ភ្នំពេញៈ ការនាំចេញ​ផលិតផល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​ភាគ​របស់​វា នៅក្នុង​រយៈពេល​ ៨ ​ខែ​ឆ្នាំ ២០២២ សម្រេច​បាន​ក្នុង​ទឹកប្រាក់​ជិត ១,១ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៦៤ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ចំនួន​ទឹកប្រាក់​នាំចេញ​នេះ គឺ​ស្មើ​ជិត ៧ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ដែល​មាន​ចំនួន ១៥ ៦៤១,៩ ​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ស្ថិតិ​នាំចេញ​ទំនិញ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​ភាគ​របស់​វា​ក្នុង​ទឹកប្រាក់​សរុប ១ ០៨៩,៥ ​លាន​ដុល្លារ កើន ៦៤,២​ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ដែល​មាន​ចំនួន ៦៦៣,៥៨ ​លាន​ដុល្លារ​។ ដោយឡែក​ក្នុង​ខែ​សីហា ឆ្នាំ​ ២០២២ ការនាំចេញ​ផលិតផល​ខាងលើ​មាន​ទឹកប្រាក់ ១៦២,៤៦ ​លាន​ដុល្លារ កើន ៩២ ​ភាគរយ​ធៀប​នឹង​ខែសីហា ឆ្នាំ​ ២០២១ ដែល​មាន ៨៤,៦៤ ​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែតុលា​ថា ការកើនឡើង​ទឹកប្រាក់​នាំចេញ​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​ភាគ​របស់​វា គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេស​ទទួល​បាន​ការអនុគ្រោះ​ពន្ធគយ​ជាច្រើន​ពី​ប្រទេស​ធំៗ និង​រីកចម្រើន​លើ​ពិភពលោក​ដូចជា អាមេរិក អឺរ៉ុប និង​ចិន​។ ក្រៅពី​ប្រព័ន្ធ​អនុគ្រោះ​ទាំងនេះ កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ប្រទេស និង​តំបន់​ជាច្រើន​ទៀត​។ លោក​បន្តថា ភាពអនុគ្រោះ​ទាំងអស់​នេះ​បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​បាន​នូវ​គម្រោង​វិនិយោគ​ផលិត និង​កែច្នៃ​ផលិតផល​ជាច្រើន​ឱ្យ​ចូលមក​បណ្តាក់ទុន​ ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។

លោក​បញ្ជាក់​ថា​៖ «​ជាមួយ​សក្តានុពល​ដែល​កម្ពុជា​មាន​ទាំង​ក្នុងស្រុក និង​ទីផ្សារ​ក្រៅ​ប្រទេស ខ្ញុំ​រំពឹង​ថា ការនាំចេញ​ផលិតផល​ទាំងអស់​នេះ​នឹងមាន​ទឹកប្រាក់​កាន់តែច្រើន​»​។

ខណៈ​កាលពី​ខែ​មិថុនា រដ្ឋាភិបាល​អាមេរិក បាន​ប្រកាស​ពី​ការលើកលែង​ពន្ធគយ​ចំពោះ​ការនាំ​ចូល​បន្ទះ​សូឡា​ពី​កម្ពុជា​នោះ លោក លឹម ហេង បាន​អះអាងថា ការនាំចេញ​ផលិតផល​សូឡា គ្រឿង​អគ្គិសនី និង​បំណែក​ភាគ​របស់​វា​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តជាតិ​នឹង​កើនឡើង​។

បន្ថែម​ពីលើ​នេះ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា កំណើន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា និង​ឧបករណ៍​អគ្គិសនី និង​គ្រឿង​ម៉ាស៊ីន​នៅ​ទីផ្សារ​អន្តរជាតិ បាន​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​កាន់តែ​ច្រើន​ចូលមក​បើក​រោងចក្រ​នៅ​កម្ពុជា ដែល​ជា​ប្រទេស​សម្បូរ​កម្លាំង​ពលកម្ម មានច្បាប់​វិនិយោគ​ល្អ​មាន​ទីផ្សារ​ធំ​ទូលាយ និង​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ពី​ប្រទេស​ធំៗ​មួយចំនួន​។

លោក​បន្ថែម​ថា វិបត្តិ​ពិភពលោក​ដែល​បណ្តាល​ពី​ជំងឺ​កូវីដ​ ១៩ និង​អស្ថិរភាព​ក្នុង​តំបន់​អឺរ៉ុប ក៏បាន​ជំរុញ​ឱ្យ​ការផលិត និង​នាំចេញ​កើនឡើង​ ១ ​ផ្នែក​ផងដែរ​។

លោក​បន្តថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រែក្លាយ​ខ្លួន​បន្តិច​ម្តងៗ​ទៅជា​កន្លែង​ផលិត​ទំនិញ​កាន់តែ​ច្រើន​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ ដោយ​រាប់​ចាប់តាំងពី​ផលិតផល​វាយនភណ្ឌ កសិកម្ម និង​គ្រឿងចក្រ គ្រឿងអគ្គិសនី និង​អេឡិចត្រូនិក ជាដើម​។

លោក​និយាយថា​៖ «​នៅពេល​ការនាំចេញ​កាន់តែ​កើនឡើង​វា​គឺជា​រឿង​ដ៏ល្អ​ សម្រាប់​សេដ្ឋកិច្ច​ប៉ុន្តែ​អ្វីដែល​យើង​គួរ​ចាប់​អារម្មណ៍​នោះ គឺ​ការនាំចេញ​របស់​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​ចម្រុះ និង​មាន​បរិមាណ​កាន់តែ​ច្រើន​។ នេះ​គឺជា​ការធ្វើ​ពិពិធកម្ម​ផ្នែក​នាំចេញ​របស់​កម្ពុជា​»​។

បើតាម​អគ្គនាយកដ្ឋាន​គយ​ក្នុង​ឆ្នាំ​ ២០២១ ការនាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​ភាគ​របស់​វា មាន​តម្លៃ​សរុប ១ ០៨១ ​លាន​ដុល្លារ​កើនឡើង ៤១,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២០ ដែលមាន​ចំនួន ៧៦២,៤៧ លាន​ដុល្លារ​៕