​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជ​កម្ពុជា និយាយថា​ការ​ទាញ​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង RCEP នឹង​ជួយ​ធ្វើ​កំណែ​ទម្រង់​ប្រទេស​កម្ពុជា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៅពេល​ខាងមុខ ខណៈ​កម្ពុជា​នឹង​អាច​ចាក​ចេញ​ពី​ប្រទេស​កម្រិត​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ ២០២៨ តាមរយៈ​ការបង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​ទំនើប​ថ្មី។​

​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ ២០២២ ក្នុង​វេទិកា​ធុរកិច្ច​អាស៊ាន​ស្តីពី «​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​» តាម​ប្រព័ន្ធ​វីដេអូ​ដែល​សហការ​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន លោក​អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​តំណាង​ឱ្យ​លោក ​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​សុន្ទរកថា​បើក​វេទិកា។​

​ក្នុង​សុន្ទរកថា​នោះ លោក​អ៊ុក ប្រជា អះអាងថា តាមរយៈ​ការ​ទាញ​ប្រយោជន៍​ជា​អតិបរមា​នៃ​ពី​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នឹង​ជួយ​កម្ពុជា​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​កម្រិត​អភិវឌ្ឍន៍​តិចតួច​ក្នុង​ឆ្នាំ ២០២៨ ប្រកប​ដោយ​ប្រសិទ្ធ​ខ្ពស់ ដោយសារ​បង្កើតជា​ក្របខណ្ឌ​គតិយុត្ត​ទំនើប​ថ្មី។​

​ក្នុងន័យនេះ លោក​គូសបញ្ជាក់ថា​៖ «​យើង​នឹង​អាច​បង្កើតជា​ក្របខ័ណ្ឌ​គតិយុត្ត​ទំនើប​ថ្មី ដែល​ជំរុញ​ការធ្វើ​កំណែទម្រង់​ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្បាប់ គតិយុត្ត និង​ស្ថាប័ន ដើម្បី​ធានា​ស្តង់ដា​ខ្ពស់​របស់​កម្ពុជា​នាពេល​ខាងមុខ ស្រប​ពេល​ដែល​កម្ពុជា អាច​នឹង​ចាក​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) នៅ​ឆ្នាំ ២០២៨ និង​គ្រោង​ប្រែក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០»។​

​គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំ​បំផុត​លើ​ពិភពលោក​ដែល​មាន​សមាជិក​ចំនួន ១៥ ប្រទេស រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន ៥ មាន​ដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ចិន និង​នូវែលសេឡង់ គ្របដណ្តប់ ប្រជាជន​ប្រមាណ ២,២ ពាន់​លាន​នាក់ ឬ​ស្មើ ៣០% នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២៦,២ ទ្រីលាន​ដុល្លារ ឬ ៣០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក និង​ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល។​

​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​បន្ថែមថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នេះ​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់ ព្រមទាំង​ក្នុង​សកលលោក ហើយ​វាជា​សញ្ញាណ​នៃ​ការបង្ហាញ​ការគាំទ្រ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ដែល​ផ្អែក​លើ​គោលការណ៍​ច្បាប់ និង​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​និន្នាការ​គាំពារ​និយម របស់​ប្រទេស​មហាអំណាច​មួយ​ចំនួន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក។​

​សម្រាប់​លោក​សេង វណ្ណ​លី សាស្ត្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ​និង​ជា​អ្នក​តាមដាន​នយោបាយ​ក្នុង​តំបន់ យល់​ឃើញ​ថា RCEP នឹង​ជួយ​ពង្រឹង​លំហូរ​នៃ​ទំនិញ និង​សេវាកម្ម ដែល​ជួយ​ឱ្យ​ប្រទេស​ជា​សមាជិក​អាច​តភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែខ្លាំង​ក្លា​ឡើង​ស្របពេល កិច្ច​ព្រមព្រៀង​នេះ​បាន​កាត់បន្ថយ​អត្រាពន្ធ​រហូត ៩០%។​

​ស្រដៀង​នឹង​ការលើកឡើង​របស់​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ លោក​សេង វណ្ណលី ថា RCEP នឹង​ទប់ស្កាត់​នយោបាយ​គាំពារ​និយម​របស់​ប្រទេស​នានា​ជាពិសេស​សហរដ្ឋអាមេរិក។​

​សម្រាប់​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​វិញ គូស​បញ្ជាក់ថា RCEP នឹង​ជួយ​ការនាំ​ចេញ​កាន់តែ​ទូលាយ ដោយហេតុ​វាជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំ ដែល​អាច​ជំរុញ​ការវិនិយោគ​ក្នុង​ស្រុក​កាន់តែ​កើនឡើង ក៏ដូចជា​ការ​វិនិយោគ​ពី​ក្រៅ​ស្រុក​ផង​។ ក្នុងន័យ​នេះ RCEP អាច​ចូលរួម​ចំណែក​បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល​ក្នុង​ស្រុក​ច្រើនជាង​មុន ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ជួយ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​ចាកចេញ​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច នៅ​ឆ្នាំ ២០២៨ ខាងមុខ​នោះ។​

​អ្នកជំនាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​រូបនេះ សង្កត់ធ្ងន់​ផងដែរ​ថា កិច្ច​ព្រមព្រៀង RCEP នឹង​ឈាន​ទៅ​រំលាយ​នយោបាយ​គាំពារ​និយម​របស់​មហាអំណាច ជាពិសេស​សហរដ្ឋអាមេរិក​ដែល​បាន​រៀប​យុទ្ធសាស្ត្រ បិទផ្លូវ​ពាណិជ្ជកម្ម​ប្រទេស​ដៃគូ​ប្រកួត​ប្រជែង​តាំងពី​ជំនាន់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​។ «RCEP បាន​កាត់ផ្តាច់​រនាំង​គាំពារ​និយម​នេះ ព្រោះ​ប្រទេស​ជា​សមាជិក​ដ៏​ច្រើន​អាចធ្វើ​ពាណិជ្ជកម្ម​នឹង​គ្នា​បាន​ដោយ​សេរី ដែល​អាច​ជំរុញ​កំណើន​ទីផ្សារ​ផលិតផល​របស់​ប្រទេស​ជា​សមាជិក​រួម​នឹង​កម្ពុជា​ផង»។​

​គួររំឭកថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូរ​គ្រប់​ជ្រុងជ្រោយ​និង​តំបន់ (RCEP) ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំ ២០១១ នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ផ្តើម​ការចរចា​ជា​ផ្លូវការ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ ២០១២ ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៥ ​ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​តាម​ប្រព័ន្ធ​វីដេអូ (Online Conference) ខណៈ​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​។ មុខ​ទំនិញ​សំខាន់ៗ​ជាច្រើន​នៃ​ទំនិញ​កសិកម្ម កសិកម្ម​កែច្នៃ និង​ទំនិញ​ឧស្សាហកម្ម​និង​ត្រូវ​អនុញ្ញាតឱ្យ​នាំចូល​ប្រទេស​ទាំងនេះ​ដោយ​ត្រូវបាន​លើកលែង​ពន្ធ​ជាមធ្យម​ជាង ៩០% សម្រាប់​កម្ពុជា៕