ធនាគារ ABA ដែលជា​ធនាគារពាណិជ្ជ​កម្ពុ​ជាធំ​បំផុត និង​នាំមុខ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌីជីថល បានទទួល​ពានរង្វាន់ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​សម្រាប់​ហិរញ្ញវត្ថុ​ឌីជីថល​នៅ​កម្ពុជា ឆ្នាំ​ ២០២២” ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Asiamoney ជា​ទស្សនាវដ្ដី​ថ្នាក់​តំបន់​របស់​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្ដរជាតិ Euromoney​។

ពានរង្វាន់​ពី Asiamoney ប្រគល់ជូន ABA ចំពោះ​វឌ្ឍនភាព​ធនាគារ​ឌីជីថល​ដ៏​លេចធ្លោ និង​ការផ្ដោត​ជា​យុទ្ធសាស្ដ្រ​លើ​ការបម្រើ​សេវា​ធនាគារ​ប្រកបដោយ​ន​វា​នុ​វត្ត​ជូន​អតិថិជន​របស់ខ្លួន​។

គណៈវិនិច្ឆ័យ Asiamoney បាន​សាទរ​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ ABA Mobile ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នេះ​។ ជាក់ស្ដែង ABA បាន​ពង្រឹងសមត្ថភាព​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​របស់ខ្លួន​ជាមួយ​៖

​មុខងារ បើក​គណនី​រហ័ស ដែល​អតិថិជន​មិនទាន់មាន​គណនី ABA អាច​បើក​គណនី​ដំបូង​របស់ខ្លួន​បាន ដោយ​គ្រាន់​តែមាន​ស្មា​ត​ហ្វូ​ន និង​អត្តសញ្ញាណប័ណ្ណ​មាន​សុពលភាព (​អនុវត្តតាម​គោលការណ៍​ស្គាល់​អតិថិជន​បែប​អេ​ឡិ​ក​ត្រូ​និក​យ៉ាង​មាន​សុវត្ថិភាព​);

​មុខងារ ABA KHQR ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រមូលប្រាក់​ទូទាត់ ឬ​ទទួល​ប្រាក់​ផ្ទេរ​ពី​អ្នក​ប្រើ ABA Mobile ក៏ដូចជា​អតិថិជន​ធនាគារ​ផ្សេង ដែល​ដំណើរការ​ជាមួយ​ស្ដង់​ដារ KHQR របស់​ធនាគារជាតិ​នៃ​កម្ពុជា​;

​មុខងារ ផ្ទេរប្រាក់​តាម​កាត ជាមួយ Mastercard និង UnionPay ដែល​ម្ចាស់​កាត​អាច​ផ្ញើ​ប្រាក់​បាន​រហូតដល់ ២០,០០០ ដុល្លារ​អាមេរិក ​ក្នុង​ ១ ខែ​ពី​គណនី ABA របស់ខ្លួន​តាម ABA Mobile;

​មុខងារកម្ចី​ប្រាក់បៀវត្ស ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ ABA Mobile ទទួលបាន​ហិរញ្ញប្បទាន​រហ័ស និង​ងាយស្រួល​សម្រាប់​តម្រូវកា​រ​ប្រើប្រាស់​ផ្ទាល់ខ្លួន ដោយ​មិនចាំបាច់​មានទ្រព្យ​តម្កល់​។

ការពង្រឹង​សមត្ថភាព​កម្មវិធី ABA Merchant គឺជា​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​របស់ ABA ក្នុង​រយៈពេល​នេះ​។ ABA Merchant គឺជា “​មធ្យោបាយ​ទូទាត់​ចល័ត​” (mPOS) ដែល​ជួយ​ដល់​អាជីវកម្ម ឬ​កន្លែង​លក់ដូរ​តូចធំ​នានា ក្នុង​ការទទួលប្រាក់​ទូទាត់​ជា​ប្រាក់រៀល និង​ដុល្លារ ដោយ​គ្រាន់តែ​បង្កើត​កូដ QR នៅលើ​ស្មា​ត​ហ្វូ​ន​។ កម្មវិធី​នេះ ជួយ​សម្រួល​ដល់​ការងារ​ប្រចាំថ្ងៃ​របស់​ពាណិជ្ជករ​ក្នុង​ការរក្សា​កំណត់ត្រា​លក់ ខណៈ​កាត់បន្ថយ​ការប៉ះពាល់​ក្រដាសប្រាក់​ផ្ទាល់​ផងដែរ​។

ក្នុង​កិច្ច​បន្ដ​អភិវឌ្ឍ​បណ្ដាញ​ធនាគារ​ឌីជីថល​សម្រាប់​បណ្ដា​ក្រុមហ៊ុន​នានា ABA បាន​ភ្ជាប់​ផ្លែ​ត​ហ្វ​ម ABA Business របស់ខ្លួន ជាមួយ​ផ្លែ​ត​ហ្វ​ម​គណនេយ្យ cloud-based ឈានមុខ​នោះ​គឺ Xero។ ការភ្ជាប់​ប្រព័ន្ធ​នេះ អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ភ្ជាប់​គណនី Xero ទៅ​គណនី ABA របស់​ពួកគេ ហើយ​បំពេញការងារ​គណនេយ្យ ដោយ​សម្រួល​ដល់​ការងារ​គណនេយ្យ​ដែល​ធ្វើ​ដោយ​ដៃ​។

នៅក្នុង​របាយការណ៍​អំពី​ពានរង្វាន់​របស់ខ្លួន និពន្ធ​នាយក Asiamoney លោកស្រី Rashmi Kumar បាន​មានប្រសាសន៍ថា​៖ “​នៅពេល​និយាយ​ដល់​ការរួមបញ្ចូល​គ្នា​រវាង​ធនាគារ និង​នវានុវត្តន៍​នៅក្នុង​ប្រទេស​កម្ពុជា យើង​មិនចាំបាច់​មើល​ធនាគារ​ណា​ផ្សេង​ក្រៅពី​ធនាគារ ABA នោះទេ​។ ធនាគារ​នេះ បានធ្វើ​ឲ្យ​ការនាំយក​បច្ចេកវិទ្យា​ថ្មី​ចូលមកក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជា​អាទិភាព​មួយ​។​ជាក់ស្ដែង ABA ជា​ធនាគារ​ដំបូង​គេ​បង្អស់ ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ពេញលេញ​ក្នុងប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ២០១៥​។​”

“​បច្ចុប្បន្ននេះ កម្មវិធី ABA Mobile មាន​សន្ទុះ​គាំទ្រ​យ៉ាងខ្លាំង​មិនអាច​ប្រកែក​បាន​។ ចំនួន​ប្រតិបត្តិការ​ក្នុង​កម្មវិធី​នេះ បាន​ហក់​ឡើងដល់ ២៥០ លាន​ដង កាលពី​ឆ្នាំមុន ដែល​ធៀប​នឹង​ឆ្នាំ ២០២០ មាន ១០០ លាន​ដង​។​ប្រតិបត្តិការ​ទាំងនេះ​មានតម្លៃ​គិត​ជា​ទឹកប្រាក់ ១២៣ ពាន់​លាន​ដុល្លារ​អាមេរិក មាន​ទំហំ ៤ ដង នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) កម្ពុជា​” ​លោកស្រី​បាន​បន្ថែម​៕