
អតិថិជនប្រើប្រាស់បាគង ដើម្បីផ្ទេរលុយតាមរយៈកុំព្យូទ័ររបស់គាត់ក្នុងខែកញ្ញា។ ហេង ជីវ័ន
ភ្នំពេញៈ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធបាគង បានកើនឡើងយ៉ាងខ្លាំងពី ៤៥ ពាន់នាក់ ដែលបានចុះឈ្មោះកាលពីចុងឆ្នាំ ២០២០ ឡើងដល់ ២៨៨ ពាន់នាក់នៅចុងឆ្នាំ ២០២១ និង បន្តកើនដល់ ៤៤៥ ពាន់នាក់ គិតត្រឹម ខែកក្កដាឆ្នាំ ២០២២ ខណៈចំនួនប្រតិបត្តិការតាមប្រព័ន្ធនេះមានចំនួន ១២,៧ លាន កើន ឡើង ៤,៣ ដង និងមានទឹកប្រាក់ប្រតិបត្តិការប្រមាណ ៧,២ ពាន់លានដុល្លារ កើនឡើង ៦,៥ ដង ក្នុងរយៈពេល ៧ ខែដំបូង ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា (NBC)។
គម្រោងបាគងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ដោយមានកិច្ចសហការពីក្រុមហ៊ុន SORAMISU Co.,Ltd (ក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅប្រទេសជប៉ុន) និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកដែលចាប់អារម្មណ៍លើគម្រោងនេះ។
ការសាកល្បងគម្រោងនេះត្រូវបានធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ ២០១៩ ហើយ «បាគង» ដែលជាឈ្មោះយកតាមប្រាសាទដ៏លេចធ្លោមួយ ដែលបានសាងសង់ក្នុងសតវត្សរ៍ទី៩ ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ ២០២០ ដើម្បីផ្តល់សេវាផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមក សម្រាប់អតិថិជនលក់រាយរបស់ធនាគារក្នុងស្រុក ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នានា។
លោក ជា ចាន់តូ ទេសាភិបាល NBC បានថ្លែងក្នុងវេទិកាហិរញ្ញវត្ថុ SME សកលឆ្នាំ ២០២២ នាពេលថ្មីៗនេះថា ដោយទទួលស្គាល់សក្តានុពលដ៏ធំនៃការទូទាត់តាមឌីជីថល ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះបានដាក់ឱ្យដំណើរការប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់ជាតិផ្អែកលើបច្ចេកវិទ្យា Blockchain ដែលមានគោលបំណងផ្តល់សេវាកម្មទូទាត់មានតម្លៃទាប សុវត្ថិភាព រហ័ស និងងាយស្រួលដល់ប្រជាជន និងអាជីវកម្មខ្នាតតូចនៅកម្ពុជា។
លោកថ្លែងថា៖ «ការអភិវឌ្ឍប្រព័ន្ធបាគង ទទួលបានជោគជ័យខ្លាំង ដោយសារវាបានរួមចំណែកក្នុងការជំរុញប្រព័ន្ធទូទាត់ និងបានជួយសហគ្រាសធុន មីក្រូ តូច និងមធ្យម រក្សាសកម្មភាពអាជីវកម្មរបស់ពួកគេ តាមរយៈការលក់អនឡាញ ចំពេលមានការរីករាលដាលកូវីដ ១៩ ក៏ដូចជា ការទប់ស្កាត់ការរីករាលដាលកូវីដ ១៩ តាមរយៈការកាត់បន្ថយអន្តរកម្មរបស់មនុស្ស កាត់បន្ថយការធ្វើដំណើរ និងរក្សាកន្លែងធ្វើពាណិជ្ជកម្មឱ្យមានមនុស្សតិច ខណៈបរិយាប័ន្នហិរញ្ញវត្ថុជាផ្លូវការនៅតាមតំបន់ជនបទត្រូវបានលើកកម្ពស់»។
លោកបន្តថា៖ «ការរួមចំណែកទាំងអស់បាននាំឱ្យបាគងទទួលបានពានរង្វាន់ផលិតផល និងសេវាកម្ម Nikkei Superior Awards ឆ្នាំ ២០២១ សម្រាប់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ និងឥទ្ធិពលលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា»។
លោកបន្ថែមថា នៅដើមខែកក្កដា ឆ្នាំ ២០២២ ប្រព័ន្ធខេអេចឃ្យូអរកូដ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីជួយសម្រួលទៅដល់ការទូទាត់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង។
លោកស្រី សូរ ផនណារី អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីខែមិថុនាថា ប្រតិបត្តិការឌីជីថល ដែលធនាគារដំណើរការកាលពីឆ្នាំមុន មានប្រមាណ ៣៥,០៣០ ពាន់លានដុល្លារ ដែលស្មើនឹងចំណែកទីផ្សារ ៣៤ ភាគរយ។
លោកស្រីបានវាយតម្លៃលទ្ធផលវិជ្ជមាននេះ ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ការកើនឡើងនៃការយល់ដឹង និងការទទួលយកប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា ស្របពេលជាមួយភាពល្អប្រសើរស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា៕