
កោះត្បាល់ នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុក ក្នុងតម្លៃប្រមាណ $១៧ លាន។ រូបថត សហការី
ភ្នំពេញៈ គម្រោងវិនិយោគថ្មីមួយទៀតរបស់ក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd ដែលមានទុនវិនិយោគប្រមាណ ១៧ លានដុល្លារនៅលើកោះត្បាល់ ក្នុងភូមិសាស្ត្រក្រុងកែប ខេត្តកែប ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជាផ្លូវការហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលផ្សព្វផ្សាយកាលពីថ្ងៃទី ៣០ ខែកញ្ញា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd (ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត ឯ.ក) លើគម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្រោមទុនវិនិយោគ ១៧ លានដុល្លារ និងអាចបង្កើតការងារបាន ១០៥ កន្លែង។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២ ខែតុលាថា ការចេញវិញ្ញាបនបត្រចុះបញ្ជីរបស់ CDC ឱ្យគម្រោងអភិវឌ្ឍន៍កោះត្បាល់របស់ក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd នឹងនាំមកផលវិជ្ជមានជាច្រើនដល់ប្រជាជនក្នុងតំបន់ ព្រោះរាល់គម្រោងវិនិយោគ គឺបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។ លោកបន្តថា កោះត្បាល់ គឺជាកោះស្ថិតនៅជិតបំផុតជាមួយកោះទន្សាយ។ ការទទួលបានគម្រោងវិនិយោគពីវិស័យឯកជនជាបន្តបន្ទាប់ ព្រមជាមួយនឹងផែនការរបស់រដ្ឋាភិបាលក្នុងការជីកផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ (ក្នុងក្រុងតាខ្មៅ) ទៅកាន់សមុទ្រក្នុងខេត្តកែបនឹងនាំឱ្យខេត្តកែបមានការអភិវឌ្ឍកាន់តែលឿន។
លោកថ្លែងថា៖ «ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំពិតជារីករាយ និងស្វាគមន៍នូវរាល់គម្រោងវិនិយោគដែលចូលមកបណ្តាក់ទុនក្នុងខេត្ត ព្រោះការបណ្តាក់ទុនផ្ទាល់ វាមិនត្រឹមតែជួយទាក់ទាញឱ្យក្រុមហ៊ុនថ្មីៗចូលមកវិនិយោគកាន់តែច្រើន និងលើកមុខមាត់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលពិសេសគឺការបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់»។
យោងតាមលោក ពិសិដ្ឋ បច្ចុប្បន្នក្នុងខេត្តកែប (ដីគោក) មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងដំណើរការសាងសង់ ប៉ុន្តែសម្រាប់ទីតាំងលើកោះ គឺមានតែគម្រោងអភិវវឌ្ឍន៍កោះទន្យាយ (របស់ក្រុមហ៊ុនទ្រី ភាព កោះទន្សាយរីសត ឯ.ក) ប៉ុណ្ណោះ ដែលកំពុងដំណើរការសាងសង់ ខណៈគម្រោងជាច្រើនទៀតទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលហើយ ប៉ុន្តែមិនទាន់ចាប់ផ្តើមសាងសង់ទេ ដោយស្ថិតនៅក្នុងដំណាក់កាលសិក្សាពីផលប៉ះពាល់សង្គម បរិស្ថាន និងការរៀបចំកិច្ចប្រជុំជាមួយផ្នែកពាក់ព័ន្ធ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ថា ការអភិវឌ្ឍលើកោះ តែងត្រូវការពេលវេលា និងទុនវិនិយោគច្រើន ហេតុនេះបើសិនក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd អាចអភិវឌ្ឍគម្រោងលើកោះទាំង ២ បានជោគជ័យ វានឹងនាំមកនូវផលវិជ្ជមានច្រើន សម្រាប់ខេត្តកែប។ ការអភិវឌ្ឍនេះមិនត្រឹមតែជួយបង្កើតកន្លែងកម្សាន្តដ៏ល្អនៅកម្ពុជាប៉ុណ្ណោះទេ តែក៏នឹងជួយទាក់ទាញឱ្យមានវិនិយោគលើវិស័យទេសចរណ៍ និងទីផ្សារអចលនទ្រព្យកាន់តែច្រើនផងដែរ។
លោកនិយាយថា៖ «គ្រប់ការអភិវឌ្ឍនឹងនាំឱ្យចំណូលប្រជាជន និងសេដ្ឋកិច្ចជាតិកើនឡើង ហើយនៅពេលនោះ តម្លៃអចលនទ្រព្យក៏នឹងហក់ឡើងទៅតាមនោះដែរ»។
ក្នុងថ្ងៃជាមួយការសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យគម្រោងវិនិយោគខាងលើ CDC ក៏យល់ព្រមចុះបញ្ជីឱ្យគម្រោងវិនិយោគចំនួន ៧ ផ្សេងទៀត ដែលមានទុនវិនិយោគសរុប ៧២ លានដុល្លារ និងបង្កើតការងារបាន ៥ ៣២៨ កន្លែង។ គម្រោងវិនិយោគទាំងនោះរួមមាន គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ, រោងចក្រកែច្នៃម្ហូបអាហារ, រោងចក្រផ្គុំដំឡើងខ្សែ និងគ្រឿងអេឡិចត្រូនិក, រោងចក្រផលិតគ្រឿងបន្សំស្បែកជើង, និងរោងចក្រកាត់ដេរសម្លៀកបំពាក់។
ក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសចាប់ផ្តើមដំណើរការអភិវឌ្ឍនៅកោះទន្សាយលើផ្ទៃដី ១៤៤ ហិកតា ក្រោមទុនវិនិយោគប្រមាណ ១៣០ លានដុល្លារ។ កោះទន្សាយមានទីតាំងនៅប៉ែកអាគ្នេយ៍ទីក្រុងកែប ដោយមានចម្ងាយប្រហែល ៤,៥ គីឡូម៉ែត្រ។ កោះទន្សាយដែលមានទំហំផ្ទៃដីសរុប ១៨៤ ហិកតា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណីត ដោយមានឆ្នេរខ្សាច់សពីធម្មជាតិ និងខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ ជាច្រើន៕