ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា ក្នុង​បរិការណ៍​ដែល​ការ​គ្រប់គ្រង​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​ពិភពលោក​ទទួល​ស្គាល់​ថា​មាន​ប្រសិទ្ធភាព​ល្អ​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ព្យាយាម​ប្រែក្លាយ​វិបត្តិ​នេះ​ឱ្យ​ក្លាយជា​កាលានុវត្តភាព​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​តាមរយៈ​ការ​ពន្លឿន​ការ​កែទម្រង់​ស៊ីជម្រៅ ការលើក​កម្ពស់​បរិយាកាស​ធុរកិច្ច និង​ការពង្រឹង​ភាព​ប្រកួត​ប្រជែង។​

​នេះ​ជាការ​លើកឡើង​នៅក្នុង​ពិធី​បើក​សន្និសីទ​ស្តីពី «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២២» ដែល​រៀបចំ​នៅ​សណ្ឋាគារ​សុខា​ ភ្នំពេញ កាលពី​ថ្ងៃទី ៦ ខែ​តុលា ក្រោម​មូលបទ «​ការស្តារ​កម្ពុជា​ឡើងវិញ​៖ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ ១៩» ដែល​ជា​វេទិកា​ដ៏មាន​សារៈសំខាន់​ប្រមូលផ្តុំ​អ្នកជំនាញ​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ធ្វើជា​ធាតុ​ចូល​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម និង​ស្វែងរក​កាលានុវត្តភាព​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។​

​លោក​បាន​ថ្លែងថា រយៈពេល​ជាង ២ ទសវត្សរ៍​មុនពេល​មានការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ កម្ពុជា​សម្រេច​បាន​អត្រា​កំណើន​ជាង ៧ ភាគរយ​ក្នុង ១ ឆ្នាំ ដែល​ការណ៍​នេះ​ធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​ពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាល​ពី​ក្នុង​ឆ្នាំ ២០១៥។ ជាមួយ​សមិទ្ធផល​ដ៏ត្រចះ​ត្រចង់​នេះ រដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៥០​។ ទោះយ៉ាង​ណា ការ​ផ្ទុះឡើង​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​ដំណើរ​ឆ្ពោះ​ទៅរក​ការ​សម្រេច​ចក្ខុវិស័យ​ទាំងនេះ​អាច​ជួបនឹង​ការ​រាំងស្ទះ។

​លោក​បាន​បន្ថែមថា ក្រៅពី​វិបត្តិ​នេះ ពិភពលោក​ពេលបច្ចុប្បន្ន​ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​ដូចជា បញ្ហា​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈបញ្ហា​អតិផរណា និង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​ដាក់​សម្ពាធ​ទៅលើ​ជីវភាព​របស់​ប្រជាជន ពិសេស​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ។​

​លោក​បញ្ជាក់ថា​៖ «​កម្ពុជា​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ឈាន​មុខ​មួយ​ដែល​គ្រប់គ្រង និង​ងើប​ចេញពី​វិបត្តិ​កូវីដ ១៩ បាន​យ៉ាង​ល្អប្រសើរ​។ ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល បាន​និង​កំពុង​ព្យាយាម​ប្រែក្លាយ​វិបត្តិ​ឱ្យទៅ​ជា​កាលានុវត្តភាព​តាមរយៈ​ការ​ពន្លឿន​ការ​កែទម្រង់​ស៊ីជម្រៅ ដើម្បី​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា»។​

​រដ្ឋាភិបាល​កម្ពុជា កាលពី​ខែ​តុលា ឆ្នាំ ២០២១ បានប្រកាស​ដាក់ចេញ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែល​ច្បាប់​ថ្មី​នេះ​បាន​ផ្តល់​ការ​លើក​ទឹកចិត្ត ការការពារ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​អ្នក​បណ្តាក់ទុន​នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ​រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ និង​កំពុង​ជំរុញ​ការអនុវត្ត​ឯកសារ​គោល​នយោបាយ​យុទ្ធសាស្ត្រ និង​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​កាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និង​ប្រសិទ្ធភាព​ថាមពល​ផងដែរ។​

​លោក​អះអាងថា​៖ «​សម្រាប់​ទិសដៅ​ទៅមុខ ក្នុង​បរិការណ៍​ដែល​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ និង​ភាព​មិន​ប្រាកដប្រជា​ខ្ពស់​រដ្ឋាភិបាល​នឹង​ផ្តល់​អាទិភាព​ដល់​ការកសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ជាតិ ដូច​បាន​កំណត់​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយនឹង​ជំងឺ​កូវីដ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣»។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) លោក ម៉ី កល្យាណ បាន​ឱ្យដឹង​ថា ការ​ចូលរួម​ផ្តល់​អនុសាសន៍​គន្លឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​វិទ្យាស្ថាន CDRI ក្នុងការ​រៀបចំ​គោលការណ៍​សិក្សា​ស្រាវជ្រាវ និង​វិភាគ ដើម្បី​រួម​ចំណែក​កសាង​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​របស់​វិទ្យាស្ថាន ក៏ដូចជា​ប្រទេស​ដែរ​។ បច្ចុប្បន្ន CDRI ក៏​កំពុង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន ស្ថានទូត​បរទេស ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ឯកជន ជាដើម។​

​លោក​ថ្លែងថា​៖ «​យើង​រំពឹងថា​សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២២» នឹង​ទទួល​បាន​ធាតុ​ចូល និង​អនុសាសន៍​នយោបាយ​សំខាន់ៗ​តាមរយៈ​ការ​សម្របសម្រួល​បំផុសគំនិត និង​ការធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ជាតិ​-អន្តរជាតិ ក៏ដូចជា​លទ្ធផល​ពី​ការពិភាក្សា​ពេញអង្គ​នៃ​វគ្គ​នីមួយៗ​ដើម្បី​ចូលរួម​ដល់​ការកសាង​គោល​នយោបាយ​/​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​ការស្តារ និង​ជំរុញ​សេដ្ឋកិច្ច​។ សន្និសីទ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២២» នឹង​ក្លាយជា​ឱកាស​ក្នុងការ​ចែករំលែក​ធាតុ​ចូល បទពិសោធ និង​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​កូវីដ ១៩ ផងដែរ»។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សន្និសីទ​ស្តីពី «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២២» គឺជា​វេទិកា​ដែល​នឹង​ផ្តល់នូវ​គំនិត​ថ្មីៗ​បន្ថែម​ទៅដល់​រដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឱ្យ​រីកចម្រើន​កាន់តែ​ឆាប់ ខណៈ​ផ្នែក​ឯកជន​ក៏មាន​វេទិកា​របស់​ខ្លួន​ក្នុង​ការជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​ដើម្បី​រួមគ្នា​បង្កើត​គោលដៅ និង​យុទ្ធសាស្ត្រ​ថ្មីៗ​ផងដែរ​។ លោក​បន្តថា ជាមួយ​នឹង​អ្វីដែល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​នៅ​ពេលនេះ លោក​គិតថា សម្ទុះ​នៃ​ការ​អភិវឌ្ឍ​ចាប់ពី​ឆ្នាំ ២០២៣ នឹងមាន​ភាព​កាន់តែ​ប្រសើរ។​

​លោក​និយាយថា​៖ «​បើសិន​រាជរដ្ឋាភិបាល​មាន​នយោបាយ និង​យុទ្ធសាស្ត្រ​កាន់តែ​ប្រសើរ​នោះ ក្តី​បំណង​ក្នុង​ការនាំ​ប្រទេស​ឱ្យ​ក្លាយ​ទៅជា​ប្រទេស​រីកចម្រើន​នឹង​ឆាប់​លេច​ចេញ​ជា​រូបរាង​មិនខាន»៕​