
បុរសម្នាក់ធាក់ស៊ីក្លូដឹកភ្ញៀវឆ្លងកាត់ស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីឆ្នាំ ២០២០។ ហុង មិនា
ភ្នំពេញៈ វិនិយោគិនកម្ពុជា បានឈរមុខគេក្នុងការបញ្ចេញទុនវិនិយោគនៅកម្ពុជា ដោយក្នុងទំហំទឹកប្រាក់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តប្រមាណជាង ៣,៤៥ ពាន់លានដុល្លារក្នុងរយៈពេល ៣ ត្រីមាសដំបូងឆ្នាំ ២០២២ គឺការបណ្តាក់ទុនរបស់អ្នកនៅក្នុងស្រុកមានរហូតដល់ជាងពាក់កណ្តាល ខណៈវិនិយោគមកពីប្រទេសចិន ឈរនៅលេខ ២។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ចាប់ពីខែមករា-កញ្ញា ឆ្នាំ ២០២២ CDC បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១៥០ ដែលមានទុនវិនិយោគសរុប ៣ ៤៥៩,៥៨ លានដុល្លារបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ គឺចំនួនគម្រោងវិនិយោគកើនឡើង ១៦ និងទុនវិនិយោគកើនប្រមាណ ១០១ លានដុល្លារ។
ក្នុងចំណោមទុនវិនិយោគសរុបដែល CDC យល់ព្រមអនុម័ត គឺទុនរបស់វិនិយោគិនកម្ពុជា មានចំណែក ៥០,៩៤ ភាគរយ, វិនិយោគិនមកពីប្រទេសចិន ចំនួន ៤៣,៩៨ ភាគរយ, ថៃ ១,២៧ ភាគរយ, ជប៉ុន ១,១៤ ភាគរយ និងក្រៅពីនោះមានដូចជា Cayman Islands, សាម័រ, កូរ៉េ, British Virgin Islands, សិង្ហបុរី, ម៉ាឡេស៊ី និងអូស្ត្រាលី។
បើយោងតាម CDC នៅក្នុងចំនួនទឹកប្រាក់ ៣ ៤៥៩,៥៨ លានដុល្លារនោះ គឺការបណ្តាក់ទុនក្នុងវិស័យឧស្សាហកម្មមានចំនួន ១៣២ គម្រោង ស្មើនឹងទុនវិនិយោគ ១ ៣៩៩,៣ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៨ គម្រោង ទុនវិនិយោគ ចំនួន ១ ៧៩១,១៥ លានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៧ គម្រោង ទុនវិនិយោគ ១០៤,៨៧ លានដុល្លារ, និងវិស័យទេសចរណ៍ មាន ៣ គម្រោង មានទឹកប្រាក់ ១៦៤,២៥ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែតុលាថា កត្តាចម្បងមួយចំនួនដែលធ្វើឱ្យអ្នកវិនិយោគនៅក្នុងស្រុកបញ្ចេញទុន គឺទំនុកចិត្តទៅលើគោលនយោបាយរដ្ឋាភិបាលដែលបានដាក់ចេញ និងកត្តាទីផ្សារនាំចេញដែលទំនិញកម្ពុជាអាចនាំចេញទៅលក់នៅប្រទេសជាច្រើនក្រោមលក្ខខណ្ឌពិសេសផ្នែកពន្ធគយ (តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខា)។
លោកថ្លែងថា៖ «ការបណ្តាក់ទុនពីសំណាក់វិនិយោគិនក្នុងស្រុក នឹងផ្តល់ភាពវិជ្ជមានច្រើនសម្រាប់អ្នកនៅក្នុងស្រុកតាមរយៈការប្រើប្រាស់ទុនក្នុងស្រុក និងបង្កើតការងារ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាននិយាយថា កំណើនការវិនិយោគក្នុងស្រុក មានន័យថា កំណើនសេដ្ឋកិច្ចក្នុងស្រុកមានសម្ទុះល្អប្រសើរ ដែលនេះគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការវិនិយោគក្នុងស្រុកក៏មានន័យថា ប្រាក់ចំណេញពីការវិនិយោគនឹងត្រូវប្រើប្រាស់ក្នុងរង្វង់សេដ្ឋកិច្ចក្នុងស្រុក ដោយខុសពីការវិនិយោគពីក្រៅប្រទេស ដែលប្រាក់ចំណេញភាគច្រើនត្រូវបានគេនាំយកត្រឡប់ទៅវិញ។
លោកបន្តថា ជាធម្មតាការវិនិយោគពីក្រៅប្រទេសអាចមានបញ្ហាប្រឈមច្រើនដោយសារអ្នកវិនិយោគទាំងនោះ គេអាចដកយកទុនទៅវិញភ្លាមៗក្នុងករណីណាមួយ ដែលអាចធ្វើឱ្យប្រទេសកម្ពុជាជួបនឹងការលំបាកទាំងការងារ និងចំណូលសេដ្ឋកិច្ច៕