តម្លៃ​ហាងឆេង​មាស​នៅ​តែ​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដោយសារ​តែ​ឥទ្ធិពល​ប្រាក់​ដុល្លារ​។ ការដំឡើង​អត្រា​ការប្រាក់​ជាប់ៗ​គ្នា​នៅក្នុង​ឆ្នាំ​ ២០២២ ​នេះ​ធ្វើឱ្យ​តម្លៃ​រូបិយប័ណ្ណ​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​តែ​ឈរ​នៅ​លេខ​ ១ ​ក្នុង​ការជួញដូរ​ឧបករណ៍​និស្សន្ទ​។ តម្លៃ​មាស និង​ទង់ដែង​បាន​ធ្លាក់ចុះ​បន្ថែម​ទៀត​ កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ប្រាក់​ដុល្លារ​បាន​ឡើងដល់​កម្រិត​ខ្ពស់​ថ្មី​រយៈពេល ២០ ​ឆ្នាំ ស្របពេល​មាន​ការភ័យខ្លាច​នៃ​ការដំឡើង​អត្រា​ការប្រាក់ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។

ទីផ្សារ​លោហធាតុ​បាន​ធ្លាក់ចុះ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​អត្រា​ការប្រាក់ និង​បាន​បង្ហាញ​ពី​ការលំបាក​ដែល​អាច​កើតមាន ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា​ ដែល​កំពុងតែ​កើតឡើង​ខ្ពស់​។ សូចនាករ​សេដ្ឋកិច្ច​មកពី​តំបន់​ចាយប្រាក់​អឺរ៉ូ និង​ចក្រភព​អង់គ្លេស​ក៏បាន​បង្ហាញ​​ពី​ការធ្លាក់ចុះ​យ៉ាង​ច្បាស់លាស់​នៅក្នុង​សកម្មភាព​អាជីវកម្ម ដោយសារ​ការ​ភ័យខ្លាច​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​តម្រូវការ​ទីផ្សារ​លោហៈ​។ តម្លៃ​មាស​សម្រាប់​កិច្ចសន្យា​អនាគត​​បាន​ធ្លាក់ចុះ ១៩,៥១ ​ដុល្លារ ឬ ១,២% ​ដែល​ធ្វើឱ្យ​តម្លៃ​មាស​ធ្លាក់​មក​នៅត្រឹម ១ ៦២៤,០៦ ដុល្លារ​ក្នុង ​១ ​អោនស៍​។

សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ លោក ឡុង សំណាង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ​ភីភី លីង ស៊ីឃ្យួរឹធី បាន​ណែនាំ​ដល់​វិនិយោគិន​ឱ្យ​ធ្វើការ​ជួញដូរ​តាម​ទំនោរ​​ទីផ្សារ​។ ទោះជា​យ៉ាងណា​ក៏ដោយ លោក​ក៏បាន​បញ្ជាក់​ថា អ្នកជួញដូរ​ក៏​អាច​រង់ចាំ​ទិញ​មាស ​នៅពេល​ដែល​មាន​តម្លៃ​ចន្លោះ​ពី ១ ៦១០ ទៅ ១ ៦២០ ​ដុល្លារ ដោយ​កំណត់​មុខងារ​ទាញ​យក​ចំណេញ​នៅ​​តម្លៃ ១ ៦៤៥ ​ដុល្លារ និង​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៥៩៧​ ដុល្លារ​៕