
គ្រាប់ស្វាយចនី្ទខ្មែរ កំពុងមានទីផ្សារល្អក្នុងប្រទេសជប៉ុន។ ហុង មិនា
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន FIS Co.,Ltd មានបំណងនាំចូលផលិតផលកសិកម្មសក្តានុពលពីប្រទេសកម្ពុជា ដើម្បីធ្វើការចែកចាយលក់នៅទីផ្សារជប៉ុន ស្របពេលផលិតផលគ្រាប់ស្វាយចន្ទីកំពុងទទួលបានការពេញនិយមពីសំណាក់អតិថិជនក្នុងទីផ្សារដ៏ធំរបស់អាស៊ី។
ការបង្ហាញពីគម្រោងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជារបស់ក្រុមហ៊ុននេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនជាមួយនឹងលោក Miyamoto Hidemasa និងលោក Koshi Li តំណាងក្រុមហ៊ុន FIS Co., Ltd នៅស្ថានទូតកម្ពុជាកាលពីថ្ងៃទី ៩ ខែកញ្ញា កន្លងទៅ។
លោក ទុយ រី បានលើកឡើងអំពីផលិតផលសក្តានុពលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ កង់ គ្រឿងបង្គុំអេឡិចត្រូនិក អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ម្រេច ស្វាយ និងកសិផលដទៃទៀត ដែលជាទំនិញអាចមានទីផ្សារនៅជប៉ុន។ ក្រៅអំពីការនាំចេញ កម្ពុជាជាប្រទេសមានសេដ្ឋកិច្ចទីផ្សារបើកចំហមានទំនិញនាំចូលពីបរទេសច្រើនប្រភេទតាមតម្រូវការ។
លោកថ្លែងថា៖ «កម្ពុជាស្វាគមន៍ការវិនិយោគជប៉ុនបន្ថែមទៀត ការវិនិយោគរបស់ជប៉ុននៅកម្ពុជាកំពុងមានកំណើនជាលំដាប់ ដែលមកដល់ពេលនេះគិតជាសរុបមាន ១៤៩ គម្រោង និងគិតជាប្រាក់ជិត ៣ ០០០ លានដុល្លារ»។
តំណាងរបស់ក្រុមហ៊ុន FIS ទាំង ២ ក៏បានរួមដំណើរចុះទៅពិនិត្យសាកសួរព័ត៌មានបន្ថែមនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ក្នុងក្រុង Atsugi ដោយបានចាប់អារម្មណ៍លើ Sample ពីផលិតផលកម្ពុជាដែលមានសក្តានុពលមួយចំនួន។
នៅក្នុងដំណើរចុះទស្សនាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ក្រុង Atsugi ក៏មានការចូលរួមស្វែងយល់ផងដែរពីសំណាក់ក្រុមហ៊ុនខ្មែររួមមាន Mony Trading Co.,Ltd (ខេត្ត អូសាកា) និង M7 Supermarket (ខេត្តហ្គឹម៉ា) ដែលកំពុងដំណើរការពាណិជ្ជកម្មនាំចេញនាំចូល និងបើកផ្សារម៉ាតលក់រាយនៅជប៉ុន ហើយពួកគេបានចាប់អារម្មណ៍លើការសម្របសម្រួល និងលទ្ធភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅ Atsugi ចំពោះការនាំចូលផលិតផលខ្មែរទៅចែកចាយនៅជប៉ុននាថ្ងៃខាងមុខ។
នៅថ្ងៃដដែលនោះដែរ លោក ទុយ រី ក៏ជួបពិភាក្សាជាមួយនឹងលោក Jun Honda អគ្គនាយកសាជីវកម្ម OK (ក្រុមហ៊ុនផ្សារទំនើបម៉ាតលក់រាយ OK Supermarket) នៅទីក្រុង Yokohama ដែលបច្ចុប្បន្នផ្សារនេះកំពុងដាក់លក់គ្រាប់ស្វាយចន្ទីជាផលិតផលខ្មែរ នៅតាមបណ្តាសាខារបស់ខ្លួនចំនួន ១៥០ កន្លែង នៅជុំវិញក្រុងតូក្យូ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សារទំនើបខាងលើនៅក្នុងការពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាលទ្ធភាពនៃការនាំចូលផលិតផលអាហារកម្ពុជាផ្សេងទៀតមានដូចជា ដំណាប់ស្វាយ ម្នាស់ ម្រេច ស្ករត្នោត ជាដើម។
បើតាមលោក Jun Honda ក្រៅអំពីគ្រាប់ស្វាយចន្ទី ភាគីសាជីវកម្ម OK និងស្ថានទូត រួមជាមួយនឹងស្ថាប័នគាំទ្រពាក់ព័ន្ធទាំងរដ្ឋ និងឯកជនបានឯកភាពគ្នាបន្តសហការជំរុញការបង្កើនគុណភាព សោភណភាពការវេចខ្ចប់ គោរពតាមស្តង់ដាគុណភាព សុវត្ថិភាព លើផលិតផលសក្ដានុពលកម្ពុជាជាច្រើនមុខថែមទៀត ដើម្បីអាចទទួលដាក់លក់នៅ OK Store និង Supermarket នៅជប៉ុន។
គ្រាប់ស្វាយចន្ទី (សរីរាង្គ) ប្រមាណ ៤,៥ តោនដែលកែច្នៃ និងវេចខ្ចប់ដោយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ត្រូវបានក្រុមហ៊ុន Top Planning Japan នាំចេញទៅទីផ្សារប្រទេសជប៉ុនឡើងវិញកាលពីដើមខែកញ្ញា។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនរយៈពេល ៨ ខែ ឆ្នាំ ២០២២ មានតម្លៃជាង ១,៣ ពាន់លានដុល្លារកើនជិត ១៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕