ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) បាន​ថ្លែងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ពន្ធដារ​នឹងត្រូវ​រដ្ឋាភិបាល និង​សភាជាតិ​អនុម័ត​នៅ​ចុងឆ្នាំ​នេះ ឬ​ឆ្នាំក្រោយ ដែល​ច្បាប់​ថ្មី​នេះ​តាក់តែង​ឡើង​ឱ្យស្រប​ទៅនឹង​បរិបទ​សេដ្ឋកិច្ច​ប្រទេស តំបន់ និង​ពិភពលោក ដើម្បី​ទាក់ទាញ​វិនិយោគ​ថ្មីៗ​ដ៏​មាន​សក្តានុពល​ឱ្យមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

លោក គង់ វិបុល អគ្គនាយក GDT បាន​ថ្លែង​ក្នុង​វេទិកា​ស្តីពី​ «​បច្ចុប្បន្នភាព​សារពើពន្ធ និង​សវនកម្ម​របស់​សភា​ពាណិជ្ជកម្ម​អាមេរិក​-AmCham Tax Updates and Audits Event» នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា​ថា ចាប់តាំងពី​ច្បាប់​ស្តីពី​ការ​វិនិយោគ​ថ្មី​ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ច្បាប់​ស្តីពី​ពន្ធដារ​មិនទាន់​បាន​ដាក់ឱ្យ​ដំណើរការ​ទេ​។ ច្បាប់​ទាំង ​២ គួរ​ត្រូវបាន​ដើរ​ទន្ទឹម​គ្នា​។

លោក​លើកឡើង​ថា​៖ «​ខណៈ​ច្បាប់​ពន្ធដារ​អត់​មាន​ការលើក​ទឹកចិត្ត ដូច្នេះ​ហើយ​មាន​មនុស្ស​ជាច្រើន​តែងតែ​សួរ​យើងខ្ញុំ​ថា តើ​យើង​គួរ​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ពន្ធដារ​ដែរ ឬ​យ៉ាងណា​? អ៊ីចឹង​នៅពេល​ដែល​យើង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ពន្ធដារ​គឺ​យើង​ធ្វើឡើង​នៅ​ថ្នាក់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​យុតិ្តធម៌​អ្នកពិនិត្យ​មើល​ទៅលើ​ច្បាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រហ្មទណ្ឌ ក្រម​ព្រហ្មទណ្ឌ និង​ពិនិត្យ​មើល​ទៅលើ​ប្រការ​នីមួយៗ​ ដើម្បី​ឱ្យ​ស្រប​ទៅនឹង​ច្បាប់​ផ្សេងៗ​»​។

លោក Anthony Galliano ប្រធាន AmCham បាន​ឱ្យ​ដឹង​ក្នុង​កម្មវិធី​នោះ​ថា GTD កំពុង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធដារ​នារយៈ​ជាច្រើន​ឆ្នាំ​មកនេះ ជាពិសេស​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​បង់​ពន្ធ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នេះ​សាទរ និង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ដែល GDT សម្រេច​បាន ហើយ​សូម​អបអរសាទរ​ចំពោះ​ការងារ​ដ៏អស្ចារ្យ​។ ខ្ញុំ​ចាប់ផ្តើម​ក្នុង​អាជីវកម្ម​ពន្ធដារ​ជិត​ ១ ​ទសវត្សរ៍​ហើយ​។ ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​ពិតជា​ធ្វើការ​កែទម្រង់​ជាច្រើន​ពិតមែន​»​។

លោក គង់ វិបុល បាន​បញ្ជាក់​ថា ក្រុម​ការងារ​ច្បាប់​របស់ GDT បាន​ធ្វើ​សេចក្តី​ព្រាងច្បាប់​នេះ​ជាយូរ​ឆ្នាំ​ហើយ ដែល​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ផ្អែកលើ​ការអភិវឌ្ឍ​នៃ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា និង​ស្រប​តាម​កំណើន​សេដ្ឋកិច្ច ឬ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ក្នុង​ពេល​បច្ចុប្បន្ន​។ លោក​បាន​បន្តថា ការតាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ផ្អែកលើ​ធាតុ​ចូល​ពី​វិស័យ​ឯកជន​ផងដែរ និង​តាមរយៈ​ក្រុម​ការងារ​ពន្ធដារ ក្រុម​ «​ឃ​» ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​វិស័យ​ឯកជន​។

លោក​ថ្លែងថា​៖ «​យើង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យមាន​លក្ខណៈ​ងាយស្រួល​ សម្រាប់​អ្នក​ជាប់ពន្ធ និង​សមស្រប​ជាមួយ​ច្បាប់​ស្តីពី​ការវិនិយោគ​ផងដែរ​។ ខ្ញុំ​សង្ឃឹមថា​នៅ​ចុង​ឆ្នាំនេះ ឬ​នៅ​ចុង​អាណត្តិ​នេះ​ច្បាប់​ពន្ធដារ​ថ្មី​របស់​យើង​នឹង​អាច​អនុម័ត​ដោយ​រដ្ឋាភិបាល និង​រដ្ឋសភា​របស់​យើង​។ បច្ចុប្បន្ន​សេចក្តី​ព្រាងច្បាប់​នេះ​ស្ថិតក្នុង​ដៃ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

លោក វិបុល បាន​បញ្ជាក់​​ថា​៖ «​ខ្ញុំ​ជឿថា ច្បាប់​ស្តីពី​ការវិនិយោគ​ក៏​ផ្តល់​នូវ​រូបភាព​ច្បាស់លាស់​អំពី​វិស័យ​ឧស្សាហកម្ម​នានា​ ដែល​ទទួលបាន​ការលើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល ដូច្នេះ​យើង​ក៏ត្រូវ​រៀបចំ​ច្បាប់​ស្តីពី​ពន្ធដារ​របស់​យើង​ឱ្យ​មាន​លក្ខណៈ​ស៊ីគ្នា​នឹង​ច្បាប់​ស្តីពី​ការវិនិយោគ​ផងដែរ ដើម្បី​កុំឱ្យ​មាន​ការ​បកស្រាយ​ខុស​ទៅលើ​ច្បាប់​របស់​យើង​។ យើង​ទាំងអស់​គ្នា​ត្រូវ​ដឹង​អំពី​បទប្បញ្ញត្តិ​ច្បាស់លាស់ និង​ដើម្បី​ពង្រីក​វិសាលភាព​របស់​យើង​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​»៕