ភ្នំពេញៈ វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ ​(TTRI) ​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន Team Synergy ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ដើម្បី​ជួយ​លើកកម្ពស់​សមត្ថភាព​នៃ​ការបណ្តុះបណ្តាល​ផ្នែក​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ២៩ ខែ​កញ្ញា ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម វិទ្យាស្ថាន TTRI ព្រមទាំង​ប្រធាន និង​សហការី​ក្រុមហ៊ុន Team Synergy ជាច្រើនរូប​។

ថ្លែង​ក្នុង​ពិធី​ចុះ MoU នោះ លោកស្រី ចម និម្មល បាន​ឱ្យ​ដឹងថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​វិទ្យាស្ថាន ដើម្បី​ពង្រឹង​តួនាទី​ស្នូល​ឱ្យ​កាន់តែ​មាន​ឧត្តមភាព​ខ្ពស់ សំដៅ​បន្ត​លើកកម្ពស់​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​នីតិវិធី​ផ្សេងៗ​ទាក់ទង​នឹង​ពាណិជ្ជកម្ម ដែល​បម្រើ​ដល់​គោលនយោបាយ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោកស្រី​លើកឡើង​ទៀត​ថា បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ (AEM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ១១-១៨ ខែកញ្ញា​ថ្មីៗ​នេះ វិទ្យាស្ថាន​បាន​រៀបចំ និង​ដាក់ចេញ​បន្ថែម​នូវ​កម្មវិធី​ថ្មីៗ​ ដើម្បី​ជំរុញ​ការបណ្តុះ​បណ្តាល និង​ការផ្សព្វផ្សាយ​ចំណេះដឹង និង​វិធាន​បច្ចេកទេស​ពាក់ព័ន្ធ​វិស័យ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ជូន​ដល់​សាធារណជន សិស្ស​-​និស្សិត និង​បណ្តា​វិស័យ​ឯកជន ដែលជា​តួអង្គ​គោលដៅ​ក្នុង​ការលើកកម្ពស់​កំណើន​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​កម្ពុជា និង​ជំរុញ​ល្បឿន​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​តំបន់​អាស៊ាន និង​សកល​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​នឹង​ឈរលើ​គោលការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ ដែល​ក្នុង​នោះ​ក្រុមហ៊ុន​នឹង​ផ្តល់​ការគាំទ្រ​ដល់​ការបណ្តុះ​បណ្តាល​ទាំង​រយៈពេល​ខ្លី មធ្យម និង​វែង និង​ការបណ្តុះ​បណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​ជូន​ដល់​បុគ្គលិក​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​បុគ្គល​សាធារណៈ​ផ្សេង​ទៀត ដែល​មាន​គុណវុឌ្ឍិ​គ្រប់គ្រាន់​ក្នុង​ការទទួល​បាន​អាហារូបករណ៍​លើ​ការបណ្តុះ​បណ្តាល​ទាំងនេះ​»​។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម វិទ្យាស្ថាន TTRI និង​ក្រុមហ៊ុន Team Synergy Co., Ltd ក៏​បាន​ប្តេជ្ញា​ធ្វើការ​រួមគ្នា​លើ​កិច្ច​ការសិក្សា​ស្រាវជ្រាវ ការរៀបចំ​សិក្ខាសាលា ការរៀបចំ​ទស្សនកិច្ច​សិក្សា ការផ្លាស់ប្តូរ​សំណៅ​ឯកសារ​មេរៀន និង​ការបោះពុម្ពផ្សាយ​នានា និង​ការផ្តល់​ការប្រឹក្សា​យោបល់​លើ​បញ្ហា​ផ្សេងៗ ក្រោម​ក្របខ័ណ្ឌ​នៃ​អនុស្សរណៈ​នេះ​។

Team Synergy Co., Ltd គឺជា​ក្រុមហ៊ុន​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​បណ្តុះបណ្តាល​កម្មវិធី​សិក្សា​ពី​សាកលវិទ្យាល័យ​ម៉ាឡេស៊ី សម្រាប់​កម្មវិធី​រយៈពេល​ខ្លី មធ្យម និង​វែង និង​ការបណ្តុះ​បណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​៕