ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល អ្នក​ជំនួញ និង​អ្នក​សេដ្ឋកិច្ច សុទ្ធតែ​អះអាង​ថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ហក់​ឡើង នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​ (CKFTA) ចូល​ជា​ធរមាន បន្ទាប់ពី​រដ្ឋសភា​ប្រទេស​កូរ៉េ បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​រួចរាល់​។

រដ្ឋសភា​នៃ​ប្រទេស​កូរ៉េ​ កាលពី​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០២២ បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ហើយ ដែល​ធ្វើឱ្យ​កិច្ចព្រមព្រៀង​នេះ​នឹង​អាច​ចូល​ជាធរ​មាននៅ ៦០ ​ថ្ងៃ​ បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េ​ជូនដំណឹង​ផ្លូវការ​មក​រដ្ឋាភិបាល​កម្ពុជា​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ ​(CKFTA) គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ទី​២ របស់​កម្ពុជា បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CCFTA) ដែល​ចូល​ជា​ធរមាន​កាលពី​ខែមករា ឆ្នាំ​ ២០២២ ដំណាលគ្នា​ជាមួយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP)​។ RCEP ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​មាន​ការចូលរួម​ពី​ប្រទេស​ចំនួន​ ១៥ ក្នុងនោះ​រួមមាន​ប្រទេស​ទាំង​ ១០ ជា​សមាជិក​អាស៊ាន និង​ដៃគូ​ពាណិជ្ជកម្ម​ចំនួន ៥ ​ទៀត​រួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង​នូវែលសេឡង់​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៨ ខែកញ្ញា​ថា បន្ទាប់ពី​រដ្ឋសភា​កូរ៉េ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ រួចរាល់ រដ្ឋាភិបាល​កូរ៉េ​នឹង​ជូនដំណឹង​ដល់​កម្ពុជា​។ រយៈពេល ៦០ ​ថ្ងៃ​បន្ទាប់ពី​ការជូនដំណឹង​នេះ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​។

លោក​បន្តថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ទំនិញ​កម្ពុជា​ជាច្រើន​មុខ​នឹង​អាច​នៅ​ចេញទៅ​ប្រទេស​កូរ៉េ​ក្រោម​លក្ខខណ្ឌ​ពិសេស​ (​ពន្ធគយ​) ដែល​ផលិតផល​ទាំងនោះ​មានដូចជា ទំនិញ​កសិផល​, កសិផល​កែច្នៃ​, សម្លៀកបំពាក់​, វាយនភណ្ឌ​, ស្បែកជើង​, សម្ភារ​ធ្វើ​ដំណើរ​, គ្រឿង​បង្គុំ​, គ្រឿងបន្លាស់​, និង​ទំនិញ​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​។ លោក​បន្តថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹងមាន​លក្ខណពិសេស​លើសពី​កិច្ចព្រមព្រៀង RCEP ដែល​កម្ពុជា និង​កូរ៉េ ជា​សមាជិក​។

លោក​ថ្លែងថា​៖ «​ជាការ​ពិតណាស់ កូរ៉េ​ក៏​ជា​ហត្ថលេខី​របស់​កិច្ចព្រមព្រៀង RCEP ដែរ ប៉ុន្តែ​បន្ទាត់​ពន្ធ​, អត្រាពន្ធ​, និង​លក្ខខណ្ឌ​មួយ​ចំនួន​របស់​កូរ៉េ​ផ្តល់ឱ្យ​កម្ពុជា​ក្រោម​កិច្ចព្រមព្រៀង RCEP នៅមាន​កម្រិត មិនទាន់​ទូលាយ​ដូច​ការផ្តល់​ឱ្យ​នៅក្រោម​កិច្ចព្រមព្រៀង CKFTA ទេ​។ ដូច្នេះ CKFTA នឹង​បំពេញ​បន្ថែម​នូវ​អ្វីដែល​យើង​មិនទាន់​ទទួល​បាន​ក្រោម RCEP ហើយ​នាំឱ្យ​ទីផ្សារ​កូរ៉េ​ដែល​យើង​ទទួលបាន​កាន់តែ​ធំទូលាយ​ថែមទៀត​»​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​សាទរ​ចំពោះ​ការផ្តល់​សច្ចាប័ន​របស់​រដ្ឋសភា​កូរ៉េ​នៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដោយ​លោក​បាន​ចាត់ទុក​ជា​វឌ្ឍន​ភាព​ថ្មី​មួយទៀត​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស​ទាំង​ ២​។

លោក​បន្តថា កិច្ចព្រមព្រៀង​លក្ខណៈ​ទ្វេភាគី​នេះ​នឹង​ផ្តល់​ភាពអនុគ្រោះ​ច្រើន​លើសពី​អ្វី​ដែល​មាន​ក្នុង​កិច្ចព្រមព្រៀង RCEP ដែល​ប្រទេស​ទាំង​ ២ ជា​សមាជិក​។ រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គឺ​សុទ្ធ​តែ​មាន​ផ្តល់​ផលចំណេញ​ទៅឱ្យ​ប្រទេស​ហត្ថលេខី ពិសេស​កិច្ចព្រមព្រៀង​ដែលមាន​លក្ខណៈ​ទ្វេភាគី​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ ចូល​ជា​ធរមាន វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​កម្ពុជា ពិសេស​ការលើកលែង​ពន្ធ​នាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ស្ទើរ ១០០ ​ភាគរយ​ទៅ​ទីផ្សារ​កូរ៉េ​។ ការ​រួច​ពន្ធ​ដ៏ច្រើន​នេះ​នឹង​ក្លាយជា​កាលានុវត្តន៍ភាព​ សម្រាប់​កម្ពុជា​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស ពិសេស​កូរ៉េ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ ដើម្បី​ផលិត និង​កែច្នៃ​វត្ថុ​ធាតុដើម មុន​នឹង​នាំទៅ​ទីផ្សារ​កូរ៉េ​វិញ​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​និយាយ​ថា ទោះបី​កម្ពុជា និង​កូរ៉េ សុទ្ធតែ​ជា​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ RCEP ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​លក្ខណៈ​ទ្វេភាគី​នឹង​មាន​លក្ខណ​ពិសេស ហើយក៏​នឹង​បង្កើន​ភាព​ទាក់ទាញ​អ្នកវិនិយោគ​កូរ៉េ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​។

លោក​បន្ថែមថា​៖ «CKFTA គឺជា​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ថ្មី​ សម្រាប់​កម្ពុជា​ក្នុង​ការបើក​ទីផ្សារ​អន្តរជាតិ​របស់​ខ្លួន​ឱ្យមាន​ទំហំ​កាន់តែ​ធំ​ជាង​មុន​»​។

CKFTA ត្រូវ​បាន​ចុះហត្ថលេខា​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក YEO Han-Koo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​កូរ៉េ​កាលពី​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២១ ​តាមរយៈ​អនឡាញ​។

លោក សុវិជាតិ ធ្លាប់បាន​ប្រាប់ថា កិច្ចព្រមព្រៀង CKFTA នឹង​ផ្តល់​ការរួច​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ជាង​ ១ ​ម៉ឺន​មុខ ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ចាប់ពី​ខែ​មករា​ដល់​ខែសីហា ឆ្នាំ ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កូរ៉េ​មាន​តម្លៃ​សរុប ៥៤៩,៩៣ ​លាន​ដុល្លារ កើនឡើង ៦,៤ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​កូរ៉េ ១៥៦,៦២ ​លាន​ដុល្លារ កើន ២១ ​ភាគរយ និង​ការ​នាំចូល​ទំនិញ​ពី​កូរ៉េ​មាន​ចំនួន ៣៩៣,៣១ ​លាន​ដុល្លារ កើន ១,៥ ​ភាគរយ​៕