ភ្នំពេញៈ ក្រុមហ៊ុន ​ហ្គោលដេន ទ្រី ​(Golden Tree)​ នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ក្នុង​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា ​(CSX) លើ​ការបោះ​ផ្សាយ​សញ្ញាបណ្ណ​បៃតង​នៅ​កម្ពុជា ដោយ​គ្រោង​ធ្វើការ​កៀរគរ​មូលនិធិ​ប្រមាណ ៣ ​លាន​ដុល្លារ​ពី​ការបោះ​ផ្សាយ​នេះ ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ មន្ត្រី​អះអាង​ថា ការបោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​នេះ​គឺជា​ការរួមចំណែក​របស់​វិស័យ​ឯកជន​ជាមួយ​រដ្ឋាភិបាល​ដែល​ប្តេជ្ញា​លើ​ការកាត់បន្ថយ​ឧស្ម័ន​កាបូន​ជា​សកល​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CSX កាលពី​ថ្ងៃទី ​៥ ខែតុលា CSX បាន​ឯកភាព​ជាគោលការណ៍​លើ​ពាក្យ​ស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូលបត្រ​បំណុល (​សញ្ញា​បណ្ណ​បៃតង​) ​របស់​ក្រុមហ៊ុន​ ដើម្បី​អាច​ចុះបញ្ជី និង​ជួញដូរ​ជា​ផ្លូវការ​នៅ​ផ្សារមូលបត្រ​កម្ពុជា នៅពេល​ដែល​ក្រុមហ៊ុន​ទទួល​ការអនុញ្ញាត​ឱ្យ​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ពី​និយតករ​មូលបត្រ​កម្ពុជា និង​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​នៅ CSX​។

អគ្គនាយក CSX លោក ហុង សុហួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​៦ ខែតុលា​ថា ការបោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​នឹង​ធ្វើ​ឡើង​ដូច​ការបោះ​ផ្សាយ​សញ្ញាបណ្ណ​ធម្មតា​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​បោះផ្សាយ​គឺ​ទាមទារ​អនុលោម​គោរព​លើ​ការវិនិយោគ​ ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​ការប៉ះពាល់​អាកាសធាតុ​។

លោក​ថ្លែង​ថា​៖ «​យើង​សង្កេតឃើញ​ថា ក្រុមហ៊ុន​ចាប់ផ្តើម​លើ​ការវិនិយោគ​ទាំងឡាយ​ណា​មិន​ប៉ះពាល់​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​ហ្គោលដេន​ទ្រី និង​ក្រុមហ៊ុន​មួយចំនួន​ទៀត​បាន​ស្វះស្វែង​រក​ការបញ្ជាក់​ពី​អ្នក​ជំនាញ​មកពី​ភាគី​ឯករាជ្យ​ដូចជា​មកពី​ស្ថាប័ន​អន្តរជាតិ ឬ​ធនាគារ​ពិភពលោក​ជាដើម​»​។

លោក​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​គ្រោង​កៀរគរ​ប្រាក់​ប្រមាណ ៣​ លាន​ដុល្លារ​ សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​ជាមួយ​អត្រា​ការប្រាក់ ៧ ​ភាគរយ​។ ខ្ញុំ​យល់ថា មូលបត្រ​នេះ​អាច​ពិសេស​ជាង​មូលបត្រ​មុនៗ​ត្រង់​ថា​គាត់​នឹង​បើក​ទទួល​ការវិនិយោគ​របស់​វិនិយោគិន​ជា​បុគ្គល​ដែរ នេះ​គឺជា​លក្ខណពិសេស​របស់​ក្រុមហ៊ុន ដូច្នេះ​វិនិយោគិន​បុគ្គល​ដែល​ចង់​វិនិយោគ គឺ​អាច​ចូលរួម​បាន​»​។

អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា លោក ស៊ូ សុជាតិ បាន​និយាយ​ថា ការជូន​ដំណឹង​នេះ​ជាការ​បង្ហាញ​ជូន​សាធារណជន​ថា ទីផ្សារ​មូលបត្រ​យើង​បាន​ពិនិត្យ​លទ្ធភាព​ថា ក្រុមហ៊ុន​ហ្គោលដេន ទ្រី មាន​លទ្ធភាព​ចុះបញ្ជី​។

លើសពីនេះ វា​ក៏​ជា​ការ​បញ្ជាក់ថា សញ្ញា​បណ្ណ​ពេល​នេះ​គឺជា​សញ្ញា​បណ្ណ​បៃតង​ដែលមាន​ការបញ្ជាក់​ពី​អ្នកវាយតម្លៃ​ជំនាញ​ដែលជា​ជំនួយ​របស់ ADB ដែល​គាត់​ផ្តល់ជំនួយ​ដើម្បីឱ្យ​អ្នកជំនាញ​មក​វាយតម្លៃ​ថា វា​ពិតជា​សញ្ញា​បណ្ណ​ដែល​មាន​លក្ខណៈ​បៃតង​ស្របតាម​បទដ្ឋាន​អាស៊ាន​ ដូច្នេះ​ហើយ​វា​ជា​ប្រភេទ​សញ្ញា​បណ្ណ​បៃតង​ទី​ ១ ​ដែល​ស្ថិត​នៅ​ក្រោម​បទដ្ឋាន​អាស៊ាន​។

លោក​ថ្លែង​ថា​៖ «​នៅពេល​នេះ​ក្រុមហ៊ុន គឺ​ស្ថិត​ក្នុង​នីតិវិធី​បន្តទៀត​សិន​។ ក្រុមហ៊ុន​ត្រូវការ​អនុម័ត​ពី​និយតករ​មូលបត្រ​កម្ពុជា​តាមរយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ (​អ.ស.ហ​)»​។

បើ​យោងតាម​លោក សុហួរ សម្រាប់​ពេលនេះ​ក្រុមហ៊ុន​ត្រូវ​បំពេញ​លក្ខខណ្ឌ​ជាមួយ​និយតករ​មូលបត្រ​កម្ពុជា ដូច្នេះ​អាស្រ័យ​លើ​និយតករ​មូលបត្រ​កម្ពុជា បើ​គាត់​បាន​ដំណើរការ​នីតិវិធី​លឿន ដូច្នេះ​ការចុះបញ្ជី​ក៏​អាច​នឹង​កើតឡើង​ឆាប់ៗ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​៕