ភ្នំពេញ៖ កម្ពុជា​នឹង​រៀបចំ ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ (Cambodia Tech Expo 2022: CTX 2022)​ ចាប់ពី​ថ្ងៃទី ​១១ រហូតដល់​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ស្របពេល​ជាមួយនឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ​២០២២ ដែលមាន​គោលបំណង​បង្កើត​ថ្នាល​បច្ចេកវិទ្យា​ថ្នាក់ជាតិ ដើម្បី​កៀរគរ​រដ្ឋ​សមាជិក​អាស៊ាន មន្ដ្រី វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល ដើម្បី​សហការ ចែករំលែក​បទពិសោធ​ និន្នាការ​ថ្មីៗ បញ្ហា​ប្រឈម និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា សេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល ព្រមទាំង​ផ្តល់ឱកាស​សម្រាប់​វិនិយោគិន​ក្នុងការ​ស្វែងរក​ការវិនិយោគ​លើ​អាជីវកម្ម​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​

​ពិព័រណ៍​បច្ចេកវិទ្យា​នេះ ត្រូវបាន​ដឹកនាំ​រៀបចំ ​និង​សម្របសម្រួល​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​និង​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងការបរទេស និង​សហ​​ប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​កម្មវិធី​នេះ នឹងមាន​ការដាក់​ស្តង់​ពិព័រណ៍​សរុប​ប្រមាណ ៤០០ ស្តង់ និង​សង្ឃឹមថា​នឹងមាន​អ្នកចូលរួម​ប្រមាណ ៦០ ០០០ នាក់​មកពី​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចេកវិទ្យា ក្រុមហ៊ុន​អេឡិចត្រូនិក និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​ថ្មី​បច្ចេកវិទ្យា ជាដើម​»​។ នេះ​បើ​យោងតាម​ក្រសួង​។​

​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឱ្យដឹងថា ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ គឺជា​កម្មវិធី​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សក្តានុពល និង​ភាព​រីកដុះដាល​នៃ​អាជីវកម្ម​បច្ចេកវិទ្យា​ក្នុងស្រុក​ក៏ដូចជា​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​ និង​ទាញយក​ចំណាប់អារម្មណ៍​វិនិ​យោគិន​ខាងក្រៅ​ប្រទេស ឱ្យ​ងាក​សម្លឹង​មក​កម្ពុជា ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​នេះ​ជាការ​បោះជំហាន​សម្រាប់​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល ដែលមាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៦​។ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​រៀបចំ​និង​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ការអភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយបាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​ផែនទី​បង្ហាញផ្លូវ​ជា​បន្តបន្ទាប់​»​។ បើ​យោងតាម​លោក ចម ប្រសិទ្ធ គោលនយោបាយ និង​ផែនទី​បង្ហាញផ្លូវ​ទាំងនោះ​រួមមាន គោលនយោបាយ​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឆ្នាំ ​២០២០-២០៣០ ផែនទី​បង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ២០៣០ ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​កសិកម្ម ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​អប់រំ និង​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​សុខាភិបាល ព្រមទាំង​គ្រោង​នឹង​រៀបចំ​ផែនទី​បង្ហាញផ្លូវ សម្រាប់​បច្ចេកវិទ្យា​អាទិភាព​មួយចំនួនទៀត ដែល​បម្រើ​ដល់​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ផងដែរ​»​។​

​លោក​លើកឡើង​បន្តទៀតថា​៖ «​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ សង្ឃឹមថា ប្រជាជន​កម្ពុជា សហគ្រិន និង​វិនិយោគិន​ជាច្រើន នឹង​ទទួលបាន​ប្រយោជន៍​ពី​គំនិត​នៃ​ការផ្តួចផ្តើម​ទាំងនេះ​»​។​

​លោក ហ៊ុល សៀង​ហេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្នុងនាម​អគ្គនាយកដ្ឋាន​ទទួលបន្ទុក​សម្របសម្រួល​រៀបចំ​កម្មវិធី បានឱ្យដឹងថា យន្តការ​សហការ​យ៉ាង​ស្អិតល្មួ​ត​រវាង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ជា​គន្លឹះ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ឱ្យមាន​ការរីកចម្រើន​ឆាប់រហ័ស​។​

​លោក​បញ្ជាក់ថា​៖ «​ហេតុនេះ ខ្ញុំបាទ​សូម​ស្នើ​និង​សូម​គោរព​អញ្ជើញ​ដល់ សាធារណជន វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ឱ្យបាន​ច្រើន​កុះករ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុ​ជានា​ពេល​ខាងមុខនេះ​ដើម្បី​ទទួលបាន​ពុទ្ធិ ចំណេះដឹង ជាពិសេស​ស្រូប​ទាញយក​នូវ​ឱកាស​នៃ​ការពង្រីក​បច្ចេកវិទ្យារ​បស់​ខ្លួន ក៏ដូចជា​ឱកាស​នៃ​ការវិនិយោគ​តាម​វិស័យ​ទាំងអស់គ្នា​»៕