The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គយ​ប្រមូល​បាន​ប្រាក់​ជិត $២០ លាន​ពី​ការ​បង់​ពន្ធ​រថយន្ត​ចង្កូត​ស្តាំ

គយ​ប្រមូល​បាន​ប្រាក់​ជិត $២០ លាន​ពី​ការ​បង់​ពន្ធ​រថយន្ត​ចង្កូត​ស្តាំ

Content image - Phnom Penh Post
ធ​រថយន្ត​ចង្កូត​ស្តាំ ចតនៅតាមបណ្ដោយផ្លូវ ២០០៤ កាលពីថ្ងៃទី ២១ ខែសីហា។ ហេង ជីវ័ន

គយ​ប្រមូល​បាន​ប្រាក់​ជិត $២០ លាន​ពី​ការ​បង់​ពន្ធ​រថយន្ត​ចង្កូត​ស្តាំ

ភ្នំពេញៈ កម្ពុជា​ប្រមូល​ចំណូល​ពន្ធគយ​បាន​ជិត ២០ ​លាន​ដុល្លារ​ពី​ការ​បង់​ពន្ធ​ (ដំណាក់​កាលទី​២) របស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់​​ក្នុង​ប្រទេស​ ខណៈ​ជាង​ ៩០ ​ភាគរយ​នៃ​រថយន្ត​ទាំង​នោះ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ ដែល​មាន​ឆ្នាំ​ផលិត​លើស​ពី ១០ ​ឆ្នាំ​ឡើង​។ នេះ​បើ​យោង​តាម​លោក គុណ ញឹម ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​​រៀបចំ​នៅ​ទីចាត់ការ​កណ្តាល​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​បង្ហាញ​លទ្ធផល​ការងារ​ប្រមូល​ពន្ធ​អាករ​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស ដែល​ជា​ការ​អនុញ្ញាត​លើក​ចុងក្រោយ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ម្ចាស់​ឱ្យ​រថយន្ត​ចង្កូត​ស្តាំ​គ្រប់​ប្រភេទ​បង់​ពន្ធ និង​អាករ ដោយ​មិន​តម្រូវ​ឱ្យ​កែ​ចង្កូត កាល​ពីថ្ងៃ​ទី​ ៥ ខែ​តុលា លោក គុណ ញឹម បាន​ឱ្យ​ដឹង​ថា នៅក្នុង​អំឡុងពេល​នៃ​​ការ​ផ្តល់​ភាព​អនុគ្រោះ​​លើក​ចុងក្រោយ​ដែល​មាន​រយៈពេល ៣ ​ខែ​ (ថ្ងៃទី ៧​ កក្កដា ថ្ងៃ​ទី​ ៧ តុលា) ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ សង្កេត​ឃើញ​មាន​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​កំពុង​មាន​ស្រាប់​​ជា​ច្រើន​បាន​នាំ​គ្នា​មក​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ឱ្យ​បាន​មុន​ថ្ងៃ​​ឱសាន​វាទ​ចុង​ក្រោយ។

លោក​បន្ត​ថា ​សម្រាប់​ការ​អនុវត្ត​យុទ្ធនាការ​ការ​ប្រមូល​ចំណូល​ពន្ធ​ពី​រថយន្ត​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់​​ក្នុង​ស្រុក​ ៩ ៨១៤ ​គ្រឿង គឺ​មាន​រថយន្ត​ប្រមាណ​ជិត​ ៦ ០០០ ​គ្រឿង​ហើយ​ដែល​​បាន​ចូល​មក​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​រួច​រាល់​​។

លោក​ថ្លែង​ថា៖​ «គិត​ត្រឹម​​ម្សិលមិញ​ (ថ្ងៃ​ទី​ ៤ ខែ​តុលា) ​រថយន្ត​ចង្កូត​ស្តាំ​ដែល​ម្ចាស់​បាន​មក​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ គឺ​មាន​ចំនួន​ ៥ ៩៧៦​ គ្រឿង។ ​យើង​ប្រមូល​ប្រាក់​ពន្ធ​ និង​អាករ​ បាន​ប្រមាណ ១៩,៧៣ ​លាន​ដុល្លារ​ (នៅ​ដំណាក់កាល​ទី​២)»។ ទោះ​យ៉ាងណា​​នៅ​មាន​រថយន្ត​នៅ​សេសសល់​មួយ​ចំនួន​ទៀត​​​មិនទាន់​បាន​ចុះ​បង់​ពន្ធ គឺ​ជិត​ ៤ ពាន់​គ្រឿង​»។

ទាក់ទង​នឹង​ចំណូល​ពន្ធ​ដែល​អគ្គនាយកដ្ឋាន​គយ​ប្រមូល​បាន​ខាង​លើ​ លោក គុណ ញឹម បញ្ជាក់​ថា ចំនួន​​ប្រាក់​ដែល​ប្រមូល​បាន​ក្នុង​យុទ្ធនាការ​នេះ​ គឺ​មាន​កម្រិត​ទាប គឺ​ដោយសារ​តែ​​ជាង ៩០ ​ភាគរយ​នៃ​រថយន្ត​ចង្កូត​ស្តាំ​​ដែល​មក​បង់​ពន្ធ​ជា​ប្រភេទ​រថយន្ត​ដឹកដី ដឹក​ខ្សាច់ ថ្ម ដែល​មាន​ឆ្នាំ​ផលិត​ទាប ហើយ​ស្ថិត​ក្នុង​អត្រា​ពន្ធ​នាំ​ចូល​ទាប ខុស​ពី​ប្រភេទ​រថយន្ត​ទេសចរណ៍ ដែល​មាន​អត្រា​ពន្ធ​នាំ​ចូល​ខ្ពស់​។

លោក​និយាយ​ថា៖​ «​រថយន្ត​កាន់​តែ​ចាស់ អត្រា​គិត​ពន្ធ​នឹង​កាន់​តែ​ទាប។ ទោះ​យ៉ាង​ណា​ចំណូល​ពន្ធ​នេះ គឺ​ផ្នែក​មួយ​នៃ​ការ​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​ក្នុងការ​កៀរគរ​ចំណូល​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ»។

យោង​តាម​លោក គុណ ញឹម គិត​មក​ដល់​ត្រឹម​​ព្រឹក​ថ្ងៃ​ទី​ ៥ ខែ​តុលា មាន​នៅ​សល់​រថយន្ត​ចង្កូត​ស្តាំ​ដែល​បាន​ចុះ​បញ្ជី​ប្រមាណ ៣ ៨៣៨ ​គ្រឿង​មិន​ទាន់​បាន​មក​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ ខណៈ​ឱសានវាទ​នៃ​ការ​បង់​ពន្ធ​នឹង​មក​​ដល់​ក្នុង​ថ្ងៃ​ទី​ ៨ ខែ​តុលា នេះ​។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ថា វិធានការ​ប្រមូល​ពន្ធ​ពី​រថយន្ត​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ស្រុក​​ គឺ​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​អ្វី​ដែល​បាន​ធ្វើ​នា​ពេល​កន្លង​មក​ (ការ​នាំចូល​ខុសច្បាប់​)​។ លោក​បន្ថែម​ថា ទោះយ៉ាងណា​ចំណូល​នេះ​ក៏​​ជា​ចំណែក​មួយ​ដែល​នឹង​ត្រូវ​យក​ទៅ​​ប្រើ​ប្រាស់​ដោយ​រដ្ឋាភិបាល​ដើម្បី​ទៅ​អភិវឌ្ឍ​ប្រទេស។

លោក​​បញ្ជាក់​ថា៖​ «​នេះ​ជា​ការ​ធ្វើ​កំណែទម្រង់​មួយ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​ផ្នែក​ពាក់ព័ន្ធ​អនុវត្ត​ឆកល្វែង​នាពេល​កន្លង​មក។ ចំណូល​​នេះ គឺ​មិនមែន​ជា​ចំណូល​ដែល​មាន​ជា​បន្តបន្ទាប់​ទៀត​នោះ​ទេ​»។

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឱ្យ​មាន​ការ​ប្រមូល​ពន្ធ​អាករ​លើ​រថយន្ត​​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ជ្រក​ក្រោម​ស្លាកលេខ​ផ្សេងៗ​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​ ២០២១ និង​បញ្ចប់​ត្រឹម​ថ្ងៃទី​ ៣០ ខែ​មិថុនា ឆ្នាំ​ ២០២២។ នៅ​ក្នុង​ដំណាក់​កាល​នោះ (ពី​ខែ​កញ្ញា ដល់​ថ្ងៃទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០២១) រថយន្ត​ទាំង​​អស់​ (ចង្កូត​ឆ្វេង និង​ស្តាំ) ​ដែល​មក​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ត្រូវ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ ១០ ​ភាគរយ ប៉ុន្តែ​លក្ខខណ្ឌ​សម្រាប់​រថយន្ត​ចង្កូត​ស្តាំ គឺ​ត្រូវ​កែ​ចង្កូត​មក​ឆ្វេង​​។

ទោះ​ជា​យ៉ាង​ណា​បន្ទាប់​ពី​ផុត​ឱសានវាទ​ខាង​លើ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃទី​ ៦ ខែ​កក្កដា ឆ្នាំ​ ២០២២ បាន​សម្រេច​អនុញ្ញាត​ឱ្យ​រថយន្ត​ចង្កូត​ស្ដាំ​អត់​ពន្ធ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស (ដំណាក់កាល​ពី​២)​ អាច​ចូល​បង់​ពន្ធ​បាន​ដោយ​មិន​ចាំបាច់​ប្ដូរ​ចង្កូត​ពី​ស្តាំ​ទៅ​ឆ្វេង​នោះ​ទេ។

ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​តម្រូវ​​ឱ្យ​មក​ចុះ​បញ្ជី​ជា​រថយន្ត​មាន​ស្រាប់​ក្នុង​​ប្រទេស ត្រឹម​ថ្ងៃទី​ ៣១ ខែ​កក្កដា ឆ្នាំ​​ ២០២២ បន្ទាប់ពី​បាន​ចុះ​បញ្ជី​រួច អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទុក​ពេល​រហូតឱ្យ​ដល់​ថ្ងៃទី​ ៨ ខែ​តុលា ឆ្នាំ ២០២២ ដើម្បី​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ។ រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​បាន​មក​​​ចុះ​បញ្ជី​មាន​ចំនួន​ជិត​ ១ ​ម៉ឺន​គ្រឿង។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កន្លង​មក គឺ​ចាប់​ពី​ក្រោយ​ថ្ងៃទី​ ៨ ខែ​តុលា ឆ្នាំ​ ២០២២ រថយន្ត​ចង្កូត​ស្ដាំ​ចុះ​បញ្ជី​រួច ដែល​ពុំបាន​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ គឺជា​មុខ​សញ្ញា​នៃ​ការ​បង្ក្រាប​រឹបអូស ដោះ​ជា​គ្រឿង​បន្លាស់ ឬ​កម្ទេច​ចោល​ទៅ​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន។

ទាក់ទង​​បញ្ហា​នេះ​លោក គុណ ញឹម បាន​លើក​ឡើង​​ថា ដោយសារ​នៅ​ថ្ងៃទី​ ៨ ខែ​តុលា ខាង​មុខ​ឱសានវាទ​នៃ​ការ​បិទ​បញ្ចប់​ការ​​បង់​ពន្ធ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់​នឹង​មក​ដល់ ដូច្នេះ​បន្ទាប់​ពី​កាល​បរិច្ឆេទ​ខាង​លើ​ផុត​ទៅ​រថយន្ត​​មិន​ទាន់​បង់​ពន្ធ​ទាំងអស់​នឹង​ក្លាយ​ទៅជា​ទំនិញ​ខុស​ច្បាប់។

លោក​បញ្ជាក់​ថា៖​ «​សម្រាប់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បើ​ផុត​ពី​ឱសានវាទ​ខាង​លើ​​​ទៅ គឺ​គ្មាន​ជម្រើស​ឡើយ ទោះ​ចង់​មក​បង់​ពន្ធ និង​ឱ្យ​ពិន័យ​ប៉ុន្មាន​​ក៏​ធ្វើ​មិន​កើត ព្រោះ​មិនមាន​ច្បាប់​ ហើយ​ក៏​មិន​មាន​គោលការណ៍​ (គោលការណ៍​ចប់)​»។

ទោះ​យ៉ាងណា​ លោក​និយាយ​ថា៖​ «​យើង​បាន​ពិភាក្សា​គ្នា​ (ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​គយ) ដើម្បី​លើក​​សំណើ​សុំ​ពន្យារ​ពេល​ជូន​ដល់​ម្ចាស់​រថយន្ត​​ចង្កូត​ស្តាំ​ដែល​នៅ​សេសសល់​​ជាង​ ៣ ​ពាន់​គ្រឿង​ដើម្បី​ឱ្យ​ស្វះស្វែង​រក​ថវិកា​មក​បង់​ពន្ធ​។ នេះ​គឺ​សម្រាប់​តែ​រថយន្ត​ដែល​បាន​ចុះ​បញ្ជី​ប៉ុណ្ណោះ​»៕

អត្ថបទគួរចាប់អារម្មណ៍