តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់ចុះ​ជិត ៤០% ចាប់​តាំងពី​ខែ​មិថុនា ដោយសារ​វិនិយោគិន​មាន​ការ​ព្រួយបារម្ភ​លើ​ការផ្គត់ផ្គង់ និង​តម្រូវការ រួមទាំង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក ការដំឡើង​អត្រា​ការប្រាក់​​ដ៏ខ្លាំងក្លា​របស់​សហរដ្ឋអាមេរិក និង​គោលនយោបាយ​គ្មាន​ជំងឺ​កូវីដ​របស់​ប្រទេស​ចិន​។

យោងតាម​កម្មវិធី MT5 នៅ​ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ប្រេងឆៅ​បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់​នៅ​ខែ​មិថុនា ១២៣,៦៥ ដល់​កម្រិត​ទាប​នៅ​ខែ​កញ្ញា ៧៦,២៥ ​ដុល្លារ​ក្នុង​ ១​ បារ៉ែល​។ សប្តាហ៍​នេះ ប្រេង​ត្រូវ​បាន​ជួញដូរ​នៅ​កម្រិត​ខ្ពស់​កាលពី​ថ្ងៃ​ពុធ គឺ ៨៨ ​ដុល្លារ​។ ការកើនឡើង​បាន​ចាប់ផ្តើម​នៅពេល​ដែល​អង្គការ OPEC+ បានផ្តល់​សញ្ញា​កាត់បន្ថយ​ការផលិត​ដ៏ធំ ពោល​ច្រើនជាង ១ ​លាន​បារ៉ែល​ក្នុង ១ ​ថ្ងៃ​។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ អង្គការ OPEC និង​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ពុធ ក្នុង​ការកាត់បន្ថយ​ទិន្នផល​ប្រេង​ចំនួន ២ ​លាន​បារ៉ែល​ក្នុង​ ១​ ថ្ងៃ ដែលជា​ការផ្លាស់ប្តូរ​មួយ ដែល​អាច​ជំរុញ​ឱ្យ​តម្លៃ​ថាមពល​សកល​ខ្ពស់​រួច​ទៅហើយ និង​ជួយ​ឱ្យ​ការនាំចេញ​ប្រេង​របស់​រុស្ស៊ី​សម្រាប់​សង្គ្រាម​របស់ខ្លួន​នៅ​អ៊ុយក្រែន​។ ការកាត់បន្ថយ​ផលិតកម្ម​របស់​អង្គការ OPEC+ គឺ​ឆ្លុះបញ្ចាំង​ពី​វិសាលភាព​ដែល​ក្រុម​នេះ​មាន​ការព្រួយបារម្ភ​អំពី​ទស្សនវិស័យ​ សម្រាប់​តម្រូវ​ការ​ថាមពល​ប្រឈមមុខ​នឹង​គោលនយោបាយ​រូបិយវត្ថុ​ដែល​រឹតបន្តឹង​យ៉ាង​ឆាប់រហ័ស​។

តាម​បច្ចេកទេស តម្លៃ​ប្រេង​បច្ចុប្បន្ន​កំពុង​ជួញដូរ​នៅ​តម្លៃ ៨៧ ​ដុល្លារ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ នៅក្នុង​ទំនោរ​កើនឡើង​ចាប់​តាំងពី​ចុងខែ​កញ្ញា ប្រេងឆៅ​ត្រូវបាន និង​កំពុង​ជួញដូរ​កាន់តែ​ខ្ពស់​ឡើងៗ ហើយ​កំពុង​បង្ហាញ​សញ្ញា​ឡើងថ្លៃ​វិញ​នូវ​កម្រិត​ខ្ពស់​នៅ​ខែកញ្ញា ៩០,១៥ ​ដុល្លារ​។ ដូច្នេះ វិនិយោគិន​អាចដាក់​បញ្ជា​ទិញ​ក្នុង​ចន្លោះ​ពី ៨៥ ទៅ ៨៧ ​ដុល្លារ ដោយ​កំណត់​មុខងារ​បញ្ឈប់​ការខាតបង់​នៅ​តម្លៃ ៨៣​ ដុល្លារ និង​មុខងារ​ទាញ​យក​ប្រាក់ចំណេញ​នៅ​តម្លៃ ៩១,៥០​ ដុល្លារ​ក្នុង ១ ​បារ៉ែល​៕