ភ្នំពេញៈ កម្ពុជា​រំពឹង​នឹង​បាន​ទទួល​ចំណូល​ពី​ការលក់​ប្រេង ៣០ ​ម៉ឺន​បារ៉ែល​ ដែល​នាវា MT Strovolos បាន​លួច​យក​ទៅ​កន្លងមក​នៅក្នុង​រង្វង់​ថ្ងៃទី​ ១១ ​ខែតុលា ប្រមាណ​ពី​ ១០-២០ ​លាន​ដុល្លារ បន្ទាប់ពី​គ្រប់ភាគី​ទាំងអស់​បាន​យល់ព្រម​ដោះស្រាយ​ករណីនេះ​ចប់​សព្វគ្រប់​តាំងពី​ថ្ងៃទី​ ១០ ខែកញ្ញា​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម ក្នុង​កម្មវិធី​មួយ​នៅ​សាលាខេត្ត​កែប កាលពី​ថ្ងៃ​ទី​ ២៨ ខែកញ្ញា បាន​ត្រូវ​ទូរទស្សន៍​ក្នុងស្រុក CNC ដកស្រង់​សម្ដី​ថា ប្រេងឆៅ​ចំនួន​ជិត ៣០ ​ម៉ឺន​បារ៉ែល ឬ​ស្មើ​ជិត ៤៧​ លាន​លីត្រ​ដែល​ត្រូវគេ​លួច​ដឹក​ចេញ​ពី​កម្ពុជា​តាមរយៈ​កប៉ាល់ MT Strovolos ដែល​ក្រុមហ៊ុន Kris Energy បាន​ជួល​សម្រាប់​ស្តុក​ប្រេង​ កាលពី​ពាក់កណ្ដាល​ឆ្នាំមុន ពេលនេះ​ត្រូវ​បាន​ចរចា​គ្នា​រួចរាល់​ហើយ​ ដោយ​កម្ពុជា​ទទួល​បាន ៧០ ​ភាគរយ​នៃ​តម្លៃ​ប្រេង​សរុប​។

លោក​បាន​ថ្លែង​ថា​៖ «​ក្រោយពី​យើង​បាន​ប្តឹង​ក្រុមហ៊ុន​ដែល​បាន​ដឹក​ប្រេង​យើង​ចេញ​ដោយ​បាន​រត់​ចូល​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី ប៉ុន្តែ​យើង​បាន​ព្យាយាម​ស្វះ​ស្វែងរក​ការ​អន្តរាគមន៍​នានា​តាមរយៈ​ផ្លូវច្បាប់ ទោះបី​ជា​មាន​ភាពស្មុគស្មាញ​ក៏ដោយ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ​យើង​បាន​សម្រេច​បញ្ចប់​រឿងនេះ ដោយ​ធ្វើការ​ចរចា​គ្នា​លក់​ប្រេង​ចែកគ្នា​»​។

លោក​បាន​បន្ថែម​ថា​៖ «​ឥឡូវ​ព្រមព្រៀងគ្នា​លក់​ប្រេង​ចែកគ្នា​។ យើង​បាន ៧០ ​ភាគរយ​នៃ​ថ្លៃ​លក់​ប្រេង​ក្នុង​កប៉ាល់​ហ្នឹង បាន​ប្រហែល​ពី​ ១០-២០ ​លាន ​(​ដុល្លារ​)»​។ យើង​យក​មក​ជា​ចំណែក​ចូល​ថវិការដ្ឋ​»​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា​ថា ប្រេងឆៅ​របស់​កម្ពុជា ដែល​បាត់​ជិត ៣០ ​ម៉ឺន​បារ៉ែល​នោះបាន​ផ្ទេរ​ចេញពី​កប៉ាល់ MT Strovolos ទៅ​កប៉ាល់​អ្នកទិញ​រួចរាល់​ហើយ ប៉ុន្ដែ​ការទូទាត់​មាន​រយៈពេល ៣០ ​ថ្ងៃ ក្រោយពី​ការផ្ទេរ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ភាគី​ទាំងអស់​បាន​យល់ព្រម​ដោះស្រាយ​បញ្ហា​រួម​គ្នា​រួចហើយ ដោយ​យើង​បាន​លក់​ប្រេង​អស់ហើយ ដែរ​មាន​ន័យថា ប្រេង​នៅលើ​កប៉ាល់ MT Strovolos ទៅ​កប៉ាល់​អ្នកទិញ​រួច​អស់​ហើយ​តាំងពី​ថ្ងៃទី​ ១០ ខែកញ្ញា​មក​។ សម្រាប់​ការទូទាត់​ប្រាក់​នឹង​ធ្វើ​ឡើង ៣០ ​ថ្ងៃ​ ក្រោយពី​ការទិញ​នេះ អ៊ីចឹង​យើង​រំពឹងថា ​នឹង​ទទួលបាន​ប្រាក់​នៅ​រង្វង់​ថ្ងៃទី​ ១១ ខែតុលា​»​។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័ក្តិធារ៉ា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ៨ សីហា​ថា កម្ពុជា​រំពឹង​ទទួល​បាន​ចំណូល​ជាង ២៥ ​លាន​ដុល្លារ​ស្មើនឹង ៧០​ ភាគរយ​នៃ​ប្រេងឆៅ​សរុប​ជិត ៣០ ​ម៉ឺន​បារ៉ែល​នេះ បើ​ក្នុង​ករណី​ប្រេងឆៅ​ឡើងថ្លៃ​ជាង ៩០ ​ដុល្លារ​ក្នុង ១ ​បារ៉ែល​។

ការបូម​ប្រេង​របស់​ក្រុមហ៊ុន KrisEnergy ប្រមាណ​ជិត​ ៣០ ​ម៉ឺន​បារ៉ែល​នេះ គឺ​ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​ធនធាន​ប្រេង​ដែល​មាន​នៅក្នុង​អណ្តូង​ទាំង​ ៥ ដោយ​នៅសល់​ប្រហែល​ជិត ២០ ​ម៉ឺន​បារ៉ែល​ទៀត​ ដែល​មិន​ទាន់​បាន​បូម​។ សព្វថ្ងៃ​ក្រុម​ការ​ងារ​ក្រសួង និង​ក្រុមហ៊ុន EnerCam Resources Co. Ltd. (EnerCam) កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការវិនិយោគ​បូម​ប្រេង​នៅ​ប្លុក A ឡើងវិញ​៕