​មោទកភាព​ដែល​បានការ​ធ្វើការ​ជាមួយ​ធនាគារ​ឈានមុខ​ដូចជា​ធនាគារ ជីប ម៉ុង ដែល​ទើបតែ​ចាប់ផ្ដើម​ឡើង​ដូច​ពួកយើង​ដែរ ប៉ុន្តែ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​។​ហើយ​គោលបំណង​រួម​របស់​យើង​គឺ​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត​ដល់​អតិថិ​ជនតា​មរយៈ​បច្ចេកវិទ្យា​។​

​យើង​ក៏​ធ្វើការ​ជាមួយនឹង​ First Finance មន្ទីរពេទ្យ​មួយចំនួន ក្រុមហ៊ុន RMA Cambodia និង​ដៃគូ​ជាច្រើន​ទៀត ពីព្រោះ​យើង​ចង់​ផ្តល់​សេវាកម្ម​ និង​អត្ថប្រយោជន៍​កាន់តែ​ល្អប្រសើរ​ដល់​អតិថិជន​របស់​យើង​។​យើង​ក៏​ស្វាគមន៍​ដៃគូ​សហការ​នានា​ទៀត​ដែរ​។ យើង​នឹង​បន្ត​សហការ​ជាមួយ​ដៃគូ​បន្ថែមទៀត​ពីព្រោះ​យើង​ចង់​បន្ថែម​គុណ​តម្លៃ​សម្រាប់​អតិថិជន​របស់​យើង​។​

​អតិថិជន​របស់​យើង​អាច​នឹងមាន​តម្រូវការ​ផ្សេង​ក្រៅពី​ធានារ៉ាប់រង​។ ពួកគាត់​អាច​ត្រូវការ​ការចែករំលែក​ចំណេះដឹង និង​ការថែទាំ​សុខភាព​ត្រូវការ​ផ្ទះ ត្រូវការ​រថយន្ត ដូច្នេះ​នៅពេលដែល​លោកអ្នក​ក្លាយជា​អតិថិជន​របស់ FWD នោះ​លោក​អ្នកនឹង​ទទួលបាន​ជំនួយ​លើ​តម្រូវការ​ផ្សេងទៀត​ទាំងនេះ​តាមរយៈ​ដៃគូ​អាជីវកម្ម​ដែល​យើង​មាន​។​

តើ​លោក​បញ្ចូល​ភាពសាមញ្ញ​នៅក្នុង​ផលិតផល​របស់​ក្រុមហ៊ុន​បាន​យ៉ាង​ដូ​ម្តេច​?

​ក្រុមការងារ​របស់​យើង​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ ដូច្នេះ​យើង​យល់​យ៉ាងច្បាស់​ពី​តម្រូវ​ការដែល​អតិថិជន​មាន​។​យើង​រួមបញ្ចូល​គ្នា​នូវ​ចក្ខុវិស័យ និង​គោលដៅ​របស់ FWD ជាមួយនឹង​តម្រូវ​ការដែល​ក្រុមគ្រួសារ​កម្ពុ​ជាមាន​ដើម្បី​នាំមក​នូវ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​អតិថិជន​របស់​យើង​។​

​ផលិតផល​សន្សំ​ខ្លីៗ​របស់​យើង​ គឺជា​ឧទាហរណ៍​មួយ​។ ពេលខ្លះ​ប្រជាជន​កម្ពុជា​កំពុង​ស្វែងរក​ដំណោះស្រាយ​សន្សំ​ដែលមាន​រយៈពេល​ខ្លីៗ ជាមួយនឹង​ការការពារ​រយៈពេល​វែង​។ ដូច្នេះ​យើង​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​ដំណោះស្រាយ​មួយ ដែល​អនុញ្ញាតឱ្យ​ពួកគាត់​អាច​សន្សំ​បាន​រយៈពេល ៥ ​ឆ្នាំ​ ជាមួយនឹង​ការការពារ​រយៈពេល ១០ ​ឆ្នាំ​។ នោះ​គឺជា​ភាពសាមញ្ញ និង​ងាយស្រួល​ដែល​ក្រុមហ៊ុន​ FWD Cambodia ផ្ដល់ជូន​អតិថិជន​។​

​ឧទាហរណ៍​មួយទៀត​គឺ​ផលិតផល Life Cancer Care ​របស់​យើង​។ នៅ FWD Cambodia យើង​ក៏​ផ្តោតលើ​ជំងឺមហារីក​ដែរ ដោយសារតែ​វា​ជា​ជំងឺ​ដ៏​សាហាវ​មួយ​ក្នុងប្រទេស​។ ដូច្នេះ​យើង​ផ្តល់​ការការពារ​ករណី​ជំងឺមហារីក​ដោយ​មិន​គិតពី​ដំណាក់កាល​នៃ​ជំងឺមហារីក​នោះទេ​។​

​នៅពេលដែល​អតិថិជន​ណា​ម្នាក់​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក យើង​ផ្តល់​អត្ថប្រយោជន៍​ការពារ ១០០%​។​

​ប្រសិនបើ​អតិថិជន​ត្រូវបាន​រកឃើញថា​មាន​ជំងឺមហារីក​អ្នកនឹង​ទទួលបាន​ប្រាក់​ដើម្បី​ទៅ​មន្ទីរពេទ្យ​ព្យាបាល​។ នេះ​ជា​ភាពសាមញ្ញ​មួយទៀត​ដែល​យើង​ផ្ដល់ជូន​។​

​យើង​មិន​លើកទឹកចិត្ត​ឱ្យមាន​ការភ័យខ្លាច​ទេ យើង​លើកទឹកចិត្ត​អតិថិជន​ឱ្យ​រស់នៅ​ដោយ​ភាព​រីករាយ​។​

តើ​យុទ្ធនាការ​ «pPress pPlay» ​បានរួម​ចំណែក​អ្វីខ្លះ​ក្នុងការ​ជំរុញ​ការរស់នៅ​ដោយ​ភាព​រីករាយ​?

«pPress pPlay» ​គឺជា​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​គ្រប់​ទីផ្សារ​ទាំងអស់​របស់ ​FWD ដែល​យើង​បានចាប់ផ្តើម​កាលពីពេល​ថ្មីៗ​នេះ​។ យើង​ដឹងថា​មនុស្ស​គ្រប់រូប​មាន​អ្វីមួយ​ដែល​យើង​ចង់​ធ្វើ​។​ប៉ុន្តែ​ពេលខ្លះ​យើង​ចេះតែ​ពន្យា​ពេល​និង​រង់ចាំ​សិន​។ យើង​និយាយថា ​មិនបាច់​ធ្វើ​ឥឡូវ​ទេ ប្រហែល​ចាំ​ធ្វើ​នៅ​ឆ្នាំក្រោយ​។ ដូច្នេះ​ជាមួយ យុទ្ធនាការ «pPress pPlay» យើង​ចង់​លើកទឹកចិត្ត​ប្រជាជន​គ្រប់រូប​ឱ្យ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ឥឡូវនេះ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​ដែល​ខ្លួន​មាន​។​ ឈប់​ពន្យា​ពេល​ទៀត​ទៅ ចូរ​ក្លាហាន​ឡើង​ត្រូវធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ ហើយ​ធ្វើ​វា​ឥឡូវនេះ នេះហើយ​ជា​របៀប​ដែល​យើង​រស់នៅ​ដោយ​ភាព​រីករាយ​៕

​វីដេអូ៖