ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បាន​ចាត់ទុក​ថា កត្តា​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ដ៏ខ្ពស់​នាពេល​ជាង​ ២​ ទសវត្សរ៍​មកនេះ​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដ៏មាន​សក្តានុពល​ក្នុង​តំបន់​ក្នុង​ការទាក់ទាញ​វិនិយោគ​ថ្មីៗ​។

នេះ​ជា​ការលើកឡើង​របស់​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ក្នុង​ពិធី​សម្ពោធ​រោងចក្រ RMKH Glove (Cambodia) Co., Ltd ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា​។

លោក​បាន​ថ្លែង​ថា នាពេល​បច្ចុប្បន្ន និង​បន្ត​ទៅមុខ​រដ្ឋាភិបាល​បាននិង​កំពុង​បង្កើន​កិច្ចខំ​ប្រឹងប្រែង​បង្កើត​លក្ខខណ្ឌ​អំណោយផល​ថែមទៀត​ សម្រាប់​ការនាំចេញ និង​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​។

លោក​បន្តថា​៖ «​ការអនុម័ត​ច្បាប់​វិនិយោគ​ថ្មី​សំដៅ​លើក​កម្ពស់​ការប្រកួត​ប្រជែង និង​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​ឱ្យ​បណ្តាក់ទុន និង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា តាមរយៈ​ការ​ផ្តល់​នូវ​ការលើក​ទឹកចិត្ត​ជាច្រើន ជាពិសេស​ការអនុគ្រោះ​ផ្នែក​សារពើពន្ធ​»​។

ជាមួយ​គ្នា​នេះ​លោក​បន្ថែមថា រដ្ឋាភិបាល​ក៏បាន​ខិតខំ​ធ្វើការ​ពង្រឹង​ភាពធន់​នៃ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើន​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​របស់​កម្លាំង​ពលកម្ម ក៏ដូចជា​សហគ្រាស​នៅក្នុង​ស្រុក​ ដើម្បី​ឱ្យ​ក្លាយជា​សសរទ្រូង និង​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ហើយ​កិច្ចការ​ទាំងនេះ ពិតជា​ត្រូវការ​ចាំបាច់​នូវ​ការចូលរួម​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ រួមទាំង​បងប្អូន​កម្មករ​និយោជិត ដែល​សុទ្ធសឹង​តែ​ជា​ដៃគូ​ដ៏សំខាន់​។

លោក​និយាយ​ថា​៖ «​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ២​ ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​សំខាន់​មួយ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI) ដែល​ជា​កត្តា​នាំឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ជាងគេ ក្នុង​សកលលោក​ជាមួយ​នឹង​អត្រា​កំណើន​ជា​មធ្យម​ជាង ៧ ​ភាគរយ ក្នុង ​១ ​ឆ្នាំ​»​។

កាលពី​ចុងខែ​កញ្ញា ធនាគារ​ពិភពលោក ​(WB) បាន​ព្យាករ​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ​ពិតប្រាកដ​របស់​កម្ពុជា​នឹង​កើនឡើង​ដល់ ៤,៨ ​ភាគរយ​ដោយ​កើនឡើង​ពី ៤,៥ ​ភាគរយ​នៃ​ការ​ព្យាករ​កាលពី​ខែមេសា​កន្លងមក​ សម្រាប់​ឆ្នាំ​ ២០២២ ​នេះ​។

ធនាគារ​នេះ​បន្តថា សម្ទុះ​នៃ​ការ​ងើប​សេដ្ឋកិច្ច គឺ​ដោយសារតែ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ដែល​បាន​កើនឡើង​។ តម្លៃ​គម្រោង​វិនិយោគ​ផ្ទាល់​បរទេស​ (FDI) ​ដែល​បាន​អនុម័ត​បាន​កើន​ដល់ ៣១៥​ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​២ ​ឆ្នាំ​ ២០២២​។ WB បាន​ព្យាករ​ថា សម្រាប់​ឆ្នាំ​ ២០២៣ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​រំពឹងថា នឹង​កើន​ដល់​ ៥,២​ ភាគរយ​ដែល​ត្រូវបាន​គាំទ្រ ដោយ​ការស្ទុះ​ងើបឡើង​វិញ​នៃ​ការប្រើប្រាស់​ក្នុងស្រុក​។

បើតាម​លោក ហ៊ុន ម៉ាណែត ចំពោះ​ការសម្រេចចិត្ត​បណ្តាក់ទុន​យ៉ាង​មោះមុត​ពី​សំណាក់​ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស​ក្នុង​ការសាងសង់​រោងចក្រ​ផលិត​ស្រោមដៃ​ពេទ្យ​បែប​ទំនើប​ខ្នាត​ធំ​នៅ​ក្រុង​បាវិត ដោយ​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០២១ គឺ​អំឡុងពេល​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ទ្រង់ទ្រាយ​ធំ និង​មិនទាន់​បាន​ងើប​ចេញពី​វិបត្តិ​នៃ​ជំងឺ​នេះ​នៅឡើយ​។

លោក​បញ្ជាក់​ថា​៖ «​ទង្វើ​នេះ ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន​ពិតជា​មាន​ការជឿជាក់ និង​ការប្តេជ្ញា​ខ្ពស់​ក្នុង​ការរួមសុខ​រួមទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​។ ការបណ្តាក់ទុន​នេះ ក៏​ជា​ការចូលរួម​ចំណែក​យ៉ាងសំខាន់​របស់​ក្រុមហ៊ុន​នៅក្នុង​ការអភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩»៕