ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យដល់​ក្រុមហ៊ុន EnerCam Resources Corp.(Cambodia) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Angkor Resources ដើម្បី​ធ្វើការ​រុករក អភិវឌ្ឍ និង​ផលិត​ប្រេង និង​ឧស្ម័ន​នៅ​ប្លុក VIII លើ​ដែនដី​គោក​នៅ​កម្ពុជា​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Angkor Resources នៅ​ថ្ងៃទី​ ៣ ខែតុលា ការរុករក​ដំណាក់កាល​ដំបូង​នៅ​ប្លុក VIII នឹង​រួមបញ្ចូល​ការទទួល​បាន​ស៊ីស្មិក ដែល​បន្ទាប់មក​នឹង​បញ្ចប់​ការវិភាគ​យ៉ាង​ទូលំទូលាយ​។ ការទាក់ទាញ​បឋម​នៅលើ​តំបន់​គោលដៅ​នេះ​ក៏​នឹង​ជា​ផ្នែក​មួយ​នៃ​ផែនការ​ការងារ​ដំណាក់កាល​ដំបូង​ផងដែរ​។

តំបន់​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ​ស្ថិត​នៅ​ផ្នែក​និរតី​នៃ​ប្រទេស​កម្ពុជា​។ ការរុករក​នឹង​ធ្វើ​នៅ​ខាងក្រៅ​តំបន់​ឧទ្យាន ដែល​ជា​ផ្នែក​មួយ​នៃ​អាណត្តិ​អភិបាលកិច្ច​បរិស្ថាន​សង្គម​ (ESG) របស់​ក្រុមហ៊ុន EnerCam ដូច្នេះ​ក្រុមហ៊ុន​នេះ​នឹង​ជួយ​ការពារ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស និង​គិរីរម្យ​។

ការអនុញ្ញាត​នេះ គឺ​សម្រាប់​រយៈពេល​រុករក ៣ ​ឆ្នាំ​ដំបូង និង​រយៈពេល​បន្ត​ជាថ្មី​ ២ ​ដង​ទៀត​រាល់ ២​ ឆ្នាំ​ម្ដង​។ លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ និង​ផលិតកម្ម​មាន​រយៈពេល ២៥ ​ឆ្នាំ ដោយ​អាច​បន្ត​ថ្មី​បន្ថែម​បាន​។

លោក Mike Weeks ប្រធាន​ក្រុមហ៊ុន EnerCam បាន​ឱ្យ​ដឹងថា ជាមួយ​នឹង​អាជ្ញាប័ណ្ណ​នេះ​ក្រុមហ៊ុន​នឹង​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​របស់​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​ក្តីរំភើប​ចំពោះ​ការឈាន​ទៅមុខ​ផ្នែក​ប្រេង និង​ឧស្ម័ន​ក្នុង​ប្រទេស​កម្ពុជា ដោយ​យើង​ជឿថា នេះ​ជា​ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​ សម្រាប់​ប្រទេស​ទាំងមូល​។ ការ​មាន​ប្រភព​ថាមពល​រយៈពេល​វែង​ផ្ទាល់ខ្លួន​គឺ​សម្រាប់​ឧស្ម័ន​ធម្មជាតិ​ (LNG) ប្រេងឥន្ធនៈ និង​ផលិតផល​ជាច្រើន​ប្រភេទ​ដែល​នាំ​ចូលមក​កម្ពុជា​នាពេល​បច្ចុប្បន្ន​នឹង​ជំរុញ​ប្រទេស​នេះ​ឱ្យ​ទៅ​ដល់​កម្រិត​ថ្មី​មួយទៀត​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​កាលពី​ថ្ងៃទី ​៥ ខែតុលា ​ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ ប៉ុន្តែ​លោក​ធ្លាប់​បាន​និយាយ​ថា ក្រសួង​រ៉ែ និង​ថាមពល​កំពុង​ផ្តល់​អាទិភាព​ក្នុង​ការទាក់ទាញ​វិនិយោគិន​បន្ថែម​ទៀត​លើ​វិស័យ​រ៉ែ និង​ថាមពល​។ លោក​បានឱ្យ​ដឹងថា កម្ពុជា​បាន​បែងចែក​តំបន់​ សម្រាប់​ការរុករក​ប្រេងកាត​ចំនួន ៦ ប្លុក​នៅក្នុង​សមុទ្រ និង​នៅលើ​គោក​មាន​ចំនួន ១៩ ប្លុក​។

លោកស្រី D Weeks អគ្គនាយក​ក្រុមហ៊ុន Angkor Resources បានឱ្យ​ដឹងថា នៅពេល​ប្រទេស​នានា​សម្រេច​បាន​ប្រភព​ថាមពល​កកើត​ឡើងវិញ​​គ្រប់គ្រាន់ ការប្រើប្រាស់​អ៊ីដ្រូ​កាបូន​ស្អាត និង​បៃតង​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការធ្វើ​ឱ្យមាន​តុល្យភាព​ផ្នែក​ថាមពល​របស់​ប្រទេស​នីមួយៗ​។

លោកស្រី​និយាយ​ថា​៖ «​កម្ពុជា​ត្រូវការ​ប្រភព​ថាមពល​ផ្ទាល់ខ្លួន ហើយ​យើង​ទន្ទឹងរង់ចាំ​ក្នុង​ការរុករក និង​ផលិត​ថាមពល​យ៉ាងសកម្ម​សម្រាប់​ប្រទេស​នេះ​»​។

លោកស្រី​បន្ថែមទៀត​ថា​៖ «​នេះ​ក៏​ជា​ឱកាស​ដ៏ធំ​មួយ ​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ថ្មី​ដ៏សំខាន់​សម្រាប់​កម្ពុជា​។ ការអនុវត្ត​ល្អ​បំផុត​សម្រាប់​ការបង្កើត​ថាមពល​ជាមួយ​អ៊ីដ្រូ​កាបូន​នាំមក​នូវ​ការអភិវឌ្ឍ​ជា​វិជ្ជមាន និង​ជា​គំរូ​សម្រាប់​ប្រទេស​ទាំងមូល​។ យើង​អាច​ប្រើប្រាស់​អ្វីដែល​យើង​បាន​រៀន​ពី​កន្លែង​ផ្សេងទៀត ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច និង​ផ្តល់​អត្ថប្រយោជន៍​ជា​អតិបរមា​ដល់​សេដ្ឋកិច្ច និង​ប្រជាជន​»៕