
លោក គង់ វិបុល ឡើងថ្លែងក្នុងវេទិកាស្តីពីពន្ធដារសភាពាណិជ្ជកម្មអាមេរិក។ សហការី
ភ្នំពេញៈ ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនារយៈពេលជិត ៣ ត្រីមាសនៃឆ្នាំ ២០២២ សម្រេចបានប្រមាណជាង ២,៦៨ ពាន់លានដុល្លារ ដែលស្មើនឹងជាង ៩៥ ភាគរយនៃផែនការច្បាប់ថវិកាជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលឱ្យបានប្រមាណ ២,៨ ពាន់លានដុល្លារ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានថ្លែងក្នុងជំនួបជាមួយវិស័យឯកជន ធុរជន ពាណិជ្ជករ នៃវេទិកាស្តីពីពន្ធដារសភាពាណិជ្ជកម្មអាមេរិក (Amcham Tax Forum) ដែលរៀបចំនៅសណ្ឋាគារ Raffles Le Royal កាលពីថ្ងៃទី ២៨ ខែកញ្ញាថា គិតពីដើមឆ្នាំ ២០២២ រហូតមកដល់ពេលនេះចំណូលពន្ធផ្ទៃក្នុងសម្រេចបានជាង ២ ៦៨០ លានដុល្លារស្មើនឹង ៩៥,០៧ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ខណៈនៅសល់ ៣ ខែទៀត សម្រាប់ការងារគ្រប់គ្រងចំណូលផ្ទៃក្នុងបន្តទៀត។
លោកបន្តថា ចំណូលផ្ទៃក្នុងនៅកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់ តាមរយៈការធ្វើកំណែទម្រង់ពន្ធដារជាដំណើរការឥតឈប់ឈរ ដោយអគ្គនាយកដ្ឋានកំពុងបន្តកែលម្អនូវគោលនយោបាយចាំបាច់នានា និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធក្នុងន័យបង្កភាពងាយស្រួល សមធម៌ មានភាពត្រឹមត្រូវក្នុងការបង់ពន្ធ បង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពិសេសតាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ E-Filing, TOI E-Payment និងប្រព័ន្ធអនឡាញផ្សេងទៀត ដោយមានការគាំទ្រ E-Tax Service សម្រាប់ដោះស្រាយបញ្ហាប្រឈមនានានៅពេលប្រើប្រាស់ សម្រាប់មន្ត្រី និងអ្នកជាប់ពន្ធទាំងឡាយ។
លោកពន្យល់ថា ការធ្វើបច្ចុប្បន្នភាពក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម គឺមានភាពចាំបាច់ ព្រោះក្រុមហ៊ុនខ្លះពីមុនជាក្រុមហ៊ុនដែលមានសកម្មភាពអាជីវកម្មតិចតួច និងមានចំណូលទាប ប៉ុន្តែពេលនេះក្លាយជាក្រុមហ៊ុនធំ និងមានប្រាក់ចំណូលអាជីវកម្មច្រើន។ នេះជាភារកិច្ចមួយដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងធ្វើជាប្រចាំ។
លោកប្រាប់ទៀតថា ក្នុងអំឡុងពេលការរីករាលដាលកូវីដ ១៩ អគ្គនាយកដ្ឋានពន្ធដារមិនបានបង្កើនតម្លៃពន្ធ ឬបង្កើតពន្ធថ្មីទេ គឺមានតែផ្ដល់ការលើកទឹកចិត្ដបន្ថែម។
លោកថ្លែងថា៖ «កំណើនប្រាក់ចំណូលពន្ធដែលយើងទទួលបាននៅពេលនេះ គឺមិនមែនយើងដំឡើងពន្ធទេ ប៉ុន្តែយើងបានពង្រីកវិសាលភាព ក៏ដូចជាពង្រីកតម្លាភាពនៃការប្រមូលពន្ធរបស់យើងឱ្យបានល្អប្រសើរជាងមុន»។
បើយោងតាមលោក គង់ វិបុល ក្នុងឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ប្រមូលចំណូលពន្ធបានលើសពីផែនការប្រមាណ ១០-១៥ ភាគរយ។
លោកប្រាប់ទៀតថា ការកើនឡើងនៃការប្រមូលចំណូលពន្ធដារ គឺដោយសារតែការកែទម្រង់ប្រព័ន្ធពន្ធដារលើគ្រប់វិស័យ ដោយរាប់ចាប់តាំងពីការផ្តល់សេវាដល់អ្នកជាប់ពន្ធ, ការផ្តល់សេវាចុះបញ្ជី, ការធ្វើសវនកម្ម, ការគ្រប់គ្រងបំណុល, ការដោះស្រាយបញ្ហានានាដែលធ្វើឱ្យអ្នកជាប់ពន្ធមានភាពងាយស្រួលក្នុងការបង់ពន្ធ ជាដើម។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែកញ្ញាថា ចំណូលសារពើពន្ធបានដើរតួនាទីយ៉ាងសំខាន់សម្រាប់រដ្ឋាភិបាលគ្រប់ប្រទេសលើពិភពលោក ព្រោះចំណូលនេះ គឺសម្រាប់រ៉ាប់រងមួយផ្នែកនៃការចំណាយរបស់រដ្ឋ និងការវិនិយោគសាធារណៈជាដើម។ សម្រាប់ប្រទេសកម្ពុជាដែលកំពុងទទួលបានកំណើនការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់ គឺប្រាកដណាស់ចំណូលពន្ធដារនឹងបន្តកើនឡើងថែមទៀត។ លោកបន្ថែមថា ម្យ៉ាងទៀតការខិតខំពង្រឹងអភិបាលកិច្ច និងប្រព័ន្ធបច្ចេកវិទ្យាក្នុងការបង់ពន្ធ ក៏រួមចំណែកធ្វើឱ្យប្រជាពលរដ្ឋទៅបំពេញកាតព្វកិច្ចបង់ពន្ធកាន់តែច្រើនផងដែរ។
លោកអះអាងថា៖ «តាមរយៈអ្វីដែលកម្ពុជាកំពុងមាននៅពេលនេះ ខ្ញុំជឿថា ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនឹងមានចំនួនកាន់តែច្រើន ជាពិសេសពីចំណូលពន្ធមួយចំនួនដែលរដ្ឋាភិបាលកំពុងលើកលែងនៅពេលនេះ (ទេសចរណ៍) អាចនឹងត្រូវប្រមូលយកវិញនៅពេលរដ្ឋពិនិត្យឃើញថា វិស័យនេះមានដំណើរការឡើងវិញ»។
យោងតាមអគ្គនាយកដ្ឋានពន្ធដាររយៈពេល ៣ ត្រីមាស ឆ្នាំ ២០២១ ការប្រមូលចំណូលសម្រេចបានប្រមាណ ២ ១១១,០៩ លានដុល្លារ ស្មើ ៩៤,១២ ភាគរយនៃច្បាប់ផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១៕