ភ្នំពេញៈ លោកស្រី ជា សិរី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន​ក្រេឌីត​ប្យួរ៉ូ ខេមបូឌា​ (CBC) បាន​ប្រាប់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន CBC បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​ហិរញ្ញ​វត្ថុ​នៅ​​​កម្ពុជា​ដោយ​រក្សាទុក​ទិន្នន័យ​ឥណទាន​របស់​អតិថិជន​ប្រមាណ​ជាង​ ៧ លាន​នាក់​​ក្នុង​ប្រព័ន្ធ​ស្នូល​របស់​ខ្លួន​ដើម្បី​​បម្រើ​ជូន​គ្រឹះស្ថាន​​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​នៅ​ក្នុង​ការ​លើក​កម្ពស់​តម្លាភាព និង​ប្រសិទ្ធភាព​ទីផ្សារ​​ឥណទាន​។

ការ​លើក​ឡើង​របស់​លោក​ស្រី ជា សិរី ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី​ខួប ១០ ​ឆ្នាំ​នៃ​ការ​បង្កើត CBC កាល​ពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា ឆ្នាំ​ ២០២២។ លោកស្រី​បាន​បន្ត​ទៀត​ថា បើ​គ្មាន​វត្តមាន​របស់ CBC គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ ទាំងអស់​អាច​នឹង​ប្រឈម​នូវ​ការ​ចំណាយ​ប្រតិបត្តិការ​ខ្ពស់ និង​កង្វះ​នូវ​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​របស់​អ្នក​ខ្ចី​ប្រាក់ ​ហើយ​ក៏​អាច​បង្ក​ជា​ហានិភ័យ​នៅ​ពេល​ការ​សម្រេច​ចិត្ត​ផ្តល់​ឥណទាន។ ជា​ការពិត​​ព័ត៌មាន​ឥណទាន​ដែល​មាន​​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ និង​មាន​តម្លា​​ភាព ​គឺ​ជា​តម្រូវការ​ចាំបាច់​បំផុត និង​ដំបូង​គេ​បង្អស់​​សម្រាប់​គ្រប់​គ្រង​ហានិភ័យ និង​ស្ថិរភាព​ហិរញ្ញវត្ថុ។

លោកស្រី​បញ្ជាក់​ថា CBC កំពុង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​គាំទ្រ​ស្ថិរភាព​ហិរញ្ញ​វត្ថុ រួមមាន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ អាច​ប្រើប្រាស់​ប្រព័ន្ធ​ចែក​រំលែក​ឥណទាន​របស់ CBC ដើម្បី​ពិនិត្យ​មើល​ហានិភ័យ​​ប្រាក់​កម្ចី និង​សម្ពាធ​ឥណទាន​ទាំង​មូល និង​អាច​ជួយ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​​ការ​ស្វែងយល់​​ពី​ហានិភ័យ​ឥណទាន​នៅ​ពេល​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ផ្តល់​កម្ចី​ជូន​អតិថិជន​ខ្លួន និង​អាច​ចាត់​វិធានការ​ឆ្លើយតប​បាន​រហ័ស និង​មាន​ប្រសិទ្ធ​ភាព​ និង​ទាន់​ពេលវេលា​ក្នុង​​ការ​បញ្ចៀស​​ហានិភ័យ​ផ្សេងៗ​។

លោកស្រី​ថ្លែង​ថា៖ «​វត្តមាន​​ប្រព័ន្ធ​​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ប្រកប​ដោយ​សុវត្ថិភាព តម្លាភាព និង​គណនេយ្យ​ភាព​ពិតជា​ជួយ​ទីផ្សារ​ហិរញ្ញ​វត្ថុ​ឥណទាន​កាន់តែ​មាន​អំណោយផល តាមរយៈ​ការ​កាត់​បន្ថយ​ការ​ផ្តល់​ឥណទាន​​ខ្វះខាត​ព័ត៌មាន​របស់​អ្នក​ខ្ចី»។

លោក​ស្រី​បន្ត​ទៀត​​ថា៖ «CBC បាន​​រួម​ចំណែក​ជួយ​ជំរុញ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ និង​ទីផ្សារ​ឥណទាន​រីក​ចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ មិន​តែ​ប៉ុណ្ណោះ​បាន​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​ឥណទាន​កាន់តែ​ធំ​ទូលាយ និង​មាន​កំណើន​​រៀង​រាល់​ឆ្នាំ។ CBC មិន​ត្រឹម​តែ​រក្សា​ទុក​នូវ​ព័ត៌មាន​ប្រវត្តិ​ឥណទាន​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ព័ត៌មាន​ប្រវត្តិ​វិជ្ជមាន​ផងដែរ​ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​ឥណទាន​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​របស់​អ្នក​ខ្ចី»។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោកស្រី ជា សិរី។

លោកស្រី អ៊ុក ម៉ាលី ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ថ្លែង​ថា ប្រព័ន្ធ​ចែក​រំលែក​​ឥណទាន​គឺ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​លើ​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការ​ប្រកួតប្រជែង​ស្មើ​ភាព​គ្នា សំដៅ​កាត់បន្ថយ​ហានិភ័យ​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ព្រម​ទាំង​រួម​ចំណែក​​បង្កើត​បរិយាប័ន្ន​ហិរញ្ញ​វត្ថុ​។

លោកស្រី​​​ថ្លែង​​​ថា៖ «​ធនាគារ​ជាតិ​​នៃ​កម្ពុជា​បន្ត​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​​ក្រេឌីត​ប្យួរ៉ូ និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​ជា​សមាជិក​សូម​បន្ត​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​​ជាតិ​នៃ​កម្ពុជា​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​តាមរយៈ​បទ​ប្បញ្ញត្តិ​ជា​ធរមាន»។

លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ CBC បាន​ឱ្យ​ដឹង​ថា CBC ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ​ ២០១២ ដោយ​មាន​សមាជិក​ត្រឹម​ ៥១ ​ស្ថាប័ន ហើយ​បាន​កើន​រហូត​ដល់​ ១៨១ ​ស្ថាប័ន​នា​ពេល​នេះ។ ចាប់​តាំង​ពី​ឆ្នាំ ២០១២ មក CBC បាន​ក្លាយជា​អ្នក​ផ្តល់​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ ឧបករណ៍​វិភាគ​ទិន្នន័យ និង​របាយការណ៍​ឥណទាន ទៅ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​អស់ និង​អ្នក​ប្រើប្រាស់​ទាំង​អស់​នៅ​កម្ពុជា។

លោក​​បន្ថែម​ថា CBC បាន​ជួយ​ដល់​​អតិថិជន និង​សមាជិក​ខ្លួន​ទាំងអស់​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ និង​ធ្វើការ សម្រេច​ចិត្ត​បាន​រហ័ស​តាមរយៈ​​សេវាកម្ម​ដូចជា របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន របាយការណ៍​ឥណទាន​ក្រុមហ៊ុន សេវា​វិភាគ​ទិន្នន័យ សេវា​តាមដាន​​សេវា​ត្រួត​ពិនិត្យ​ឥណទាន​ជា​ដើម​។

លោក​ថ្លែង​ថា៖​ «ដោយសារ​សេដ្ឋកិច្ច​រីក​ចម្រើន​​​ឆាប់​រហ័ស ក្រុមហ៊ុន​យើង​​តែងតែ​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ផលិតផល​បន្ថែម​ទៀត​ដើម្បី​ធានា​ថា យើង​អាច​ផ្តល់​នូវ​សេវាកម្ម​ល្អ​ជូន​ដល់​ស្ថាប័ន​ដែល​ជា​សមាជិក​របស់​យើង»៕