ភ្នំពេញៈ ក្រសួង​ទេសចរណ៍​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ ៨ ដើម្បី​អនុវត្ត នៅក្នុង​គោលបំណង​ទាក់ទាញ​ចរន្ត​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ប្រមាណ ៧,៥ ​លាន​នាក់​ត្រឹម​ឆ្នាំ​ ២០២៨ ខណៈ​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​វិស័យនេះ​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ​នា​រយៈពេល ២ ​ឆ្នាំ​ពី​ឆ្នាំ ​២០២០-២០២១​។ នេះ​បើ​យោងតាម​ក្រសួង​ទេសចរណ៍​។

ឯកសារ​របាយការណ៍​វឌ្ឍនភាព​ការងារ​ក្រសួង​ទេសចរណ៍​រយៈពេល ​៥ ​ឆ្នាំ​ (២០១៨-២០២២) ​ឱ្យ​ដឹងថា វិស័យ​ទេសចរណ៍​កម្ពុជា​មាន​កំណើន​គួរ​ជាទី​មោទនៈ​ សម្រាប់​រយៈពេល​ជាង ២០ ​ឆ្នាំ​ចុងក្រោយ ដោយ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មាន​ចំនួន​ប្រមាណ ២៩​ ម៉ឺន​នាក់​នៅ​ឆ្នាំ​ ១៩៩៨ បាន​កើន​ដល់ ៦,៦ ​លាន​នាក់​នៅ​ឆ្នាំ ​២០១៩ ក្នុង​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ ២០ ​ភាគរយ និង​ទេសចរ​ផ្ទៃក្នុង​ជាង ១ ​លាន​នាក់ នៅ​ឆ្នាំ​ ១៩៩៨ កើន​ដល់ ១១,៣ ​លាន​នាក់ នៅ​ឆ្នាំ​ ២០១៩ ក្នុង​អត្រាកំណើន ៥ ​ភាគរយ​។ ទោះ​យ៉ាងណា​កំណើន​នេះ​ត្រូវបាន​ថយចុះ​យ៉ាង​គំហុក​ចាប់ពី​ដើមឆ្នាំ​ ២០២០ ដោយសារ​តែ​វិបត្តិ​កូវីដ​ ១៩ ដែល​មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាននិង​កំពុង​បន្ត​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សកម្មភាព​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។

ក្រសួង​បានឱ្យ​ដឹងថា​៖ «​រយៈពេល ៥​ ឆ្នាំ​ខាងមុខ​ (២០២៣-២០២៨) ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​គោលនយោបាយ ផែនការ និង​យុទ្ធសាស្ត្រ​ធំៗ​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព គុណភាព និង​និរន្តរភាព​។ កម្ពុជា​នឹង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​ប្រមាណ ៧,៥ ​លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង​ប្រមាណ ១៦ ​លាន​នាក់​នៅ​ឆ្នាំ​ ២០២៨»​។

យោងតាម​ក្រសួង​ទេសចរណ៍ យុទ្ធសាស្ត្រ​សំខាន់ៗ​ទាំងនោះ​មាន​ដូចជា ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ប្រកប​ដោយ​នវានុវត្តន៍ និង​ភាព​ច្នៃប្រឌិត​, ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​ឱ្យ​ស្រប​តាម​ស្តង់ដា​, ការជំរុញ​ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ជំនាញ​ថ្មីៗ​បន្ថែម​, និង​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍​ឱ្យ​មាន​ភាពងាយស្រួល និង​សុវត្ថិភាព​។ ចំណុច​សំខាន់​ផ្សេងៗ​ទៀត រួមមាន ការពង្រឹង​សមត្ថភាព​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​, ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​វិស័យ​ទេសចរណ៍​, ការដាក់ចេញ​គោលនយោបាយ​សំខាន់ៗ​បន្ថែមទៀត​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​, និង​ពង្រឹង​យន្តការ​អភិបាលកិច្ច​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​។

ក្រសួង​បញ្ជាក់​ថា​៖ «​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព គឺជា​គោលនយោបាយ​សំខាន់​របស់​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ជាតិ និង​បម្រើ​ផលប្រយោជន៍​ដ៏ឧត្តុង្គឧត្តម​របស់​ប្រជាជន​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២ ខែតុលា​ថា ផែនការ​នេះ​នឹង​ក្លាយ​ជា​កម្លាំង​មួយ​ក្នុង​ការជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​កាន់តែ​ច្រើន​។ លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​ការអនុវត្ត​ទៅ​តាម​ផែនការ​ខាងលើ​ធ្វើ​ឡើង​ដោយ​ប្រសិទ្ធភាព គឺ​ប្រាកដជា​កម្ពុជា​អាច​បាន​ទទួល​ភ្ញៀវទេសចរ​បរទេស​ដូច​ការរំពឹងទុក ឬ​យ៉ាងហោច​ណាស់​ក៏បាន ៧០ ​ភាគរយ​ដែរ​»​។

លោក​បន្ថែមថា ទោះ​យ៉ាងណា ចរន្ត​នៃ​ការដើរ​កម្សាន្ត​របស់​ភ្ញៀវ​ក៏អាស្រ័យ​លើ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​ដែរ ព្រោះ​បើ​វិបត្តិ​ (​ជម្លោះ និង​ការ​រាតត្បាត​ជំងឺ​)​ នៅ​បន្ត​កើន​មាន វា​នឹង​អាច​ក្លាយ​ជា​ឧបសគ្គ​ដ៏ធំ ទោះជា​រដ្ឋាភិបាល​ខិតខំ​ធ្វើ​សកម្មភាព និង​ការផ្សព្វផ្សាយ​បែបណា​ក៏ដោយ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ថា ជាមួយ​នឹង​ស្ថានភាព​ចរន្ត​ភ្ញៀវ​អន្តរជាតិ​នាពេល​បច្ចុប្បន្ន និង​ការខិតខំ​របស់​អាជ្ញាធរ​កម្ពុជា រួម​នឹង​ផ្នែក​ឯកជន ការកំណត់​របស់​ក្រសួង​នៅក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ឱ្យបាន ៧,៥ ​លាន​នាក់​ត្រឹម​ឆ្នាំ​ ២០២៨ គឺ​នឹង​អាច​សម្រេចបាន​។ ជាក់ស្តែង ទោះបី​កម្ពុជា​ទើប​បើកទូលាយ​នៅក្នុង​ការទទួល​ភ្ញៀវ​អន្តរជាតិ​ (​ឆ្នាំ​ ២០២២) ហើយ​ប្រទេស​មួយចំនួន ពិសេស​ប្រទេស​ចិន​នៅ​មិនទាន់​បើក​ទូលាយ ក៏​កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ១​ លាន​នាក់​រួចហើយ​។

លោកស្រី​និយាយ​ថា​៖ «​នៅពេលនេះ​កម្ពុជា​ចាប់ផ្តើម​ទទួល​កំណើន​ភ្ញៀវ​អន្តរជាតិ​ឡើងវិញ​ពី​គ្រប់ទិសទី ជាពិសេស​ប្រទេស​ជិតខាង ខណៈ​ភ្ញៀវ​មកពី​ចិន មុនពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ គឺមាន​ចំនួន​ច្រើន​ជាងគេ​»​។

ក្នុង​រយៈពេល ៨ ​ខែ​ឆ្នាំ ​២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​សរុប ៩៩៨ ២៧២ ​នាក់ កើនឡើង ៧២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​៕