
អ្នកលក់លើកផ្លែខ្មុរ បង្ហាញអតិថិជននៅផ្សារនាគមាស។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ទោះបីជាប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ ២០០៤ ក៏បច្ចុប្បន្នកម្ពុជានៅតែបន្តធ្វើសុក្រឹតកម្មទីផ្សាររបស់ខ្លួនតាមរយៈការបើកឱកាសឱ្យវិស័យឯកជនចូលវិនិយោគលើគ្រប់វិស័យ និងចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ។
ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ដែលមានចំនួន ៣ ៨៦៦ នាក់ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២។
លោក ហ៊ុន សែន បានលើកឡើងថា វិស័យឯកជននៅកម្ពុជាកំពុងបន្តពង្រឹង និងពង្រីកខ្លួនជាបន្តបន្ទាប់ ដែលសកម្មភាពនេះទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សមានសមត្ថភាពកាន់តែច្រើន ខណៈរដ្ឋាភិបាលចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច។ ការរីកចម្រើនរបស់វិស័យឯកជន វាគឺជាផលប្រយោជន៍របស់ឯកជន ប៉ុន្តែគេមិនត្រូវភ្លេចនូវចំណងទាក់ទងរវាងវិស័យឯកជនជាមួយសង្គមបានទេ។ នៅពេលវិស័យឯកជនរីកចម្រើន គឺវានឹងជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចប្រទេស តាមរយៈការបង្កើតការងារធ្វើ និងតាមរយៈនៃការបង់ពន្ធ។
លោកបានថ្លែងថា៖ «វិស័យឯកជនរបស់យើងកំពុងពង្រីកខ្លួនឡើងដែលទាមទារធនធានមនុស្សសម្រាប់ការអភិវឌ្ឍ។ យើងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច។ វិស័យឯកជនកាន់តែខ្លាំងការបង់ពន្ធកាន់តែច្រើន ហើយប្រាក់បានពីការបង់ពន្ធ យើងមានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងដំឡើងបៀវត្សរ៍ឱ្យមន្ត្រីរាជការ»។
លោកបន្តថា ទោះពេលនេះកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងល្អប្រសើរ ក៏កម្ពុជានៅតែបន្តធ្វើសុក្រឹតកម្មទីផ្សារក្នុងវិស័យសេដ្ឋកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំនេះ ព្រោះកម្ពុជានៅខ្វះលិខិតបទដ្ឋានជាច្រើនទៀត។
លោកបញ្ជាក់ថា៖ «ប្រទេសយើងបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ ២០០៤ គឺយើងចូលមុនប្រទេសវៀតណាម មុនប្រទេសរុស្ស៊ីទៅទៀត ប៉ុន្តែយើងក៏នៅខ្វះលិខិតបទដ្ឋានមួយចំនួន ហើយយើងក៏នៅមានគិតពីចំណុចមួយចំនួនដែលត្រូវធ្វើការកែលម្អនៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់យើង។ អ៊ីចឹងខ្ញុំចង់បញ្ជាក់នៅកន្លែងនេះត្រឡប់មកវិញថា តួនាទីវិស័យឯកជន វាសំខាន់ណាស់សម្រាប់យើង បើវិស័យឯកជនមិនរីកចម្រើនទេបានសេចក្តីថាយើងចប់»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៣ ខែតុលាថា ជាការពិតវិស័យឯកជនបានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះវិស័យនេះមានជាប់ទាក់ទងខ្លាំងនឹងចង្វាក់ផលិតកម្ម។ នៅពេលការផ្គត់ផ្គង់មានកម្លាំងខ្លាំងវានឹងជំរុញសម្ទុះចរន្តសេដ្ឋកិច្ចឱ្យដើរកាន់តែលឿន ហើយចំណូលពន្ធក្នុងស្រុកក៏កើនឡើងផងដែរ។
លោកបញ្ជាក់ថា៖ «នៅពេលកម្លាំងផលិតកម្មវិស័យឯកជនក្នុងស្រុកខ្លាំង វានឹងជួយកាត់បន្ថយការនាំចូល ហើយនឹងបង្កើនការនាំចេញទៅទីផ្សារអន្តរជាតិ។ វិស័យឯកជនកាន់តែរីកចម្រើន រដ្ឋនឹងប្រមូលពន្ធបានកាន់តែច្រើន»។
លោកប្រាប់ទៀតថា នៅពេលវិស័យឯកជនដើរតួនាទីកាន់តែខ្លាំង ការវិនិយោគផ្ទាល់ពីក្រៅប្រទេសនៅកម្ពុជា ក៏មានចំនួនកាន់តែច្រើនដែរ។
បច្ចុប្បន្នក្រៅពីមានទំនាក់ទំនងការទូត និងពាណិជ្ជកម្មល្អជាមួយប្រទេសជាច្រើននៅលើពិភពលោក កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មជាលក្ខណៈទ្វេភាគី និងពហុភាគីជាមួយនឹងដៃគូសំខាន់ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកូរ៉េ (CKFTA), ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ កម្ពុជាបាននាំចេញ-នាំចូលទំនិញក្នុងទឹកប្រាក់សរុប ៣៧ ៤០៥,៩២ លានដុល្លារ កើន ២១,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១៕