ភ្នំពេញៈ ​អ្នក​តំណាង​នៅក្នុង​វិស័យ​ទេសចរណ៍​រំពឹង​ថា​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ភ្ញៀវ​ជាតិ​​កាន់តែ​ច្រើន​ថែមទៀត​ក្នុង​ឆ្នាំ​នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​កែសម្រួល​នូវ​វិធានការ​សុខាភិបាល​ចំពោះ​អ្នក​ដំណើរ​មកពី​បរទេស​ទាំងអស់​ចូលមក​​ប្រទេស​កម្ពុជា​ដោយ​មិនមាន​តម្រូវ​ឱ្យ​បង្ហាញ​សេចក្តី​ប្រកាស​សុខភាព​របស់​អ្នក​ដំណើរ និង​បណ្ណ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៀត​ឡើយ។

កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​ ២០២២ ក្រសួង​សុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​យោង​ចំណារ​ឯកភាព​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ធ្វើការ​កែ​សម្រួល​នូវ​វិធានការ​សុខាភិបាល​ចំពោះ​អ្នកដំណើរ​មកពី​បរទេស ដោយ​ដក​ចេញ​នូវ​វិធានការ​ដែល​តម្រូវ​ឱ្យ​អ្នក​ដំណើរ​មកពី​បរទេស​ទាំងអស់ ទាំង​ច្រក​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស បង្ហាញ​សេចក្តី​ប្រកាស​សុខភាព​របស់​អ្នក​ដំណើរ និង​បណ្ណ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ពេញលេញ​នៅ​ពេល​មក​ដល់​កម្ពុជា​។

ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) លោក ធួន ស៊ីណាន បាន​​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ៤ ខែ​កញ្ញា​ថា ការ​បន្ត​បន្ធូរបន្ថយ​វិធានការ​សុខាភិបាល​នេះ​គឺជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​ជួយ​សម្រួល​ក៏​ដូចជា​ទាក់ទាញ​ភ្ញៀវ​បរទេស​មក​​កម្ពុជា ខណៈ​វិស័យ​នេះ​កំពុង​ងើប​ឡើង​វិញ​ជា​សន្សឹមៗ​។

លោក​ប្រាប់​ថា​៖ «​ជា​ការពិត​ណាស់ រដ្ឋាភិបាល​តែង​ខំ​ជួយ​សម្រួល​ដល់​អ្នក​ដំណើរ​អន្តរជាតិ​កាន់តែ​ងាយស្រួល​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ ដែល​ឆ្លុះ​បញ្ចាំង​​ពី​ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល​ដល់​វិស័យ​ឯកជន​។ ការ​ដក​របាំង​ធ្វើដំណើរ​បន្ថែម​នេះ​នឹង​ជួយ​ថែម​ទៀត​សម្រាប់​ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា​»​។

នាយក​គ្រប់គ្រង​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ទេសចរណ៍ ភីធីអឹម លោក ស សារិន បាន​ប្រាប់​ថា​ ការ​ជួយ​សម្រួល​ដល់​ភ្ញៀវ​​ចូលមក​ក្នុង​ស្រុក​ គឺជា​កត្តា​សំខាន់​​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​​កម្ពុជា​។ លោក​ស្វាគមន៍​ចំណាត់ការ​​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សុខាភិបាល​ដែល​បាន​កែ​សម្រួល​លក្ខខណ្ឌ​​​សម្រាប់​ភ្ញៀវ​​មក​ពី​បរទេស​ថែម​​ទៀត។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់​ថា ​​វា​ជា​រឿង​មួយ​ដ៏​ល្អ​ដែល​ជា​ការ​បើក​ផ្លូវ​បន្ថែម​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ស្រុក​ខ្មែរ​​កាន់តែ​​ច្រើន​។ ខ្ញុំ​គិត​ថា ​ពេលនេះ​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ប្រជាជន​ខ្មែរ​​គឺ​មាន​កម្រិត​ខ្ពស់ ដែល​ផ្តល់​ទំនុកចិត្ត​ថែម​ទៀត​ដល់​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា»​។

លោក​មាន​សុទិដ្ឋិ​និយម​ថា​៖​ «​​យើង​សង្ឃឹម​ថា ​វិស័យ​ទេសចរណ៍​នឹង​មាន​កំណើន​កាន់តែ​ប្រសើរ​​ ដោយសារ​បណ្តា​ក្រុមហ៊ុន​/ភ្នាក់ងារ​ទេសចរណ៍​នៅ​​ប្រទេស​ផ្សេងៗ​នឹង​រៀបចំ​កញ្ចប់​​ទេសចរណ៍​មក​ប្រទេស​យើង​»​។

ទោះបីជា​មាន​ការ​កែសម្រួល​វិធានការ​សុខាភិបាល​យ៉ាង​នេះ​​ក្តី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​ ៣​ ខែ​តុលា​ថា រាល់​ភ្ញៀវ​ទេសចរ​​ចូល​ក្នុង​ប្រទេស​ គឺ​នៅតែ​តម្រូវ​ឱ្យ​បន្ត​រក្សា​ទុក​នូវ​​ម៉ាស៊ីន​វាស់​កម្តៅ​ពី​ចម្ងាយ​នៅ​តាម​ច្រក​ទ្វារ​ចេញ​ចូល​ប្រទេស ព្រម​ទាំង​រក្សាទុក​នូវ​មន្ត្រី​ទទួល​បន្ទុក​ការងារ​ចត្តាឡីស័ក​មួយ​ចំនួន​នៅ​តាម​ច្រកទ្វារ​ព្រំដែន​ដើម្បី​ពិនិត្យ​ផ្តល់​យោបល់​ចំពោះ​​អ្នក​ដំណើរ​មាន​រោគសញ្ញា ឬ​មាន​តម្រូវការ​ជាយថា​ហេតុ​។

ថ្មីៗ​នេះ​ក្រសួង​ទេសចរណ៍​បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន ៨ ដើម្បី​អនុវត្ត​ក្នុង​គោលបំណង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​ធ្វើ​ដំណើរ​មក​​ប្រទេស​កម្ពុជា​ឱ្យ​បាន​ ៧,៥ ​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​​ ២០២៨ ខណៈ​វិបត្តិ​​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើ​ឱ្យ​វិស័យ​នេះ​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ (​ឆ្នាំ​ ២០២០-២០២១)។

រយៈពេល ៨ ​ខែ​ ឆ្នាំ​ ២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ៩៩៨ ២៧២ ​នាក់ កើន ៧២០ ​ភាគរយ​​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន​​។ នេះ​បើ​តាម​​ក្រសួង​ទេសចរណ៍៕