
កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅក្នុងប្រទេសកម្ពុជា។ ហុង មិនា
ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បង្ហាញការសាទរ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានផែនការនាំចេញសត្វចិញ្ចឹម ដូចជា គោ មាន់ ជ្រូក និងផលិតផលសត្វមួយចំនួនទៀតទៅប្រទេសចិន ដើម្បីកុំឱ្យមានការកកស្ទះនៅក្នុងស្រុក។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ២៣ កញ្ញា បានចេញលិខិតអំពាវនាវដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញសត្វ និងផលិតផលសត្វដូចជា ជ្រូករស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែកគោ ស្បែកជ្រូក និងផលិតផលផ្សេងទៀត អាចដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបញ្ជាក់ពីប្រភេទសត្វ និងផលិតផលសត្វឱ្យបានច្បាស់លាស់ទៅតាមប្រភេទនីមួយៗចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជំរុញការនាំចេញនៅពេលអនាគត។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ការដាក់ពាក្យស្នើសុំនេះ ដើម្បីឱ្យអគ្គនាយកដ្ឋានមានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធផ្សេងៗសុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យ និងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី ២៩ កញ្ញានេះថា សមាគមមានការត្រេកអរយ៉ាងក្រៃលែង ដែលក្រសួងកសិកម្មបានខិតខំជួយរកទីផ្សារ សម្រាប់នាំចេញទៅក្រៅប្រទេស ស្របពេលការផ្គត់ផ្គង់សាច់នៅកម្ពុជាមានលក្ខណៈគ្រប់គ្រាន់ ទាំងសាច់មាន់ និងសាច់ជ្រូក។
លោកថ្លែងដូច្នេះថា៖ «ការកកស្ទះសត្វចិញ្ចឹមនៅកម្ពុជាមានសម្ទុះកើនឡើង ដូច្នេះក្រសួងកសិកម្មបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីរកទីផ្សារជូនកសិករ។ ក្នុងអំឡុងពេលបុណ្យភ្ជុំការផ្គត់ផ្គង់សត្វ មិនមានការខ្វះខាតនោះទេរហូតដល់លើសសល់មកដល់សព្វថ្ងៃនេះ។ ដូច្នេះបានក្រសួងរកទីផ្សារនាំចេញទៅក្រៅ នោះនឹងជួយផ្តល់ការងារដល់កសិករយើង»។
ទោះជាយ៉ាងណាក៏ដោយ លោកបន្តថា ការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មិនមានភាពងាយស្រួលនោះទេ ព្រោះអ្នកចិញ្ចឹមត្រូវអនុវត្តការចិញ្ចឹមសត្វតាមស្តង់ដានាំចេញ ហើយការអនុវត្តតាមស្តង់ដានាំចេញនេះមានតែកសិដ្ឋានចិញ្ចឹមខ្នាតធំៗ និងក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចធ្វើការនាំចេញបាន។
លោកថ្លែងដូច្នេះថា៖ «មានតែក្រុមហ៊ុន និងកសិដ្ឋានខ្នាតធំៗទេ ដែលគាត់អាចនាំចេញបាន ហើយនៅពេលដែលគាត់អាចនាំចេញបានមួយចំនួនទៅ វាក៏ល្អដល់កសិករខ្នាតតូចដែរ។ បើកសិដ្ឋានខ្នាតធំនាំចេញទៅបាន កសិករខ្នាតតូច ក៏អាចរកទីផ្សារនៅក្នុងស្រុកងាយស្រួលផងដែរ យើងរំពឹងថា វានឹងមានទីផ្សារល្អ បើសិនជាអាចនាំចេញបាន»។
លោក ហេង យ័ន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅខេត្តតាកែវបានលើកឡើងដែរថា នីតិវិធីការនាំចេញសត្វទៅក្រៅប្រទេសមានបែបបទត្រូវអនុវត្តច្រើន ដែលកសិករខ្នាតតូច មិនអាចនាំចេញបាននោះទេ ព្រោះពួកគាត់គ្មានចំណេះដឹងទាក់ទងនឹងស្តង់ដាអនាម័យ និងច្បាប់នាំចេញផ្សេងៗ។
លោកថ្លែងដូច្នេះថា៖ «មុននាំចេញត្រូវពិនិត្យសុខភាពសត្វមុនដល់ពេលអ៊ីចឹងទៅវែងឆ្ងាយណាស់ ហើយកសិករគ្មានក្រុមបច្ចេកទេសក្នុងដៃខ្លួនឯងនោះទេ។ បើក្រុមហ៊ុនគេមានផ្នែកគេគ្រប់សព្វ គេមានពេទ្យ គេមានអ្នកទីផ្សារ»។
លោកបន្តថា បច្ចុប្បន្នមាន់ចិញ្ចឹមក្នុងស្រុកមានតម្លៃជិត ៥ ពាន់រៀល ក្នុង ១ គីឡូក្រាម ដែលតម្លៃនេះមិនអាចធ្វើឱ្យកសិករខ្នាតតូចចំណេញនោះទេ ប៉ុន្តែបើសម្រាប់កសិដ្ឋានធំៗគេទទួលបានចំណេញ ដោយសារកសិដ្ឋានអាចផលិតចំណី និងបង្កាត់ពូជដោយខ្លួនឯង។
គួរបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើនឡើង ៣៩% នៅឆ្នាំ ២០២១ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូកដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។
បើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ត្រីសាច់បានកើនឡើងដល់ ៩២ ភាគរយ ខណៈការផ្គត់ផ្គង់សាច់ជ្រូកអាចដំណើរការបាន ១០០ ភាគរយបានជាង ៩ ខែ កន្លងមកហើយ ៕