សៀមរាប/ក្រចេះ: ខុស​ពី​អ្វី​ដែល​គេ​តែងតែ​បាន​ឮ​អំពី​ទីផ្សារ​តូច​ចង្អៀត​សម្រាប់​ផលិតផល​កសិកម្ម​ក្នុង​ស្រុក កសិករ​ ២ រូប​បាន​អះអាង​ថា​ ការ​ដាំដុះ​របស់​ខ្លួន​សព្វថ្ងៃ អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​តិចតួច​ណាស់។ បាន​តិចតួច​ដោយ​ហេតុ​ថា ផលិតផល​កសិកម្ម​​ដែល​ខ្លួន​ប្រមូល​បាន តែងតែ​ត្រូវ​បាន​ឈ្មួញ​ទិញ​យក​អស់ៗ​មិន​ដែល​សល់ ហើយ​ជា​រឿយៗ​ ឈ្មួញ​បាន​សុំឱ្យ​​ពួក​គាត់​បង្កើន​ការ​ដាំដុះ​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​​។

ស្ថិត​ក្រោម​គម្រោង​របស់ Aspire កសិករ​ទាំង​ ២ រូប​ដែល​ ១ ​រូប​រស់នៅ​ក្នុង​ខេត្ត​ក្រចេះ​ និង​១​រូប​ទៀត​នៅ​ខេត្ត​សៀមរាប បាន​បង្ហាញ​នូវ​ការ​រីករាយ​ក្នុង​ការ​បន្តការ​ដាំដុះ​របស់​ខ្លួន​យ៉ាង​សកម្ម ដោយសារ​មាន​ទីផ្សារ​លក់​ចេញ​ស្រាប់​ៗ។​ លើស​​ពី​នោះ តម្រូវការ​ទីផ្សារ​ និង​អ្វី​ដែល​កសិករ​ទាំង ​២ ​រូប​ផលិត​បាន​ គឺ​នៅ​មាន​គម្លាត​ឆ្ងាយ​។

រស់នៅ​ក្នុង​ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប និង​ជា​ម្នាក់​ក្នុង​ចំណោម​កសិករ​ទាំង​ ២ ខាងលើ លោក ឈាវ ហុង បាន​ចាប់ផ្ដើម​ការ​ដាំដុះ​របស់​ខ្លួន តាំង​តែ​ពី​ឆ្នាំ​ ២០០០ មក​ម្ល៉េះ ប៉ុន្តែ​កាលណោះ​លោក​មិន​ទាន់​មាន​ចំណេះ​ដឹង​ច្រើន លើ​វិធី​ដាំដុះ ក៏​ដូចជា​ការ​ថែទាំ​ដំណាំ​នៅ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កាល​ណោះ​ លោក​ពិបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​លក់​ដំណាំ​ដែល​ប្រមូល​បាន​។ រហូតមក​ដល់​ឆ្នាំ ២០១៧ ទើប​លោក​ចាប់ផ្ដើម​កែប្រែ​ការ​ដាំដុះ​ទៅ​ជា​ដំណាំ​សុវត្ថិភាព ក្រោម​ការ​ណែនាំ​របស់​គម្រោង​ Aspire។ នៅលើ​ដី​ទំហំ ៦ ហិកតា កសិករ​រូប​នេះ​មិន​ត្រឹម​តែ​ដាំដុះ​ដំណាំ​ច្រើន​មុខ ក៏​ប៉ុន្តែ​លោក​ព្យាយាម​បង្កើត​តុល្យភាព និង​ការ​ផ្គត់ផ្គង់​គ្រប់​ផ្នែក​ផង​ដែរ។ ជារួម​លោក​មាន​ទាំង​ស្រះ​ចិញ្ចឹម​​ត្រី មាន​ចិញ្ចឹម​មាន់ និង​ ១ ផ្នែក​ធំ​នៃ​ដី​ផ្សេង​ទៀត​សម្រាប់​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​ផ្ទះ​សំណាញ់​។

តាមរយៈ​សកម្មភាព​វិល​ជុំ​នេះ លោក​អាច​រក​ចំណូល​បាន​ខ្ទង់​រាប់រយ​លាន​រៀល​ក្នុង​ ១ ​ឆ្នាំ ហើយ​លោក​មាន​បំណង​ចង់​ពង្រីក​ដីដាំ​ដុះ​បន្ថែម​ទៀត​។

លោក​ ឈាវ ហុង ​និយាយ​ថា​៖ «កាលពី​ឆ្នាំ​ ២០១៩ ចំណូល​រាង​ធ្លាក់​បន្តិច ដោយ​បាន ៤០០ ​លាន​រៀល​ក្នុង​ ១ ឆ្នាំ តែ​បាន​កើន​ឡើង​បន្តិច​ក្នុង​ឆ្នាំ ​២០២០-២០២១​ ដោយ​បាន​ ៤៦០ ​លាន​រៀល...តែ​សម្រាប់​ឆ្នាំនេះ​កើន​ឡើង​រហូត​ដល់ ៦៦០ ​លាន​រៀល​»។

កសិករ​រូប​នេះ​បន្ថែម​ថា​៖ «ទីផ្សារ​ផ្គត់ផ្គង់​រាល់​ថ្ងៃ​នេះ បាន​​ត្រឹមតែ​ប្រមាណ​ជា​ ៤០ ភាគរយ​ប៉ុណ្ណោះ ឈ្មួញ​ចេះ​តែ​សួរ​រក​រហូត ដោយសារ​យើង​ផ្គត់ផ្គង់​គេ​មិន​គ្រប់! ដូច្នេះ​ខ្ញុំ​មាន​គម្រោង​នឹង​ពង្រីក​ដី​ឱ្យ​ធំ​ជាង ៦ ហិកតា​ធំ​ជាង​រាល់​ថ្ងៃនេះ​ទៀត»​។

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​កសិករ​ខាងលើ កសិករ ប៉ុក វេង រស់នៅ​ក្នុង​ខេត្ត​ក្រចេះ​ឯណោះ​វិញ ចាប់ផ្ដើម​ដោយ​ការ​ដាំដុះ​ជា​លក្ខណៈ​គ្រួសារ ក្រោយ​មក​ទើប​ពង្រីក​ដើម្បី​លក់​ទៅ​ទីផ្សារ​។ កសិករ​វ័យ ៥៦ ​ឆ្នាំ​រូប​នេះ ​ចាប់ផ្ដើម​ពង្រីក​ដី​ដាំដុះ​ពី​ ៥ អា​ទៅ​ ១០ ​អា​នៅ​ក្នុង​​ឆ្នាំ​ ២០១៩ ក្រោម​ការ​ណែនាំ​របស់​គម្រោង Aspire។ ក្រោយ​ទទួលបាន​ការ​ជោគជ័យ​លើ​ការ​ដាំដុះ លោក ប៉ុក វេង បាន​ផ្លាស់ប្ដូរ និង​បន្ថែម​ដំណាំ​របស់​ខ្លួន ដែល​មក​ទល់​បច្ចុប្បន្ន​នេះ​លោក​​ពង្រីក​ដល់ ២០ ​អា។

ការ​ដាំដុះ​របស់​លោក មាន​ការ​ពិនិត្យ​ស្តង់ដា​ត្រឹមត្រូវ ជា​ហេតុ​នាំឱ្យ​បន្លែ​របស់​លោក​លក់​អស់​គ្មាន​សល់​។ លោក​បន្ថែម​ថា៖ «ពេល​ប្រមូល​បាន ខ្ញុំ​លក់​បន្លែ​ទៅ​ទីរួមខេត្ត​ដោយ​មាន​ឈ្មួញ​ជា​ដៃគូ​ទិញ​ស្រាប់ ពេល​ខ្លះ​គេ​យក​ទៅ​ផ្គត់ផ្គង់​ដល់​ខេត្ត​មណ្ឌលគិរី​ទៀតផង​»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ពង្រីក​ដី​ដាំ​ដំណាំ​ទៀត ព្រោះ​រាល់​ថ្ងៃ​ដី​តូច​ពេក លក់​ទៅ​មិន​ដែល​គ្រប់​តម្រូវការ​ទីផ្សារ! គេ​ចេះ​តែ​សួរ​រក​បន្ថែម​រហូត​»។ តាមរយៈ​ដី​ដាំដុះ ២០ ​អា​នេះ​លោក​ទទួល​បាន​ចំណូល​​ក្នុង​ ១ ​ខែ ៨ លាន​រៀល រាប់​ទាំង​បន្លែ​នៅ​ក្នុង​ផ្ទះ​សំណាញ់ និង​ក្រៅ​ផ្ទះ​សំណាញ់​។

ជារួម​កសិករ​ទាំង​ ២ ​រូប​នេះ ជា​គំរូ​ល្អ​មួយ​សម្រាប់​កសិករ​ដទៃ​ទៀត ឱ្យ​ងាក​មក​ដាំ​ដំណាំ​ដែល​មាន​គុណភាព និង​ត្រូវ​តាម​ស្តង់ដា​របស់​ឈ្មួញ​ក្នុង​ស្រុក​បែប​នេះ​ទើប​ផលិតផល​បាន​មក​មាន​ទីផ្សារ​លក់​ទូលាយ​។

គួរ​រំឭក​ថា កាល​ពីថ្ងៃ​ទី​ ១ ​តុលា នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ ដែល​ស្ម័គ្រចិត្ត​រើ​ចេញ​ពី​តំបន់​អង្គរ​ទៅ​តំបន់​រុនតាឯក លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កសិករ​នៅ​តំបន់​ថ្មី អាច​ដាំដុះ និង​ចិញ្ចឹម​សត្វ​បាន​ដោយ​អាច​លក់​នៅ​ក្នុង​ស្រុក​ផ្ទាល់​ពុំ​ចាំបាច់​នាំចេញ​ឡើយ​។

លោក​បាន​ជំរុញ​ឱ្យ​មាន​​ការ​ដាំដុះ និង​ការ​ចិញ្ចឹម​​សត្វ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្រោម​ទស្សនទាន​ថា​ «នាំ​ចេញ​នៅ​នឹង​​កន្លែង​» ដោយ​មិន​ចាំបាច់​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ឡើយ។ នេះ​ក៏​ជា​ឱកាស​ល្អ​ផង​ដែរ​សម្រាប់​កសិករ​​នៅក្នុង​ស្រុក​ដោយ​មាន​ទីផ្សារ​លក់​ស្រាប់៕

កែវ បុស្បា