ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើកឡើង​ថា ទោះ​ឧស្សាហកម្ម​កសិ-​ចំណីអាហារ​កម្ពុជា​កំពុង​រួមចំណែក​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ក៏​វិស័យនេះ​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែរ​។

ថ្លែង​ក្នុង​វេទិកា​អន្តរជាតិ​ស្តីពី​ «​សុវត្ថិភាព​ចំណីអាហារ​» ​ដែល​រៀបចំ​ឡើង​នៅ​ស្នាក់ការ​កណ្តាល​របស់​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ​ (UNIDO) នៅ​ទីក្រុង​វីយេន ប្រទេស​អូទ្រីស កាលពី​ថ្ងៃ​ទី​ ៣ ខែតុលា លោក វេង សាខុន បានឱ្យ​ដឹងថា ឧស្សាហកម្ម​កសិ-​ចំណីអាហារ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការពន្លឿន​កំណើន​សេដ្ឋកិច្ច​កម្ពុជា ហើយក៏​ជា​ស្ពាន​តភ្ជាប់​ដ៏សំខាន់​រវាង​កសិករ​/​អ្នក​ផលិត និង​អ្នកប្រើប្រាស់​ចុងក្រោយ​ផងដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​សុវត្ថិភាព​ចំណីអាហារ គឺជា​កង្វល់​ដ៏សំខាន់ និង​ជា​ទិដ្ឋភាព​ប្រឈម​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា​។ ការអភិវឌ្ឍ​ឧស្សាហកម្ម​កសិ​-​ចំណីអាហារ​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ភាព​មាន​កម្រិត​នៃ​គ្រឿង​បរិក្ខារ​កែច្នៃ​, លទ្ធភាព​ទទួលបាន​បច្ចេកវិទ្យា​, គ្រឿងចក្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​, និរន្តរភាព​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​នៅមាន​កម្រិត​, និង​ការយល់ដឹង​ជា​សាធារណៈ​ពី​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ និង​បញ្ហា​ទាក់ទង​ភូតគាម​អនាម័យ​ (SPS)»​។

លោក​បាន​ឱ្យ​ដឹងទៀតថា ទោះ​យ៉ាងណា ដោយមាន​ជំនួយ​ពី​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ឌីជីថល​នេះ កម្ពុជា​កំពុង​ធ្វើការ​កែលម្អ​ជា​បន្តបន្ទាប់​លើ​បញ្ហា​នេះ ដូចជា​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ទិន្នន័យ​អាហារ​កំពុង​ត្រូវ​បាន​ចែករំលែក​ដោយ​ប្រើ​បច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវ​បាន​កំពុង​រៀបចំ​ឡើង​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ​ដែល​រំលេច​ផលប៉ះពាល់ និង​ការណែនាំ​អំពី​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រកប​ដោយ​សុវត្ថិភាព​ក៏ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ ហើយ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តាមដាន​តាម​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ផលិតផល​ជលផល​ក៏ត្រូវ​បាន​បង្កើតឡើង និង​អនុវត្ត​ផងដែរ​។

លោក​បន្តថា​៖ «​ដើម្បី​ដោះស្រាយ​ទៅកាន់​បញ្ហា​ប្រឈម​ទាំងនេះ​រដ្ឋាភិបាល-​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ខ្ពស់ ដោយ​បាន​ផ្តល់​ការលើក​ទឹកចិត្ត​ជាច្រើន​ដល់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ទាំង​ការដាំដុះ ការចិញ្ចឹម​សត្វ និង​ត្រី ការកែច្នៃ ការ​វេចខ្ចប់​ក្រោយ​ប្រមូលផល ដោយ​ប្រកាន់​យក​ការលើក​កម្ពស់​ខ្សែចង្វាក់​តម្លៃ​ពេញលេញ​ជាខ្លាំង​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តាមរយៈ​ការជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ជាមួយ​នឹង​សុវត្ថិភាព​ចំណីអាហារ និង​ស្តង់ដា​នាំចេញ​អន្តរជាតិ​ជា​អាទិភាព​»​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អ្នកវិនិយោគ និង​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ លោក ហ៊ុន ឡាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែតុលា​ថា ឧស្សាហកម្ម​កសិ​-​ចំណីអាហារ​កម្ពុជា បាន​ចាប់ផ្តើម​រីកចម្រើន​នា​រយៈពេល​ប្រមាណ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​គេ​ឃើញ​មាន​កំណើន​នៃ​ការវិនិយោគ​ទៅលើ​ការដាំដុះ កែច្នៃ និង​វេចខ្ចប់ ជា​បន្តបន្ទាប់ ប៉ុន្តែ​ការវិនិយោគ​ទាំងនោះ​គឺមាន​លក្ខណៈ​តូច និង​មធ្យម​ប៉ុណ្ណោះ​។

លោក​បន្តថា ដើម្បី​ជំរុញ​ឱ្យ​ឧស្សាហកម្ម​កសិ-​ចំណីអាហារ​កម្ពុជា​រីកចម្រើន​ទៅមុខ​លឿន គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ការវិនិយោគ​លក្ខណៈ​ជា​ឧស្សាហកម្ម​ធុន​ធំ និង​មាន​ទុនវិនិយោគ​ច្រើន ព្រោះ​ការវិនិយោគ​ធំ អាច​នឹង​ជួយ​ទាញ​ទម្លាក់​ថ្លៃ​ដើម​ផលិត​ឱ្យទាប និង​ពេលវេលា​កាន់តែ​ខ្លី តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​, គ្រឿងចក្រ និង​កម្មករ​ជំនាញ​ជាដើម​។

លោក​លើកឡើង​ថា​៖ «​តាមពិតទៅ​រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​ ដើម្បី​លើកកម្ពស់​ផលិតភាព គុណភាព និង​ស្តង់ដា​អនាម័យ​ជាច្រើន​មកហើយ គ្រាន់តែ​ការអនុវត្ត​មិន​ទាន់​បាន​ធ្វើ​ពេញលេញ​ប៉ុណ្ណោះ​។ បើ​ការអនុវត្ត​ត្រូវ​បាន​ធ្វើ​ពេញលេញ និង​មាន​ការវិនិយោគ​ធំៗ​កាន់តែ​ច្រើន​នោះ​ឧស្សាហកម្ម​កសិ-​ចំណីអាហារ​នៅ​កម្ពុជា​ប្រាកដជា​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​»​។

របាយការណ៍​ក្រសួង​កសិកម្ម ឱ្យ​ដឹងថា តាម​ការប៉ាន់ស្មាន​ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ (​ឯកតា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) នា​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់ ២ ៧០៨,៨១ ​លាន​ដុល្លារ​៕